អ្នកជំងឺ៩នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង២ ៧០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង១០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១១៧ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៩នាក់បន្ថែមទៀត ក្នុងនោះអ្នកមិនបានចាក់វ៉ាក់សាំងមានចំនួន៧នាក់។ ដោយឡែក ករណីឆ្លងថ្មីមានចំនួន១២៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ៣១៩នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៧ ៧៧២នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១២ ៩៧៧ នាក់ និងអ្នកស្លាប់សរុប ២ ៧៣៤នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៥១៩នាក់៕









