ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចថ្មីមួយកាលពីថ្ងៃម្សិលមិញ ដោយបញ្ឈប់ការយកវត្ថុសំណាកពីសាកសពអ្នកជំងឺទូទៅមកធ្វើតេស្តរកជំងឺកូវីដ-១៩ទៀតហើយ។
យោងតាមគោលការណ៍ស្តីពី «ការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យនិងផ្ទះ» របស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា បានបញ្ជាក់ថា ការមិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើសាកសពរបស់អ្នកជំងឺទូទៅនេះ ដោយឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានវិសាលភាពធំធេង ដោយសម្រេចបាន៨៥,២២ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ១៦លាននាក់ និងដើម្បីធានាដល់ការបង្ការនិងទប់ស្កាត់ការចម្លងមេរោគផ្សេងៗជាយថាហេតុ។
តែយ៉ាងណា ក្រសួងថា ការគ្រប់គ្រងនិងចាត់ចែងសពអ្នកជំងឺទូទៅនេះត្រូវអនុវត្តតាមវិធានការសុខាភិបាល និងស្របតាមទំនៀមទម្លាប់ប្រពៃណីសាសនា ក្នុងបរិបទកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៧ ៥០០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១២ ៣៨៣នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៧១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៤៧៣នាក់៕