ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ខ្លួន

ប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានបង្កឱ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីប្រធានាធិបតីរូបនេះ ដែលបានថ្លែងនៅក្នុងសុន្ទរកថាមួយថា៖ «បើ​សិនជាមាន​នរណាម្នាក់ត្រូវជាប់ពន្ធនាគារ ម្នាក់នោះហើយគឺជាខ្ញុំ»។

លោក​បន្ថែម​ថា៖ «ខ្ញុំសូម​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងលើករណីនេះ»។

ការថ្លែងរបស់លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ នេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងយុត្តិធម៌ ប្រកាស​ថា នឹងពិនិត្យមើលឡើងវិញពីករណីនៃការស្លាប់បាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរយៈពេល៥ឆ្នាំរបស់លោក ​ឌុយទែរតេ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនបានទទួលរងសម្ពាធពីអង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឃាតកម្មជាប្រព័ន្ធលើជនសង្ស័យគ្រឿងញៀនទាំងឡាយ ខណៈដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីពេលថ្មីៗនេះក៏បានប្រកាសថា ខ្លួននឹងស៊ើបអង្កេតយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ​ឌុយទែរតេ ដែលបានសម្លាប់មនុស្សជាង៦ ០០០ នាក់​ផងដែរ។

ទោះជាយ៉ាងណា លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ ដែលនឹងត្រូវបញ្ចប់អាណត្តិនៅឆ្នាំក្រោយនេះ នៅតែលើក​ឡើងពីការបន្តយុទ្ធនាការរបស់លោក ក្នុងការបង្រ្កាបអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេស ដោយថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវអ្វីដែលខ្ញុំបានលើកឡើងកាលពីពេលកន្លងទៅថា ប្រសិនបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំនិងយុវជន តាមរយៈការផ្ដល់គ្រឿងញៀនដល់ពួកគេ គឺមានន័យថាអ្នកបំផ្លាញអនាគត»។

លោកបន្តថា៖ «ហើយ​បើសិនជាអ្នក​បំផ្លាញប្រទេស​ជាតិ ខ្ញុំ​នឹង​កម្ចាត់អ្នក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ