អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេតលើករណីកាស៊ីណូ ដឹសេនជូរី ក្រោយពីអាជីវកម្មល្បែងមួយនេះត្រូវបានរដ្ឋបាលខេត្តសម្រេចផ្អាកជាបណ្ដោះអាសន្ន កាលពីចុងសប្ដាហ៍កន្លងទៅ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចយកទីតាំងកាស៊ីណូ ដឹសេនជូរី ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោយពិនិត្យឃើញបុគ្គលិកបម្រើការងារនៅកាស៊ីណូនេះឆ្លងជំងឺកូវីដ-១៩ច្រើនពេក ប៉ុន្តែក៏បានផ្ដល់ជម្រើសដល់អ្នកជំងឺក្នុងការជ្រើសរើសកន្លែងព្យាបាលផងដែរ ថាពួកគេចង់ព្យាបាលនៅទីនេះឬទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។
ការសម្រេចពេលនោះ ក្រោយមានបុគ្គលិកកាស៊ីណូបានចេញវីដេអូអះអាងថា មុនពេលមានបុគ្គលិកម្នាក់ស្លាប់ ពួកគេជាង៤០០នាក់ត្រូវបានថៅកែបង្ខាំងឱ្យធ្វើការងារទាំងមានជំងឺកូវីដ-១៩ នៅក្នុងកាស៊ីណូ និងពុំមានគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ថែមទៀត។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ក្រោយហេតុការណ៍នេះ អាជ្ញាធរពាក់ព័ន្ធបានផ្អាកដំណើរការកាស៊ីណូនេះបណ្ដោះអាសន្ន ហើយបាននិងកំពុងស្រាវជ្រាវ ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ករណីកាស៊ីណូដឹសេនជូរីនេះ គឺក្រុមការងារលោកកំពុងធ្វើការនៅឡើយ។ អ៊ីចឹងអត់ទាន់ទទួលបានលទ្ធផលផ្ដល់ជូនទេ គឺទុកលទ្ធភាពឱ្យក្រុមការងារលោកធ្វើការសិនណា»។
តាមរយៈលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានសម្រេចបញ្ចប់ទីតាំងកាស៊ីណូ ដឹសេនជូរី ជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងផ្អាកបណ្ដោះអាសន្នអាជីវកម្មកាស៊ីណូមួយនេះផងដែរ។ តែយ៉ាងណា លិខិតនោះមិនបានបញ្ជាក់ពីមូលហេតុលម្អិតអំពីការបិទអាជីវកម្មកាស៊ីណូ ដឹសេនជូរី នោះទេ គ្រាន់តែអះអាងថា ទុកឱ្យសមត្ថកិច្ចស្រាវជ្រាវនិងបន្តនីតិវិធីបន្ថែមទៀត។
រដ្ឋបាលខេត្តបន្តថា៖ «ដោយមានការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធកាស៊ីណូ ដឹសេនជូរី រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្ដោះអាសន្នអាជីវកម្មកាស៊ីណូ ដឹសេនជូរី ដែលមានទីតាំងដូចក្នុងប្រការមួយ ដើម្បីទុកឱ្យសមត្ថកិច្ចស្រាវជ្រាវនិងបន្តនីតិវិធី»៕