សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​មនុស្ស​៤៣​នាក់​ពាក់ព័ន្ធ​កាប់រាន​ដីព្រៃ

ក្រុមការងារចម្រុះខេត្តព្រះសីហនុ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។(ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ)។

យ៉ាងហោចណាស់មនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងជិត៤០នាក់ទៀត  បន្តសាកសួរ​នៅកងរាជអាវុធហត្ថស្រុក ពាក់ព័ន្ធរឿងទន្ទ្រានកាន់កាប់ដីព្រៃ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងរក​មេខ្យល់មកផ្តន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន  ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា មុននឹងសមត្ថកិច្ចឃាត់ខ្លួនអ្នកទន្ទ្រានកាន់កាប់ដីព្រៃនេះ សមត្ថកិច្ចក៏បានចុះណែនាំនិងពន្យល់ពលរដ្ឋ៥៨នាក់ ដែលបានកាប់រានព្រៃ និងចងតង់ធ្វើជាជម្រក ស្ថិតនៅចំណុចបាតខ្ទះ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ប៉ុន្តែលោកថានៅពេលនោះ ក្រុមពលរដ្ឋនិងកម្លាំងសមត្ថកិច្ចប៉ះទង្គិចគ្នា  ហើយពលរដ្ឋបានប្រើហិង្សាគប់ដបសាំងលើសមត្ថកិច្ចជាដើម។

ករណីនេះ សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបក្រុមអ្នកទន្ទ្រានកាន់កាប់ដីព្រៃ បានចំនួន៤៣នាក់ ក្នុងនោះមាន៦នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយ៣៧នាក់ទៀត ​ត្រូវសមត្ថកិច្ចបន្តសាកសួរនៅកងរាជអាវុធហត្ថស្រុកព្រៃនប់ ដើម្បីរក​មេខ្យល់ឬអ្នកនៅពីក្រោយខ្នងយកទៅផ្តន្ទាទោសតាមច្បាប់ ។

បើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០២១នេះ ឱ្យដឹងថា​កាលពី​រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ​ក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ប៉ុន្តែក្រុមពលរដ្ឋទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត។  រដ្ឋបាលខេត្តថា ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។

ប្រភពដដែលបន្តថា រហូតដល់​ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ​ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី​៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត។ ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត បន្ទាប់ពី​សាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

អាជ្ញាធរខេត្តបន្តថា យោងតាមចម្លើយរបស់​ប្រជាពលរដ្ឋទាំងនោះគឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។

រដ្ឋបាលខេត្ត ​អំពាវនាវថា៖ ​«ប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការសិក្សាលើអង្គហេតុ និងអង្គច្បាប់ឱ្យបានច្បាស់លាស់ មុននឹងចាត់វិធានការច្បាប់លើប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគេរងនូវភាពអយុត្តិធម៌ នាំឱ្យមានបញ្ហាប្រឈមនានា នៅក្នុងសង្គមទៅថ្ងៃមុខបន្តទៀត ។

លោកមានប្រសាសន៍ថា៖ «បើសិនជាសមត្ថកិច្ចមិនរកយន្តការក្នុងការដោះស្រាយឱ្យបានឆាប់រហ័ស ហើយនឹងដោះស្រាយឱ្យបានទាន់ពេលវេលាទេ បញ្ហាដីធ្លីនេះវាក្លាយទៅជាបញ្ហាក្តៅគគុក។ បញ្ហារាំរ៉ៃបង្កឱ្យមានអំពើហិង្សា និងមានការចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារសារឬសគល់នៃបញ្ហាដីធ្លីដែលយើងមិនបានសិក្សានិងស្វែងរកដំណោះស្រាយ ដោយតម្លាភាពនឹងយុត្តិធម៌»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកំពុងគ្រប់គ្រងអំ​ណា​​​ច លោក​ ស ខេង កាលពីដើមខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំឭកមន្ត្រីថា បញ្ហា​ជម្លោះដីធ្លីនឹងជះឥទ្ធិពលដល់ការបាត់បង់​សន្លឹក​ឆ្នោតនៅ​ពេ​​​​លខាង​មុខ បើមិន​ព្យាយាមដោះ​ស្រាយ​ដោយ​តម្លា​ភាព​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ