ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​យ៉ាង​ផុសផុល​

ពលរដ្ឋខ្មែរអាមេរិកាំងជួបជុំគ្នាធ្វើបាតុកម្មនៅមុខ​រដ្ឋសភា​អាមេរិក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដើម្បី​ទាមទារ​​ឲ្យ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អនុវត្ត​តាម​​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស​ឱ្យបាន​ពេញ​លេញ។ (រូប៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ)

ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និង​អតីត​គណបក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស បាន​អបអរសាទរ​យ៉ាង​ផុសផុល​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែលខុស​ពី​បណ្តា​ឆ្នាំ​មុនៗ។

នៅប្រទេស​បារាំង​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅឯ​រូប​សំណាក Paris La Place de la République ដែល​មាន​ពលរដ្ឋខ្មែរ​បារាំង​រាប់រយ​នាក់​ចូលរួម។ ចំណែក​នៅ​សហរដ្ឋអាមេរិក​វិញ បាតុកម្ម​ក៏មានដែរ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​អាមេរិក ដើម្បីទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្រៅពី​នោះ ការជួបជុំរបស់​ប្រជាពលរដ្ឋខ្មែរ​នៅតាម​បណ្តា​រដ្ឋនានា​ក៏បាន​រៀបចំ​ផងដែរ ដូចជា​ពលរដ្ឋខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) នៃ​រដ្ឋកាលីហ្វ័រញ៉ា (California) និង​ពលរដ្ឋខ្មែរ និងខ្មែរ-អាមេរិកាំង នៅ​ក្នុង​ទីក្រុង​ហ្វីឡាដែលហ្វៀ (Philadelphia) នៃ​រដ្ឋភែនស៊ីលវែនញ៉ា (Pennsylvania) ជា​ដើម។

តំណាង​ឱ្យប្រជាពលរដ្ឋខ្មែរ​នៅ​រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង​សកម្មជន​អតីត​គណបក្សសង្គ្រោះជាតិ​នៅក្រៅ​ប្រទេស​លោក សុស ច័ន្ទតារា បានឱ្យដឹង​ថា ការ​ប្រារព្ធខួប​៣០​ឆ្នាំនៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​នេះ គឺធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​បូកសរុប​និងតាមដាន​លទ្ធផល​នៃ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ក្នុងរយៈពេល​៣០​ឆ្នាំមក​នេះ ពីសំណាក់​ភាគីពាក់ព័ន្ធ ជាពិសេស​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្តថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា​បានរំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាមរយៈ​ការំលាយ​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ ការបិទ​សិទ្ធិសេរីភាព​សកម្មភាព​អង្គការ​សង្គមស៊ីវិល និង​លំហរ​នៃ​លទ្ធិប្រជាធិបតេយ្យ​កំពុង​រួមតូចជា​ដើម។ លោកបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ ចងចាំ​ជានិច្ច​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ តុលា ឆ្នាំ១៩៩១។

លោកបន្តថា៖ «សំខាន់​យើង​ចង់​ក្រើន​រំលឹក​ដល់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ជាពិសេស​ភាគី​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ហ្នឹង​ឱ្យរំលឹក​ឡើង​វិញ ហើយ​បន្ត​ឃ្លាំមើលស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ផ្តាំផ្ញើ​មក​កាន់​ប្រជាពលរដ្ឋ​កម្ពុជា​កុំ​ឱ្យ​ភ្លេច​ពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​អត្ថន័យ​ធំធេង​សម្រាប់​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ស្រុកខ្មែរ​ដែល​ធានា​ឱ្យមានការ​កសាង​ជាតិ​ឱ្យរីកចំរើន​ឡើង​វិញ»

ការ​ប្រារព្ធខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏មាន​ដែរ នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​អូស្ត្រាលី​ជាដើម។

ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ បើទោះបី​ជា​ប្រជាពលរដ្ឋ​មិន​អាច​ជួប​ជុំហែរក្បួន​បាន​ក្តី ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ជួបជុំគ្នា​ពិភាក្សា​តាម​ប្រព័ន្ធ Zoom ជុំវិញ​ខ្លឹមសារ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ២៣ តុលា នេះ។

ស្របពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រារព្ធពិធីនេះ​នៅវិមាន​សន្តិភាព​យ៉ាង​ឱឡារិក​ផងដែរ​ដោយមាន​ការចូលរួម​តំណាង​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ។ ក្រៅពី​នេះ រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការ​បរទេស​បារាំង​លោក Jean-Yves Le Drian និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno L.P. Marsudi តំណាង​ឱ្យ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផ្ញើសារ​អបអរសាទរ​ផងដែរ។

ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ថ្លែង​សុន្ទរកថា ដោយ​បានរំលឹក​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​សំរេច​ទៅ​បាន គឺ​អាស្រ័យ​ដោយគំនិត ឆន្ទៈ និង​ទឹកចិត្ត​ស្នេហាជាតិ​ពិតប្រាកដ​របស់​មហារដ្ឋបុរស​មួយ​អង្គ និង​មួយ​រូប នោះគឺ ព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ បើតាម​លោក ប្រាក់ សុខុន ចាប់ពី​ទទួល​បានតំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា មិនមាន​ដំណោះស្រាយ​តាមផ្លូវ​យោធា​ឡើយ ចំពោះ​ជំលោះ​នៅ​កម្ពុជា។ មានតែ​ការ​ចរចា និង​ដំណោះស្រាយ​នយោបាយ រវាង​ខ្មែរ និងខ្មែរ តែ​ប៉ុណ្ណោះ។ បន្ថែម​លើនេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ៣០ ០០០ រៀល ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ដោយ​បាន​រំលេច​រូបថត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះឆាយាលក្ខណ៍ របស់​ព្រះ​បរម​រតនា​កោ​ដ្ឋ​ នរោត្ដម​សីហនុ ផងដែរ បើទោះបី​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​រងការរិះគន់​ថា ពុំសូវ​ឱ្យ​តម្លៃដល់​កិច្ចព្រមព្រៀង​មួយនេះ​ក្តី។

ចំណែក​លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​បានលើក​ឡើង​នៅក្នុង​វេទិកា​កិច្ចពិភាក្សា​តាម Zoom មួយ​រៀបចំដោយ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​បាន​កត់សម្គាល់​ថា ការរៀបចំ​ពិធី​អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ហាក់បាន​ធ្វើឡើង​យ៉ាង​ផុសផុល។ ផុសផុល គឺ​ខុស​ស្រលះពី​បណ្តា​ឆ្នាំ​មុនៗ​នៅ​កម្ពុជា ដែល​សូម្បីតែ​រកកន្លែង​សម្រាប់​ធ្វើពិធីនេះ​ក៏សឹង​តែ​រក​មិន​បាន​ផង។ បើតាមអ្នក​វិភាគ​ជើងចាស់​រូបនេះ នេះគឺ​ជាចំណុចល្អ​មួយ ហើយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហាក់​ក្លាយ​ជាចំណុច​ក្តៅមួយ​ឡើងវិញ​នៅក្នុង​ឆ្នាំ២០២១​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ