មន្រ្តី​ការទូត​ចិន​នឹង​ជួប​ជាមួយ​រដ្ឋាភិបាល​តាលីបង់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កាតា

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅឯវិមានប្រធានាធិបតី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (Yonhap via REUTERS)

ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តី​ការបរទេស​ និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) នឹងជួបជាមួយគណៈប្រតិភូនៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកតាលីបង់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកាតា នៅថ្ងៃទី២៥ និងទី​២៦ ខែតុលានេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា សម្រាប់ជំនួបនេះ ភាគីទាំងពីរគ្រោង​នឹង​ផ្លាស់ប្តូរទស្សនៈនានាស្ដីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រធានបទដែលទាក់ទងនឹងក្ដីកង្វល់រួម។

អ្នកនាំពាក្យដដែលបន្តថា៖ «ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមិត្តភាពប្រពៃណីរបស់អាហ្វហ្គានីស្ថាន ប្រទេសចិនតែងតែបង្ហាញការគាំទ្រក្នុងការសន្ទនានិងទំនាក់ទំនង ដើម្បីដឹកនាំការអភិវឌ្ឍ​ជាវិជ្ជមាននៃស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមតាលីបង់ កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ បន្ទាប់ពីកងទ័ពអាមេរិក និងបស្ចិម​ប្រទេស​មួយចំនួនផ្សេងទៀត បានសម្រេចចាកចេញដោយបញ្ចប់បេសកកម្មយោធានិងការទូតរបស់ខ្លួន។

ទាក់ទិននឹងករណីនេះ ចិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងផងដែរថា ពិភពលោក គួរតែ​គាំទ្រដ​ល់ប្រទេសអាហ្វហ្គានីស្ថាន មិនមែនដាក់សម្ពាធបន្ថែមទៀតនោះទេ ខណៈដែលពួកគេក៏បានទាមទារឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចនានា និងដកការបង្កកទ្រព្យសម្បត្តិអន្តរជាតិលើអាហ្វហ្គានីស្ថានរាប់ពាន់លានដុល្លារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ