អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ឃាត់​ខ្លួន​មនុស្ស​៦៨​នាក់​នៅ​ខារ៉ាអូខេ​មួយ​ល្មើស​វិធានការ​សុខាភិបាល

ភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបង្ក្រាបកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយសារលួចបើកដំណើរការអាជីវកម្ម និងការជួបជុំផឹកស៊ី ល្មើសវិធានសុខាភិបាល។(រូបភាព សារព័ត៌មានFresh News)។

អាជ្ញាធររដ្ឋបាលខណ្ឌទួលគោក និងមន្ត្រីជំនាញ បានចុះឃាត់ខ្លួនមនុស្ស៦៨នាក់ និងបង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ដែលលួចបើកដំណើរការអាជីវកម្ម និងការជួបជុំផឹកស៊ី ល្មើសវិធានសុខាភិបាល។

អភិបាលខណ្ឌទួលគោក លោក ជា ពិសី បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋ        បាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ បានចុះឃាត់ខ្លួនមនុស្ស៦៨នាក់ ក្នុងនោះមានភ្ញៀវចំនួន១៧នាក់ (ស្រី២នាក់) បុគ្គលិក៥០នាក់ និងមេការម្នាក់។ ការបង្ក្រាបនេះ ធ្វើឡើងស្ថិតនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ​ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ការឃាត់នេះ ដោយរកឃើញថា ហាងមួយនេះលួចបើកដំណើរការអាជីវកម្ម ជួបជុំផឹកស៊ី ល្មើសវិធានសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ជា ពិសី បញ្ជាក់ថា ការបង្ក្រាបនេះ កម្លាំងចម្រុះបានចុះមកដល់ទីតាំង និងបានរកឃើញ មានការជួបជុំផឹកស៊ីនៅក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ចំនួន៣បន្ទប់ (បន្ទប់ខារ៉ាអូខេ) ជាន់ទី៣ និង១បន្ទប់ទៀត នៅជាន់ទី៥ (បន្ទប់ខារ៉ាអូខេ) ហើយ១បន្ទប់ទៀត នៅជាន់ទី៦ ដែលមានភ្ញៀវ ចំនួន០១តុ។

ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំងអស់នោះ ទៅកាន់អធិការដ្ឋាននគរ​បាល​ខណ្ឌទួលគោក ដើម្បីចាត់វិធានការច្បាប់បន្ត។

កាលពីចុងខែសីហា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បន្តណែនាំ​ដល់បណ្តាគណៈអភិបាល​រាជធានី-ខេត្ត​ ត្រូវប​ន្ត​ការអនុវត្ត​នូវការរឹតបន្តឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និងវិធានការ​ច្បាប់​ ដោយ​ផ្អែក​តាម​សភាព​ការជាក់ស្តែង​នៃជំងឺកូវីដ-១៩នេះ នៅក្នុងភូមិសាស្ត្រ​រាជធានី-ខេត្តរបស់​ខ្លួន ក្រោម​ការសម្រប​សម្រួល​របស់​គណៈប្រតិបត្តិ​គណៈកម្មការ​អន្តរ​ក្រសួង និងអនុគណៈកម្មការ​ដែលមានការពាក់ព័ន្ធ។

កម្ពុជាបានផ្ទុះរលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដែលមកដល់​ពេល​នេះ «ព្រឹ​ត្តិ​​ការណ៍២០កុម្ភៈ» មានរយៈពេលជាង៨ខែហើយ តែក្រសួងសុខាភិបាលនៅមិនទាន់អា​ចកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍ទាំងស្រុងបាននៅឡើយទេ។ ព្រឹត្តិការណ៍នេះបានសម្លាប់មនុស្សអស់២ ៧២៥ នាក់ និងអ្នកឆ្លងសរុប ១១៧ ៦៤៤នាក់ គិត​ត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ