លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានផ្ញើសារអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលានេះ ដោយបានរំលេចឡើងថា កម្ពុជានិងប្រជាពលរដ្ឋខ្មែរអាចទាញយកផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការលើកឡើងរបស់លោក កឹម សុខា នេះ ទំនងជាសំដៅលើផលប្រយោជន៍សេដ្ឋកិច្ច អធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និងដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ តុលានេះ លោក កឹម សុខា បានសរសេរថាជាទូទៅមនុស្សជំនាន់ផ្សេងគ្នា មាននិន្នាការផ្សេងគ្នា អាចឲ្យតម្លៃ ឬ មិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា ដែលមានកម្រិតជាអន្តរជាតិ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ បណ្តាប្រទេសមហាអំណាច ប្រទេសក្នុងតំបន់ និងជាពិសេសដោយមានការចូលរួមយល់ព្រមគាំទ្រពីភាគីខ្មែរគ្រប់និន្នាការផងដែរ។
បើតាមលោក កឹម សុខា កិច្ចព្រមព្រៀងនេះ មិនមែនសម្រាប់តែភាគីខ្មែរណាមួយនោះទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺដើម្បីខ្មែរ ដែលយើងជាខ្មែរត្រូវតែឲ្យតម្លៃ។
លោក កឹម សុខា បានសរសេរបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែប្រទេសមួយនោះដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះ អាចជួយធានាការពារនូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និង ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញយើងទៀតផង»។
លោក កឹម សុខា បន្តថា៖ «ពលរដ្ឋខ្មែរមិនគួរភ្លេចថា តើអ្វីខ្លះដែលយើងទទួលបានផលប្រយោជន៍ពីស្មារតីនៃកិច្ចព្រមព្រៀងនេះទេ។ ទោះបីយើងត្រូវតែខិតខំដោយខ្លួនឯងក៏ដោយ ក៏យើងគួរតែរួបរួមគ្នា ទាញយកផលប្រយោជន៍ពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ ដើម្បីប្រជាជាតិខ្មែរបន្តទៀត»។
គួរជម្រាបជូនថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប៣០ឆ្នាំគត់ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍អន្តរជាតិបានសន្យាជួយកសាងប្រទេសកម្ពុជាឡើងវិញ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕









