លោក ស ខេង៖ ៩ខែ​ឆ្នាំនេះ​បទល្មើស​ព្រហ្ម​ទណ្ឌ​ថយ​ចុះ​៩% ខណៈ​បទល្មើស​​ជួញ​ដូរ​​មនុស្ស​​និង​បច្ចេក​វិទ្យា​កើន​ឡើង

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន២៥នាក់ ក្នុងនោះ ស្រីចំនួន១៧នាក់ ក្មេង២នាក់ ត្រង់ភូមិសាស្ត្រអូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅចន្លោះម៉ោង១ ទៅម៉ោង៧ទៀបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ៩ភាគរយ ខណៈការជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា កើនឡើងគួរឱ្យកត់សម្គាល់អំឡុងវិបត្តិកូវីដ-១៩។

ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កាលពីថ្ងៃ២២ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ៩ភាគរយ ។ ប៉ុន្តែ បទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា មានការកើនឡើងគួរឱ្យកត់សម្គាល់អំឡុងវិបត្តិកូវីដ-១៩។

យ៉ាងណា វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេនៅថ្ងៃអាទិត្យនេះ ។

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក ​អំ សំអាត សង្កេតឃើញថា បទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យានាអំឡុងពេលជួបវិបត្តិកូវីដ-១៩នេះ កាន់តែធ្វើឱ្យមានការព្រួយបារម្ភខ្លាំង សម្រាប់សន្តិសុខសង្គមក្នុងប្រទេសកម្ពុជា ។

ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអប់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកឧក្រិដ្ឋជនមួយចំនួន និងអនុវត្តច្បាប់លើជនល្មើសឱ្យមានតម្លាភាពរវាងអ្នកមាន និងអ្នកក្រ ទើបកាត់បន្ថយអំពើល្មើសទាំងនេះបានប្រសិទ្ធភាពខ្ពស់ ។

លោកជំរុញដូចនេះថា៖ «ធ្វើម៉េចអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ទោះបីជាអ្នកប្រព្រឹត្តមានឋានន្តរស័ក្ត ឬក៏មានខ្នងបង្អែកយ៉ាងណាក៏ដោយត្រូវតេចាត់វិធានការតាមផ្លូវច្បាប់។ ទីពីរ ត្រូវបង្កើនប្រសិទ្ធភាពការស៊ើបអង្កេត និងការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ជួយដល់ជនរងគ្រោះដោយករណីជួញដូរ ឬក៏ប្រព័ន្ធអនឡាញ»។

របាយការណ៍សង្ខេបក្នុងឆមាសទី១ ឆ្នាំ២០២១ នៃអំពើជួញដូរមនុស្សរបស់គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស ឱ្យដឹងថា ​រយៈពេល៦​ខែ ឆ្នាំ២០២១នេះ រដ្ឋាភិបាល​បង្ក្រាប​ការជួញដូរមនុស្សបានចំនួន៥៨ករណី។ ចំនួននេះបានកើនឡើង​ទ្វេដង បើប្រៀប​ធៀបនឹងឆ្នាំ២០២០ ដែល​បង្ក្រាបបានចំនួនជាង២០ករណីប៉ុណ្ណោះ។  ​

ដោយឡែក តាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការសង់ត្រាល់ ចេញផ្សាយកាលពីខែកញ្ញា ​បានឱ្យដឹងថា ​​រយៈ​ពេល​៧ខែ ដើមឆ្នាំ២០​២​១ អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានពលរដ្ឋខ្មែរយ៉ាងហោច៧៤១​នាក់ បាន​​លួ​ចឆ្លងដែនដោយខុសច្បាប់​ទៅ​រកការ​ងារ​ធ្វើ​​ក្នុង​ប្រទេសថៃ​ទាំង​ប្រថុយ​ប្រថាន ហើយត្រូវអាជ្ញាធរ​​ព្រំដែន​ថៃនិង​ក​ម្ពុជា​ចា​ប់​ខ្លួន​បាន។

ចំណែក នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក ​អំ សំអាត ធ្លាប់មានប្រសាសន៍ប្រាប់វីអូឌី កាលពីខែ​កញ្ញា​​ ឆ្នាំ២០២១ថា កន្លងមក លីកាដូបានទទួលព័ត៌មានពីជនរងគ្រោះដែលត្រូវបានគេបោកប្រាស់ ដោយផ្តល់ប្រាក់កម្ចីតាមអនឡាញជាថ្នូរនឹងរូបភាពអាសអាភាសមិនតិចជាង១០ករណីទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ