គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន ដែលរងការចោទប្រកាន់ពីតុលាការពាក់ព័ន្ធការរិះគន់លើស្តូបមិត្តភាពកម្ពុជា-វៀតណាមនោះ បានបង្ហាញឆន្ទៈក្នុងការបន្តនិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាលនិងបញ្ហាសង្គម ដោយលោកថា នេះជាសិទ្ធិរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក យួង សូដា ជាគ្រូបង្រៀននៅក្រុងប៉ៃលិន ប្រាប់ វីអូឌី ថាលោកនៅតែបន្តសកម្មភាព និយាយពីបញ្ហាសង្គមនៅក្នុងបណ្ដាញសង្គមដដែល បើទោះជាលោកកំពុងរងការចោទពីតុលាការក៏ដោយ។ លោកបានអះអាងថា សកម្មភាពរបស់លោកមិនបានធ្វើឱ្យប៉ះពាល់អ្វីទេ ផ្ទុយទៅវិញជាការជួយឆ្លុះបញ្ចាំងការងារដឹកនាំប្រទេសទៅវិញ។
លោកថា ការបន្តនិយាយពីបញ្ហាសង្គមរបស់លោកបែបនេះ គឺកើតចេញពីឆន្ទៈរបស់លោក ហើយវាក៏ជាកាតព្វកិច្ចរបស់ប្រជាជន។ លោកក៏បានជំរុញឱ្យប្រជាជនហ៊ានបញ្ចេញមតិយោបល់លើភាពខ្វះចន្លោះរបស់រដ្ឋាភិបាលផងដែរ។
លោកបន្តទៀតថា៖ «ខ្ញុំក៏ចង់ពង្រឹងទៅដល់ស្មារតីរបស់យុវជន ក៏ដូចជាពលរដ្ឋទូទៅ ព្រោះក្នុងសង្គមយើងបច្ចុប្បន្ន គឺពួកគាត់ខ្លះមិនសូវខ្វល់ខ្វាយពីបញ្ហាសង្គម ហើយអ្នកខ្លះទៀតមិនសូវជាហ៊ាន គាត់បាក់ស្បាត គាត់មិនហ៊ាននៅក្នុងការបញ្ចេញពីគំនិតរបស់គាត់ ទស្សនៈរបស់គាត់»។
លោក យួង សូដា បានបាត់បង់អាជីពជាគ្រូបង្រៀន បន្ទាប់ពីលោកបានគេចខ្លួនពីចំណាត់ការរបស់សាលាដំបូងខេត្តប៉ៃលិន ពាក់ព័ន្ធការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ទៅលើការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅខេត្តប៉ៃលិន។
នៅក្នុងសារបង្ហោះរបស់លោកមានខ្លឹមសារថា «ទំនេរៗជិះកាត់ស្ទឹងតារាប ហើយងាកទៅទិសខាងលិចផង។ ឥលូវនេះ យើងមានស្តូបសឹងគ្រប់ខេត្តក្រុងហើយ ហើយសង្ឃឹមថា ថ្ងៃខាងមុខយើងអាចប្រហែលជាមានទង់ជាតិពីរដូចនៅប្រទេសឡាវដែរ»។
ក្រោយពីបង្ហោះសារនេះ តុលាការកាត់ទោសលោក យួង សូដា ឱ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ប្រព្រឹត្តនៅលើបណ្ដាញសង្គម» ដែលការកាត់ទោសនេះធ្វើឡើងក្នុងសវនាការដោយកំបាំងមុខ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ក្រោយមក អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាស ក្នុងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន រូបនេះ បានប្ដឹងជំទាស់នឹងការកាត់ទោសដោយកំបាំងមុខ ទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ប៉ុន្តែការប្តឹងសារទុក្ខរបស់លោកត្រូវបានសាលាឧទ្ធរណ៍ខេត្តច្រានចោល និងតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងខេត្តប៉ៃលិនទុកជាបានការដដែល កាលពីចុងខែកញ្ញា ឆ្នាំ២០២១នេះ។
លោក យួង សូដា រស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារអស់រយៈពេល១ឆ្នាំមកហើយ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អជ្ញាធរ។ លោកអះអាងថា កំពុងលាក់ខ្លួននៅទីមានសុវត្ថិភាពមួយឆ្ងាយពីខេត្តប៉ៃលិន។ លោកថា ការរស់នៅរបស់លោកមានការខ្វះខាត ដោយសារលោកមិនមានប្រាក់ខែដូចកាលនៅជាគ្រូបង្រៀន ខណៈពេលនេះ លោកក៏មិនអាចចេញទៅប្រកបការងារផ្សេងៗបានដែរ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា អាជ្ញាធរនិងរដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញនូវមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីបែងចែកឱ្យច្បាស់រវាងការបញ្ចេញមតិផ្ទាល់ខ្លួននិងការញុះញង់។
លោកបន្ថែមថា នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិគួរតែត្រូវបានបើកចំហ ហើយចំពោះការបញ្ចេញមតិខ្លះដែលប្រឆាំងឬផ្ទុយពីការដឹកនាំរបស់រដ្ឋាភិបាល មិនមែនសុទ្ធតែមានលក្ខណៈញុះញង់នោះទេ គឺរិះគន់ដើម្បីស្ថាបនាកែលម្អតែប៉ុណ្ណោះ។
លោកបន្តថា៖ «រឿងគាត់ [លោក យួង សូដា] យើងឃើញហើយ តាំងពីគាត់ជជែក បញ្ចេញមតិ តាំងពីអីហ្នឹងមកដល់ឥលូវ មិនទាន់មានរឿងអ្វីកើតឡើងទេ អ៊ីចឹងអាហ្នឹងវាជាបទញុះញង់ឬមិនញុះញង់ ឬក៏គ្រាន់តែជាយោបល់ផ្ទាល់ខ្លួនរបស់គាត់»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តបាត់ដំបង លោកស្រី ទៀង សំបូរ សុំមិនបកស្រាយអ្វីបន្ថែមទេ ដោយលោកស្រីឱ្យទៅមើលសាលដីការបស់សាលាឧទ្ធរណ៍ខេត្តជំនួសវិញ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការនិយាយពីបញ្ហាសង្គមមិនមែនជាបទល្មើសទេ ហើយតុលាការក៏មិនចោទប្រកាន់ទៅលើអ្នកដែលបញ្ចេញមតិទៅលើបញ្ហាសង្គមនោះដែរ។ តែយ៉ាងណា លោកថា ករណីដែលតុលាការចាត់ការឬចោទប្រកាន់ លុះត្រាតែមានបទល្មើសកើតឡើងទាក់ទងទៅនឹងការនិយាយបំផ្លើស ញុះញង់ ការបញ្ចេញមតិដែលប៉ះពាល់ទៅលើសិទ្ធិអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខជាតិ។
លោកបន្ថែមថា ការរត់គេចខ្លួនពីតុលាការបែបនេះមិនមែនជាដំណោះស្រាយមួយដែលល្អនៅក្នុងការការពារខ្លួននោះទេ គឺមានតែការចូលខ្លួនមកបំភ្លឺតែប៉ុណ្ណោះ ទើបជាមធ្យោបាយការពារខ្លួនតាមផ្លូវច្បាប់។
លោកបន្តថា៖ «ការគេចខ្លួនពីនីតិវិធីតុលាការ គឺមិនមែនជាមធ្យោបាយការពារខ្លួននៅក្នុងផ្លូវច្បាប់នោះទេ មានតែការចូលរួម ហើយបង្ហាញសក្ខីកម្មមូលដ្ឋានផ្លូវច្បាប់ឱ្យបានរឹងមាំ ក្នុងការដោះបន្ទុកទៅនឹងការចោទដែលសមត្ថកិច្ចគេមានមូលដ្ឋានភស្តុតាងច្បាស់លាស់ អាហ្នឹងទើបជាមធ្យោបាយតាមផ្លូវច្បាប់នៅក្នុងការការពារខ្លួន»។
តាមអង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ហៅកាត់ថា WJP) ដែលចេញផ្សាយកាលពីសប្ដាហ៍មុន ក្នុងចំណោមការសិក្សាទៅលើ១៣៩ប្រទេស ជាមួយនឹងមនុស្ស១៣៨ ០០០គ្រួសារ អ្នកអនុវត្តច្បាប់និងអ្នកជំនាញ៤ ២០០នាក់បានបង្ហាញថា កម្ពុជា ទទួលបានចំណាត់ថ្នាក់នៅលេខរៀងទី១៣៨ ជាប្រទេសដែលមាននីតិរដ្ឋទាបជាងគេបំផុតនៅឆ្នាំ២០២១នេះ ខណៈវេណេហ្សុយអេឡា ស្ថិតនៅចំណាត់ថ្នាក់លេខ១៣៩, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ ស្ថិតនៅលេខរៀងទី១៣៧ និងអេហ្ស៊ីប នៅលេខរៀងទី១៣៦។
ទោះយ៉ាងណា តំណាងរដ្ឋាភិបាលកម្ពុជាបានច្រានចោលរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោកនេះ ដោយថា មិនមានការសិក្សាច្បាស់លាស់៕