សមត្ថកិច្ចស្រុកស្រែអំបិល ខេត្តកោះកុង បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង២០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានចំនួន ៦ នាក់ កាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ។
យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះបានឱ្យដឹងថា កម្លាំងនគរបាលស្រុកស្រែអំបិល និងស្នងការខេត្ត សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនមួយកន្លែង ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយបានឃាត់ខ្លួនមនុស្ស ៦ នាក់ជាមួយគ្រឿងញៀនជាង២០០គីឡូក្រាម។
ប្រភពដដែលឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានអឹបអូសគ្រឿងញៀន បានជាង២០០គីឡូក្រាម នៅលើទូកឈើធំមួយគ្រឿង ក្នុងនោះ មានម្សៅក្រាមពណ៌សចំនួន១០កេស ឬស្មើនឹងប្រមាណជាង ២០០គីឡូក្រាម។ ក្រៅពីរឹបអូសបានគ្រឿងញៀន សមត្ថកិច្ចក៏ឃាត់ខ្លួនមនុស្សបានចំនួន ៦ នាក់ ក្នុងនោះរួមមាន ជនជាតិថៃពីរនាក់រស់នៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ជាមេក្លោង និងម្នាក់ទៀតរស់នៅខេត្តណាន ប្រទេសថៃ ជាមេក្លោង ខណៈមនុស្ស ៤ នាក់ទៀត ជាជនជាតិខ្មែរជាកម្មករ រស់នៅខេត្តតាកែវពីរនាក់ ស្វាយរៀងម្នាក់ និងខេត្តព្រៃវែងម្នាក់។ បើតាមប្រភពដដែល ជនសង្ស័យទាំង ៦ នាក់ រួមទាំងវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលស្រុកបញ្ជូនបន្តទៅកាន់ស្នងការនគរបាលខេត្តកោះកុង ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
វីអូឌីមិនអាចសុំការបំភ្លឺពីអធិការនគរបាលស្រុកស្រែអំបិលលោក ហួន នុន បានទេ នៅថ្ងៃសៅរ៍នេះ។
យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលនៃការបង្ក្រាបគ្រឿងញៀនក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន៥៣៩ករណី។ ចំនួននេះកើនឡើងចំនួន៩៩ករណី ឬស្មើនឹង ២២,៥ ភាគរយ បើធៀបនឹងខែសីហា ឆ្នាំ២០២១។ ដោយឡែកសម្រាប់លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសនៅថ្ងៃទី២៣ តុលា មានចំនួន ១៨ករណី និងឃាត់ខ្លួនមនុស្សបានចំនួន៣៦នាក់ ជាមួយគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ១២៤០,៨៦ក្រាម និង១១កញ្ចប់តូច៕









