អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​បរទេស​៤​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់

ជនជាតិចិន២នាក់ បង់ក្លាដែស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនពាក់ពន្ធ័ករណីពង្រាត់និងបង្ខាំងមនុស្សខុសច្បាប់នៅក្នុងកាស៊ីណូមួយកន្លែង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជូនជនបរទេសចំនួន៤នាក់ រួមមាន ជនជាតិចិន២នាក់ និងបង់ក្លាដែស២នាក់ ទៅតុលាការ ក្រោយស្រាវជ្រាវឃើញថា ពួកគេបានចាប់ពង្រាត់និងបង្ខាំងមនុស្សដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។

​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តបន្ទាយមានជ័យ លោកស្រី ឌី សុជាតិ​ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា សមត្ថកិច្ចជំនាញបានចុះ​បង្ក្រាបករណីចាប់​ពង្រាត់​និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់នៅកាស៊ីណូ​មួយ​កន្លែង​ ស្ថិត​ក្នុង​បុរី «សានហូ» ក្រុង​ប៉ោយ​ប៉ែត ដោយ​បានឃាត់ខ្លួន​​​ជនជាតិចិន២នាក់ និង​បង់ក្លាដែស២នាក់ កាលពីថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០២១នេះ។ លោកស្រីបន្តថា ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ និង​​​សំណុំរឿងនេះទៅសាលាដំបូង​ខេត្ត​រួច​ហើយ​ដែរ។

លោកស្រីថា៖ «​ដល់តុលាការហើយ បញ្ជូនទៅ២ថ្ងៃហើយ! ក៏ប៉ុន្តែអត់ទាន់ចប់ ដោយសារគាត់ជាជនបរទេសអ៊ីចឹង យើងត្រូវការអ្នកបកប្រែអីអ៊ីចឹងទៅ។ អាចចប់ដីកាឃុំថ្ងៃនេះ មានន័យថា បញ្ជូនទៅ៣ថ្ងៃហើយ [រាប់ទាំងថ្ងៃនេះ] តែអត់ទាន់​ចប់ទេ តាំងពីបញ្ជូនទៅ»។

ចំណែកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បាន​ផ្សព្វផ្សាយ​នៅលើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន កាលពីថ្ងៃម្សិលមិញដែរថា ក្រៅពីការឃាត់​​ខ្លួន​ជនសង្ស័យជា​ជនបរទេសទាំង៤នាក់នោះ សមត្ថកិច្ចក៏បាន​ជួយ​​រំដោះ​ជនជាតិថៃ៦នាក់ និង​ជនជាតិខ្មែរ២នាក់ និងបានសួរនាំពួកគេផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានទៅដាក់​ពាក្យ​បណ្ដឹង​សុំឱ្យ​សមត្ថកិច្ចជួយអន្តរាគមន៍ ដោយពួកគេ​​អះអាងថា សាច់ញាតិរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយ ចាប់​ដាក់​ខ្នោះ ថតរូបភាពបង្ហោះឱ្យ​សាច់ញាតិយកលុយទៅ​លោះក្នុង​​ម្នាក់ចំនួន១ ០០០ដុល្លារ ទើបដោះលែង​វិញ។ ប្រភពដដែលបញ្ជាក់ថា បើគ្មានអ្នកមកលោះទេ នឹង​ត្រូវឃុំទុកទីនោះរយ:ពេល៦ខែ។

អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា ប្រាប់ថា លោកពុំទាន់ជ្រាបលម្អិត​​ពីដំណើរការនីតិវិធីនេះនៅឡើយ ដោយសារលោកជាប់បេសកកម្មការងារ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការ​អាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានជំរុញឱ្យ​​​អាជ្ញាធរ​គប្បី​កំណត់​នូវ​​ចរិតលក្ខណៈជនបរទេសដែលមករស់នៅឬរកស៊ីនៅកម្ពុជា​ឱ្យបានច្បាស់ ដើម្បីចៀស​វាង​បញ្ហានេះកើតឡើងបន្តទៀត។

លោក​មានប្រសាសន៍ថា៖ «យើងគ្រាន់តែដឹង ប៉ុន្តែអានីតិវិធីបន្តទៅទៀត គឺវាអស់ច្រើនហើយត្រឹមតុលាការហ្នឹង។ […] ទាក់ទងនឹងសមត្ថកិច្ច រដ្ឋាភិបាល អាជ្ញាធរដែនដី ដែលត្រូវគិតគូរ ត្រូវធ្វើ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីអាចកំណត់នូវចរិតលក្ខណៈជនដែលប្រព្រឹត្ត ការរស់នៅ ការរកស៊ីរបស់ជនទាំងអស់ដែលប្រព្រឹត្ត អាហ្នឹងគឺធ្វើយ៉ាងម៉េច? ហេតុអីបានវាឈានដល់ការចាប់ជំរិត? អាហ្នឹងជាការកំណត់មុខសញ្ញារបស់មន្ត្រី»។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់ វីអូឌី នៅថ្ងៃទី​២៥ ខែតុលា​នេះ​ថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ មានករណីជនបរទេសចាប់ជំរិតចំនួន១៣នាក់នៅ​ទូទាំងប្រទេស ក្នុងនោះភាគច្រើនករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។

យ៉ាងណា លោកថា នេះជាតួលេខដែលបានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញប៉ុណ្ណោះ ចំពោះតួលេខរួមក្នុងក្របខណ្ឌទូទាំងប្រទេស គឺនៅក្នុងដៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកថា៖ «ជារួម អគ្គនាយកដ្ឋានអន្តោប្រវេសន៍តែងតែសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ បង្ក្រាបរាល់គ្រប់បទល្មើសបង្កដោយជនបរទេស មិនចំពោះតែបទល្មើសចាប់ជំរិតនោះទេ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ