តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​បុរី ប៉េងហួត ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន

លោក ប៉ូ រ៉ន វ័យ៥៤ឆ្នាំ តំណាងពលរដ្ឋចំនួន២៤១គ្រួសារដែលមានវិវាទដីជាមួយក្រុមហ៊ុន ប៉េងហួត នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ផ្ដល់ឱ្យ)

ក្រុមប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន បុរី ប៉េងហួត បានឱ្យដឹងថា តុលាការ បាន​សម្រេច​ឃុំខ្លួន​តំណាង​ពលរដ្ឋម្នាក់នៅពន្ធនាគារ​ព្រៃស ក្រោមបទចោទ «ទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិ និងបំផ្លិចបំ​ផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោ​យខុសច្បាប់»។

លោក​ ឈឺន ផល្លា អះអាងជាតំណាងប្រជាពលរដ្ឋជាង២០០គ្រួសារដែលមានវិវាទដីធ្លីជាមួយ​ក្រុម​ហ៊ុន ប៉េងហួត នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន​ឱ្យដឹងនៅថ្ងៃទី​២៥ ខែតុលានេះថា កាល​ពីព្រឹកថ្ងៃទី២២ ខែតុលា សមត្ថកិច្ចមួយក្រុមស្លៀកពាក់ស៊ីវិលមា​​​​​​​​ន​គ្នា​ប្រមាណ១០នា​ក់ បា​នចុះចាប់ខ្លួនលោក ប៉ូ រ៉ន វ័យ៥៤ឆ្នាំ ​ជាតំ​ណាង​ពលរដ្ឋ​​​ ​ខណៈ​គាត់​កំពុងអង្គុយផឹកកាហ្វេក្បែរផ្ទះ ក្នុងសង្កាត់ព្រែកថ្មី។  

លោកបន្តថា តំណាងពលរដ្ឋរូបនោះត្រូវបានសមត្ថកិច្ច​បញ្ជូនទៅក្រសួងមហាផ្ទៃ មុននឹងបញ្ជូន​បន្តទៅ​​សាលាដំបូងរាជធានីភ្នំពេញ នៅវេ​លា​​ម៉ោងប្រមាណ៣រសៀល ហើយបញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន បន្ទាប់ពីសាកសួរបានរយៈពេលប្រមា​ណ១ម៉ោងនៅថ្ងៃដដែល​នោះ​។

លោក ឈឺន ផល្លា បន្តទៀត​ថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីពួកគេចុះទៅហាមឃាត់ការបូមដីចាក់រំលោភចូលដីជាប់ជម្លោះរបស់ក្រុ​មហ៊ុន បុរី ប៉េងហួត និ​ងបានដាក់ពាក្យបណ្ដឹងទៅក្រសួងដែនដី ឱ្យចុះអន្តរាគមន៍បញ្ចប់​សកម្មភាពនេះ ប៉ុន្តែ​មិនទាន់មានការឆ្លើ​យ​តប។ 

លោកបន្ថែមថា ការចាប់ខ្លួននេះធ្វើឡើងទាំងតក់ក្រហល់ និងជាការគំរាម​កំហែង បំផិតបំភ័យស្មារតី កុំឱ្យពួកគេហ៊ានចេ​ញ​តវ៉ាទាមទារម្ចាស់កម្មសិទ្ធិដីធ្លីរបស់ពួកគេបន្តទៀត។

លោក ឈឺន ផល្លា និយាយថា៖ «រាជរដ្ឋាភិបាលចេញ ស.ជ.ណ មកថា កុំឱ្យផ្ទេរផ្ទុកទាំងអស់ ហើយដោះស្រាយជាមួយប្រជាព​ល​រដ្ឋ ហើយអត់មានដោះស្រាយអី ស្រាប់តែមកចាប់ប្រផាត់ប្រភីងអ៊ីចឹង»។

លោកបន្ថែមថា​៖ «គេចាប់តំណាងយើងទៅ វាខ្លា​ច! និ​​យាយទៅ ខ្លាចសឹងតែគ្រប់គ្នា វាមិនដឹងថាតវ៉ាហ្នឹងរបៀបម៉េច អីរបៀបម៉េច ចេះតែខ្លាច បារម្ភពីសុវត្ថិភាពខ្លួនឯងអ៊ីចឹង»។

បើតាមតំណាងរូបនេះ លោក ប៉ូ រ៉ន ត្រូវបានចោទពីបទទន្រ្ទានកាន់កាប់ដីកម្មសិទ្ធិអ្នកដទៃយកទៅលក់ និងបំផ្លិចបំផ្លាញទ្រព្យសម្ប​ត្តិក្រុមហ៊ុន ដែលលោកថា តុលាការបានយកបទចោទរបស់លោកស្រី ស៊ុយ សុ​ផាន កាលលោកស្រីនៅមា​នជីវិ​ត​ក្នុ​ងឆ្នាំ២០១៦​ ដែលកាលនោះ ដីរបស់ពួកគេស្ថិតក្នុងដែនរដ្ឋបាលខេត្តកណ្ដាល ហើយត្រូវតុ​លាការខេត្តសម្រេចទ​ម្លា​ក់​ចោ​លរួចហើយ។ 

ភរិយាលោក ប៉ូ រ៉ន គឺ​អ្នកស្រី ញីវ សាវ៉ាត ចាត់ទុក​ការចោទប្រកាន់ទៅលើស្វាមីអ្នកស្រី ថា​ជារឿងអយុត្តិធម៌។ អ្នកស្រីបន្ត​ថា ប្តីរ​​ប​ស់គាត់មានដីទំហំជាង១៦អា ជាកេរពីឪពុកម្តាយដែល​បន្សល់ទុកឱ្យ​សម្រាប់​បង្កបង្កើនផលដំណាំផ្សេងៗ តាំងពីក្រោ​យឆ្នាំ១៩៧៩ មកម្ល៉េះ។ ប៉ុន្តែ អ្នកស្រីថា ពេលនេះបែរជាគេចាប់ប្ដីអ្នកស្រីពីបទចូលទន្ទ្រាន​កាន់កាប់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅ​វិញ។

ស្រ្តីវ័យ៤២ឆ្នាំរូបនេះបន្ថែមថា អ្នកស្រីបារម្ភពីបញ្ហាជំងឺលើសឈាម និងទឹកនោមផ្អែមរបស់លោក ប៉ូ រ៉ន ដែលត្រូវការប្រើថ្នាំលេបជាប្រ​ចាំ។ ហើយថា មួយរយៈចុងក្រោយនេះ ជំងឺប្រចាំកាយរបស់គាត់បាន​រើ​ឡើង មិនអាចដើរទៅណាឆ្ងាយបានទៀតផង។ 

អ្នកស្រី ញីវ សាវ៉ាត និយាយថា៖ «វាអយុត្តិធម៌ពេក! អត់មានដីកាអីមួយថាឱ្យបានមួយថ្ងៃពីរថ្ងៃដឹងផង មកដល់ចាប់គេយក»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោ​ក ប្លង់ សុ​​​ផល បានទេនៅថ្ងៃនេះ ដោយលោកយល់ព្រមឆ្លើយតបចំពោះអ្នកយ​កព័ត៌មានណាដែលមានបណ្ណសម្គាល់ចេញដោ​យក្រ​សួងព័ត៌មាន។

អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បញ្ជាក់ថា ពិតជាមានការចាប់ខ្លួនលោក ប៉ូ រ៉ន បញ្ជូនទៅតុលាការ កាលពីថ្ងៃសុក្រសប្ដាហ៍មុនមែន។ យ៉ាងណា លោកបដិសេធផ្តល់ព័ត៌មានអត្តសញ្ញាណភាគីដើមបណ្ដឹង​ និងបទចោទទៅលើតំណាងពលរដ្ឋ។

លោក ម៉ៅ សឿត មានប្រសាសន៍ថា៖ «ខ្ញុំអត់បានដឹងអីដែរ ប៉ុន្តែខ្ញុំអនុវត្តជាមួយនាយកដ្ឋានព្រហ្មទណ្ឌហ្នឹងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន»

ប្រធាននាយកដ្ឋានត្រួតពិនិត្យ និងទទួលពាក្យបណ្ដឹងនៃអគ្គធិការដ្ឋានអធិការកិច្ចក្រសួងរៀបចំ​ដែនដី លោក ស៊ូ សុខជា ថ្លែងថា លោកបានចូលរួមជួយសម្របសម្រួលដោះស្រាយករណីវិវាទដី ៥៨ហិកតា​នោះដែរ ក្នុងឆ្នាំ២០១៩ តែក្រោយណា​ត់ ភាគីទាំងស​ងខាង​ជួបចរចាគ្នាបាន២លើក មិនទទួលបានការព្រមព្រៀង លោកក៏ស​ម្រេ​ចទុកឱ្យគូភាគីដោះស្រាយ​គ្នាតា​មផ្លូវទ្វេភាគី ឬផ្លូវតុលាការវិញ។

លោក​ថា៖ «ធម្មតា ដីកំពុងមានវិវាទ គេនេះអ៊ីចឹង…ប៉ុន្តែគ្រាន់តែថាដីហ្នឹងទុកឱ្យដោះស្រាយតាមផ្លូវច្បាប់ឬផ្ទាល់ខ្លួន។ អ៊ីចឹងដីមានបណ្ណកម្មសិទ្ធិ វាត្រូវមានដីការក្សាការពារពីតុលាការ តែមិនដឹងថាគាត់ [ម្ចាស់បុរីប៉េងហួត] មានឬអត់ទេ​»។ 

កាលពីអំឡុងចុងខែកញ្ញាកន្លងទៅនេះ តំណាងពលរដ្ឋចំនួន២៤១គ្រួសារ បានដាក់ពាក្យបណ្ដឹងទៅ​ក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចា​​​ស់បុរី ប៉េងហួត បញ្ឈប់ការបូម​ដីជាប់វិវាទ ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំ​ពេ​ញ ដែលពួកគេអះអាងថា ដីនោះកំពុងជាប់មានទំនាស់ជាមួយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច គឺលោកស្រី ស៊ុយ សុផាន តាំ​ងពីឆ្នាំ២​០​១​​៦មក។

តំណាងពលរដ្ឋម្នាក់ទៀត ឈ្មោះ ឡេង សារិ បានប្រាប់ វីអូឌី ថាទីស្ដីការគណៈរដ្ឋមន្រ្តីបានចេញសេចក្ដីជូនដំ​ណឹង (ស.ជ.ណ) ដោយមានចំណារពីលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឆ្នាំ២០១៧ ឱ្យផ្អាកការចុះបញ្ជី ការជួញដូរ ឬផ្ទេរម្ចា​ស់កម្មសិទ្ធិដីដែលនៅជាប់មានវិវាទពាក់ព័ន្ធនឹងលោកស្រី ស៊ុយ សុផាន។

លោកថា តាមរយៈលិខិត ស.ជ.ណ នេះ ក្រសួងរៀបចំ​ដែនដី បានបញ្ជូនមន្រ្តីមកសម្របស្រួលជាបន្ត​បន្ទាប់ ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផល ហើយពួកគាត់ក៏បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ការលក់​ដូរ ផ្ទេរកម្មសិទ្ធិ ឬធ្វើស​កម្មភាពផ្សេងៗលើដីនោះ ទៅ​មន្ទីរដែនដី និងភូមិបាលរាជធានីភ្នំពេញ ចំនួន២លើក ក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ផងដែរ។

ប៉ុន្តែលោកថា លុះនៅអំឡុងដើមខែកញ្ញា ក្រុមហ៊ុន បុរី ប៉េងហួត បានតទុយោបូមខ្សាច់​ចូល​ដី​ជាប់ជម្លោះ ហើយ​យកបណ្ណក​ម្មសិទ្ធិដីចំនួន​២ក្បាលដីដែលចេញដោយប្រធានមន្ទីរសុរិយោដីក្រុង ក្នុងខែមីនា ឆ្នាំ២០២១ មកបង្ហាញរូបលោកនៅពេលព​​លរដ្ឋចុះទៅហាមឃាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ