សភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភា​សម្រេចអនុម័​ត​សេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ១១១លើ​១១១​សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃចន្ទនេះ។

ប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះថា អង្គប្រជុំបានលើកយករបៀបវារៈចំនួន៤ មកពិភាក្សា ដែលក្នុងនោះមានការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ​ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

លោកថ្លែងថា៖ «ច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។

ក្នុងកិច្ចប្រជុំថ្ងៃនេះ តំណាងរាស្ត្រដែលមានតែឯកបក្សមកពីគណបក្សកាន់អំណាច បានលើកដៃ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយសំឡេង១១​១​លើ១១១សំឡេង សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ជាដើម។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍យ៉ាងខ្លីថា សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» ត្រូវបានរដ្ឋសភាបញ្ជូនទៅព្រឹទ្ធសភា ដើម្បី​ពិនិត្យបន្តហើយនៅរសៀលថ្ងៃនេះ។

សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) លោក សេង សារី មានប្រសាសន៍ថា ការអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័ន​កំពូលៗ បាន​​ដំណើរការទៅយ៉ាងរលូន ព្រោះនៅក្នុងស្ថាប័នសភាមាន​តែ​តំណាង​រាស្ត្រគណ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ករណីនេះ លោក​យល់ថា ការសម្រេច​អនុម័ត​លើសេចក្ដីព្រាងច្បាប់នេះ ចង់​មិន​ចង់ ​នឹង​មាន​ការបញ្ចេញ​​​មតិចម្រុះពីសាធារណជន។

លោកបានគូសបញ្ជាក់​ថា៖ «រយៈពេលវែង ខ្ញុំគិតថា នឹង​មាន​ផល​ប្រយោជន៍ ហើយក្នុងរយៈពេល​ខ្លី​នេះ​ នឹង​មាន​ការ​ប្រទាំង​ប្រទើស។ យើងដឹងហើយថា ច្បាប់ហ្នឹងកើតឡើងពីអារម្មណ៍ជម្លោះ​រវាង​អ្នកនយោបាយ គឺជាការប្រកួតប្រជែង ឬក៏ជាជម្លោះវោហារសាស្ត្រ។ ច្បាប់ដែលកើតចេញពីកំហឹងបុគ្គល ឬក៏កើតចេញពីជម្លោះនយោបាយរបស់អ្នកនយោបាយបែបនេះ វាមិនឆ្លើយ​តបទៅនឹងតម្រូវការជាក់ស្តែងដែលស្ថានភាពសង្គមត្រូវការបច្ចុប្បន្ន​នោះទេ»។

លោកបន្តថា៖ «ទី២ ច្បាប់នេះកើត​ចេញអំឡុងសភាឯកបក្ស ដែលបាត់នូវរសជាតិ​ពហុគំនិតឬពហុនៃធាតុចូល ទី៣ បញ្ហានយោបាយជាប់គាំង ហើយយើងអត់ទាន់បានដោះស្រាយចេញ។ ទី៤ ច្បាប់នេះមិនមែនជាច្បាប់អាទិភាពដែលត្រូវកើតចេញនៅពេលហ្នឹង ព្រោះបញ្ហាអាទិភាពត្រូវស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩»។

កាលពីថ្ងៃទី៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេ​ច​ក្ដីព្រាង​ច្បាប់ស្តីពី ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់​ឱ្យ​ថ្នាក់ដឹក​នាំ​ជាតិ ដែល​កាន់​តួនាទីជានាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធានក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ ក្រោយ​ពី​ការ​ប្រកាស​នេះ ក្រសួង មន្ទីរ និងស្ថាប័ន​ឯកជន​មួយ​ចំនួនបាន​ចេញ​សេចក្ដី​ប្រកាសនិង​ញត្តិគាំទ្រ​យ៉ាង​ព្រោង​ព្រាតដោយ​មាន​ទាំងក្រសួងយុត្តិធម៌ កងទ័ពជើងគោក មន្រ្តីរាជការជាច្រើនផ្សេងទៀត។

ការសម្រេចនេះធ្វើឡើងភ្ជាមៗក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី បានចោទប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែល​ជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណា សារព័ត៌មាន The Guardian បានផ្ញើលិខិតសុំទោសជាសាធារណៈទៅ​​ក្រសួង​ការបរទេស​​កម្ពុជា ដោយ​បាន​បង្ហាញការសោកស្ដាយចំពោះកំហុស​របស់​ខ្លួនដែល​​បានផ្សាយខុសការពិត ដែលថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទិញសញ្ជាតិពីប្រទេសស៊ីប្រើសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ