មន្រ្តីនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច អះអាងជាថ្មីទៀតថា បើទោះជាមកដល់ពេលនេះ តុលាការកំពុងបន្តនីតិវិធីរបស់ខ្លួនទៅតាមបណ្ដឹងរបស់អតីតសមាជិកបក្ស៤រូបដែលត្រូវបានបណ្ដេញពីគណបក្សក៏ដោយចុះ ក៏ករណីនេះមិនអាចធ្វើឱ្យប៉ះពាល់ដល់សេចក្ដីសម្រេចដែលគណបក្សបានអនុម័តរួចទៅហើយនោះទេ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានលើកឡើងនៅថ្ងៃសុក្រនេះថា គណបក្សនៅតែតម្កល់សេចក្ដីសម្រេចរបស់ខ្លួន ក្នុងការបញ្ចប់តួនាទីនិងភារកិច្ចអតីតមន្រ្តីទាំង៤រូបនេះដដែល ព្រោះពួកគេបានប្រព្រឹត្តល្មើសទៅនឹងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងបក្ស។ ចំណែកការបន្តនីតិវិធីនិងការសម្រេចបែបណានៅថ្ងៃខាងមុខទៀតនោះ លោកថា វាជាឆន្ទានុសិទ្ធិរបស់តុលាការប៉ុណ្ណោះ។
លោកបន្តថា៖ «ទាក់ទងរឿងបណ្ដឹងនោះដែរ គណបក្សអត់មានការព្រួយបារម្ភអីទេ ព្រោះជាបណ្ដឹងបុគ្គលដែលបានបញ្ចប់ពីសមាជិកភាពហើយ។ ហើយយើងចាត់ទុកថាជាបណ្ដឹងអត់មានមូលដ្ឋាន ហើយខុសពីការពិត»។
ការបញ្ជាក់ជាថ្មីទៀតនេះធ្វើឡើងបន្ទាប់ពីអតីតសមាជិកគណបក្ស៤រូប រួមមាន លោក ចាប ញ៉ាលីវុធ, លោក ហេង ចាន់ថា, លោក សាយ ហាក់ និងលោក ផាន់ សិទ្ធី បានដាក់ពាក្យបណ្ដឹងទៅតុលាការកាលពីពេលថ្មីៗនេះ ប្រឆាំងការបណ្ដេញពួកខ្លួនចេញពីគណបក្ស និងថាការធ្វើនេះនាំឱ្យប៉ះពាល់ព្រះកិត្តិនាមសម្ដេចក្រុមព្រះ ដែលទ្រង់មិនដឹងអ្វីទាល់តែសោះ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់យ៉ាងខ្លីតាមសារតេឡេក្រាមថា ព្រះរាជអាជ្ញាកំពុងសិក្សាទៅលើអង្គហេតុនៃសំណុំរឿងនេះនៅឡើយ។
លោកបន្តថា៖ «ករណីខាងលើនេះមិនទាន់ជូនព័ត៌មានបាននៅឡើយទេ ដោយហេតុថា តំណាងអយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួននៅឡើយ»។
ព្រះរាជអាជ្ញារង លោក សេង ហៀង កាលពីពេលថ្មីៗនេះ បានចេញដីកាចំនួន៣ដាច់ដោយឡែកពីគ្នា ដោយកោះហៅអនុប្រធានគណបក្ស អគ្គលេខាធិការ និងជំនួយការផ្ទាល់របស់សម្ដេចម្ចាស់ក្សត្រី នរោត្ដម ម៉ារី ឱ្យចូលផ្ដល់សក្ខីកម្ម។
យ៉ាងនេះក្ដី វីអូឌី ក៏មិនអាចស្នើសុំការបំភ្លឺបានភ្លាមៗដែរពីលោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទី នៃគណបក្សហ្វ៊ុនស៊ិនប៉ិច។ តែលោកធ្លាប់ប្រាប់ វីអូឌី ថាការសម្រេចបញ្ចប់រូបលោកនិងមន្រ្តី៣រូបផ្សេងទៀត មិនមែនជាស្មារតីនៃការសម្រេចរបស់សម្ដេចក្រុមព្រះទេ។ លោកថា ការដកក្រុមលោកចេញពីគណបក្សនេះជាទំនាស់ផ្ទៃក្នុងនិងការកាច់កុងគ្នារបស់មនុស្សមួយក្រុមតូចនៅក្នុងគណបក្សនេះតែប៉ុណ្ណោះ។
បើតាមលោក ផាន់ សិទ្ធី លោកនឹងដាក់បណ្ដឹងប្រឆាំងការសម្រេចនេះ ដើម្បីទាមទារភាពស្អាតស្អំរបស់លោកមកវិញ។
លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញលិខិតបដិសេធកាលពីថ្ងៃទី២៧ ខែកញ្ញា ប្រឆាំងទៅនឹងការសម្រេចបណ្ដេញមនុស្ស៤រូបចេញពីបក្ស ក្នុងនោះមានទាំងរូបលោកម្នាក់ផង។ ក្នុងខ្លឹមសារលិខិតនេះបានចាត់ទុកការសម្រេចនោះថាមិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល និងធ្វើឡើងដោយអត្តនោម័តក្នុងការប្រើប្រាស់ត្រា ព្រះហត្តលេខា និងត្រាគណបក្ស ដោយគ្មានការឯកភាពពីសម្ដេចក្រុមព្រះ។
ជាងនេះទៀត លោកថា ស្មារតីនៃការសម្រេចនេះក៏បានបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងលក្ខន្តិកៈគណបក្សត្រង់ជំពូកទី៦ ប្រការ២៤ ថែមទៀតផង។
មូលហេតុនៃការបណ្ដេញចេញ បើតាមលោក ញឿន រ៉ាដែន គឺអ្នកទាំង៤រូបនេះប្រព្រឹត្តខុសលក្ខន្តិកៈគណបក្ស និងម្យ៉ាងទៀត ព្យាយាមចង់រួបរួមគណបក្សក្រោមដំបូលតែមួយ ដោយមិនមានវត្តសម្ដេចក្រុមព្រះ ជាមួយនឹងគណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ឃើញថា ប្រសិនបើគណបក្សរាជានិយមមួយនេះនៅតែបន្តប្រេះឆានិងបែកបាក់ផ្ទៃក្នុងបែបនេះ នឹងពិបាកស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកបន្តថា៖ «បើសិនជាផ្ទៃក្នុងរបស់គណបក្សនេះមិនមានការសហការគ្នាឬក៏ជជែកដោះស្រាយរវាងអ្នកនយោបាយផ្ទៃក្នុងឱ្យបានល្អទេ គឺពិបាកក្នុងការប្រកួតប្រជែងដណ្ដើមប្រជាប្រិយភាពជាមួយគណបក្សផ្សេងណាស់ ជាពិសេស ជាយុទ្ធសាស្រ្តក្នុងការចូលរួមជួយប្រជាពលរដ្ឋហ្នឹងតែម្តង»។
គណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលធ្លាប់ឈ្នះការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ក៏ប៉ុន្តែគណបក្សនេះបានធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់ និងបែកបាក់ផ្ទៃក្នុងជាច្រើនចម្រៀកចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ៕