រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ពិធី​អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យាងសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចូលប្រទេសវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ (រូបថត៖ ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

រដ្ឋាភិបាល​កម្ពុជា​នៅព្រឹក​ថ្ងៃទី២៣ ខែតុលានេះ បាន​ធ្វើពិធី​អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​ឱឡារិក​លើកដំបូង​នៅ​ឯវិមាន​សន្តិភាព។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា តំណាង​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក Mikami Masahiro (តំណាងឱ្យអង្គទូត​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស) ធ្វើជា​អធិបតី​នៅ​ក្នុងពិធី​នៅ​ថ្ងៃ​នេះ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី២២ ខែតុលា បាន​ឱ្យដឹង​ថា ពិធី​អបអរសាទរ​នេះ មានការ​ចូលរួម​តំណាង​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ។ ក្រៅពី​នេះ រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការ​បរទេស​បារាំង​លោក Jean-Yves Le Drian និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno L.P. Marsudi តំណាង​ឱ្យ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផ្ញើសារ​អបអរសាទរ​ផងដែរ។

គួរកត់សម្គាល់ថា នេះគឺ​ជាលើកទី១​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​ឱឡារិក។ បន្ថែម​លើនេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ៣០ ០០០ រៀល ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ដោយ​បាន​រំលេច​រូបថត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះឆាយាលក្ខណ៍ របស់​ព្រះ​បរម​រតនា​កោ​ដ្ឋ​ នរោត្ដម​សីហនុ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ