កម្ពុជា​បើក​ឱ្យ​មានការ​ហោះហើរ​ត្រង់​ឡើង​វិញ​ជា​មួយ​ប្រទេស​ចំនួន​៣​ទៀត​​នៅ​​តំបន់​​អាស៊ាន​​បន្ទាប់​ពីថៃ

ភ្ញៀវទេសចរទស្សនាតំបន់អង្គរនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២០។ រូបពីក្រសួងទេសចរណ៍

កម្ពុជា​សម្រេច​បើក​ឱ្យមាន​ការ​ហោះហើរ​ត្រង់​ឡើងវិញ​ជាមួយ​ប្រទេស​ចំនួន៣​ទៀត​​នៅក្នុង​តំបន់អាស៊ាន​បន្ទាប់​ពី​ប្រទេសថៃ រួមមាន ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១​ នេះ​ត​ទៅ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅល្ងាច​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានប្រកាស​លុបចោល​សេចក្តីប្រកាសព័ត៌មាន​របស់ខ្លួន​ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និង​សេចក្តីប្រកាស​ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពី ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើង​ហោះហើរត្រង់​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់​ប្រទេសកម្ពុជា។

បើតាម​ប្រភព​ដដែល ការប្រកាស​លុបចោល​នេះ គឺដើម្បី​ចូលរួម​ចំណែក​ការ​បើក​ដំណើរការឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ជាជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ការស្តារ​ឡើងវិញ​នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នេះ។

យោងតាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីកាល​ពី​ថ្ងៃទី២២ ខែតុលា លោកបាន​ណែនាំ​ឱ្យមានការ​បើក​ទទួល​អ្នកដំណើរ​តាម​ផ្លូវអាកាស​ពី​ប្រទេស​ថៃ​ឡើង​វិញ ដោយមិនចាំបាច់​ឆ្លងកាត់​កា​រធ្វើ​ចត្តាឡីស័ក ដូច​ដែល​រដ្ឋាភិបាល​ក្រុងបាងកក​បាន​ប្រកាស​អនុវត្តបែបនេះ ​សម្រាប់​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា ​និងប្រទេស​ចំនួន​៤៥​ទៀត ចាប់ពី​ដើមខែ​ក្រោយ​នេះ​ទៅ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ទៅក្រសួង​ការបរទេស​ឱ្យពិនិត្យ​មើល​លទ្ធភាព​បើក​ទទួលអ្នក​ដំណើរ​ពីប្រ​ទេសស​មាជិកអាស៊ាន​ដទៃ​ទៀត ដូចជា ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន នេះ ខណៈលោក​ថា បច្ចុប្បន្នកម្ពុជា​មានជើង​ហោះហើរតែ​ពី​ប្រទេស​ចិន សិង្ហបុរី និង​កូរ៉េខាងត្បូង ប៉ុណ្ណោះ។

បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា វិធានការនេះ​ជាជំហាន​បន្ទាប់​មួយ​ក្នុងការ​ត្រៀម​បើកប្រទេស​ឡើងវិញ​ទាំងស្រុង ដែល​លោករំពឹង​ថា នឹងចាប់ផ្ដើម​នៅចុង​ឆ្នាំ២០២១ ដើម្បី​ស្ដារវិស័យ​ទេស​ចរណ៍ ពិសេស​ផ្នែកសេវាកម្ម​និង​សណ្ឋាគារ ស្របពេល​ពលរដ្ឋកម្ពុជា-ថៃ និងពលរដ្ឋ​នៅប្រទេស​ដទៃទៀត​ភាគច្រើនបាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ រួចរាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ