ក្រុមទាហាន​ផ្អាក​ការ​ឈូសឆាយ​ដីព្រៃ​សហគមន៍ ក្រោយ​អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ា ដោយថាអាជ្ញាធរឈូសឆាយលើដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​​អ្នកភូមិនៅឃុំត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ អះអាង​ថា ក្រុមទាហានបាន​ផ្អាកសកម្ម​ភាព​ឈូស​ឆាយ​ដី​ព្រៃសហគមន៍​របស់​ពួក​គេ​ហើយ កាលពីថ្ងៃម្សិលមិញ ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ា​ជាបន្ត​បន្ទាប់។

កាលពីថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២១ ក្រុម​ទាហានបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ «ឧត្ដម​ស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាបន្តបន្ទាប់ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១គ្រួសារ។

លោក ឃន សារិទ្ធ ជាសមាជិកព្រៃសហគមន៍​ឧត្ដមស្រែខ្ពស់ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ក្រោយពីប្រជាសហគមន៍ប្រមាណ១៥០នាក់នាំគ្នាប្រមូល​ផ្ដុំតវ៉ានិងចុះហាមឃាត់ការឈូសឆាយនោះ ក្រុមទាហានបាន​ផ្អាក​​សកម្មភាពឈូសឆាយដីព្រៃសហគម​ន៍នោះហើយ​ កាលពីថ្ងៃម្សិលមិញ។

លោក​បន្តថា បើទោះបីជាក្រុមទាហាន​ផ្អាកសកម្មភាពឈូសឆាយក៏ដោយ ក៏​អ្នកភូមិនៅតែព្រួយបារម្ភពីការបាត់​បង់​ដី​ព្រៃសហគមន៍មួយនេះ ខណៈរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីនោះ បែងចែកទៅឱ្យ​គ្រួសារ​​ទាហាន​ទៅ​ហើយ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពួកគាត់នៅតែព្រួយបារម្ភអ៊ីចឹង​ ពីព្រោះយើងអត់ដឹងថាមានរឿងអ្វីកើតឡើងទៀតទេ ដោយសារអត់ទាន់មានការដោះស្រាយណាមួយនៅឡើយ។ ឥលូវគេគ្រាន់តែដាក់​គ្រឿងចក្រហ្នឹង ពួកគាត់ខ្លាច​គេចេញច្បាប់អីទៀត ឬក៏គេមកឈូសឆាយបន្តទៀត។ ព្រៃនេះ​បើ​នៅចំ​កណ្ដាលវិញ មានព្រៃធំៗខ្លាំង ហើយក្រាស់​ទៀត និងសម្បូរសត្វច្រើនប្រភេទរស់នៅទៀត។ ប្រជាពលរដ្ឋគាត់ប្ដេជ្ញា​ហើយ គាត់ថា គាត់អត់ឱ្យកាត់យកទៅណាទេ ប្ដេជ្ញារក្សា​ការ​ពារ​ព្រៃហ្នឹងទុកជា​សម្បត្តិ​រួម សម្រាប់​ឃ្វាលគោ​ឃ្វាល​ក្របី ទុកសម្រាប់កូនចៅជំនាន់​ក្រោយ​បាន​អាស្រ័យ​ផល និង​សម្រាប់​សត្វ​ជា​ច្រើនរស់​នៅ​បន្ត​ទៀត»

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឈួន សុំ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ដោយរកទីតាំងផ្សេងដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារកងទ័ព និង​រក្សាដីព្រៃសហគមន៍នេះឱ្យពួកគាត់បានអាស្រ័យផល រួមទាំងទុកជាជម្រកសត្វព្រៃផងដែរ។ 

អ្នកស្រី​ថា៖ «សហគមន៍យើងខំការពារជាយូរមកហើយ ហើយប្រសិន​ជា​មានការឈូសឆាយអស់ដី អស់ព្រៃ ពួកខ្ញុំនឹងពិបាកវេទនាហើយ។ ពិបាកអត់កន្លែងអាស្រ័យផល មើលគោ មើលក្របី ធ្វើស្រែ ធ្វើភ្លឺ។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន ជួយទប់ស្កាត់និងជួយរក្សាដីព្រៃនេះទុកសម្រាប់ពួកខ្ញុំនិងសត្វព្រៃអាស្រ័យផង»

មេភូមិពោធិ៍មាស លោក ភោគ ជុំ មានប្រសាសន៍ថា អាជ្ញាធរដកគ្រឿងចក្រ និងផ្អាកសកម្មភាពឈូសឆាយបណ្ដោះអាសន្នប៉ុណ្ណោះ ដោយបារម្ភខ្លាចមាន​អំពើហិង្សាកើតឡើង ខណៈអ្នកភូមិផ្ទុះការតវ៉ាច្រើន។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានសំណូមពរឱ្យដកគ្រឿងចក្រមកទុកសិន ខ្លា​ច​មាន​បញ្ហាអីកើតឡើង ហើយយើងអាជ្ញាធរក៏សម្រួលដកគ្រឿងចក្រមកទុកសិន។ ប៉ុន្តែការដោះស្រាយសម្រេចយ៉ាងណា ខ្ញុំអត់ដឹងទេ ពីព្រោះខ្ញុំជាថ្នាក់ក្រោមគេ»

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា កន្លែងដែលអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយនោះមិនមែនជាដីសហគមន៍នោះទេ។ លោកបានចោទ​ពលរដ្ឋដែល​នាំគ្នាតវ៉ា​នោះថា​ជា​ក្រុម​បក្សប្រឆាំង ហើយថា​ ការតវ៉ានោះមានការញុះញង់​ពីមេខ្យល់ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។

អភិបាលខេត្តរូបនេះក៏​បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកតវ៉ា និងអ្នកដែលលោកថាញុះញង់​ឱ្យពលរដ្ឋតវ៉ា បន្ទាប់ពីលោកដោះស្រាយ​បញ្ហាទឹកជំនន់ចប់។

លោកបន្ថែមថា៖ «អ្នកដែលមកតវ៉ាហ្នឹង គឺក្រុមស៊ីគម្រោងទេ ខ្ញុំដឹងតើ! ការធ្វើការងាររបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនហ្នឹង វាមិនមែនជារឿងល្អទេ។ ខ្ញុំធ្លាប់ធ្វើ​ការនៅអង្គការតើ! បងប្អូនធ្វើអីឱ្យវាចេះគិតផង​ ដើម្បីតែប្រាក់ខែផ្ទាល់ខ្លួន កុំធ្វើឱ្យប្រទេសដែលជាប្រទេសនីតិរដ្ឋទៅជាប្រទេសមួយទៅជាលែង​​គោរពច្បាប់ ដោយសារតែមានការញុះញង់ពីអង្គការដែលមិនត្រឹមត្រូវហ្នឹងទេ។ និយាយត្រលប់មកវិញ ខ្ញុំនឹងមិនបណ្ដែត​បណ្ដោយឱ្យធ្វើអីតាមអំពើចិត្តហ្នឹងទេ»

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​​អាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដី​ទំហំ​ជាង២ ០០០ហិកតា។ ប៉ុន្តែនៅអំឡុងឆ្នាំ២០១២ រដ្ឋាភិបាល​បានកាត់ដីសហគមន៍មួយផ្នែកធំ ដើម្បីផ្តល់​សម្បទានទៅឱ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍ។

លោក​បន្តថា ក្រោយ​មក​​ នៅ​ឆ្នាំ២០១៧​ រដ្ឋ​បានកាត់​​​ដី​នោះ​​ទំហំ​៨៧​ហិក​តាបែងចែកទៅឱ្យទាហាន​​លេខ​ «ង៧០» និងនៅឆ្នាំ២០២១ សម្រេចកាត់​ដីទំហំជាង២៦២​​ហិកតា​ទៀត​ឱ្យទៅគ្រួសារកងទ័ពចំនួន​៤១គ្រួសារ ដែលធ្វើឱ្យសហគមន៍មួយនេះសល់ដីតិចតួចប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ខណៈពួកគេបានការពារជាង២០ឆ្នាំ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តទៀត​​ថា ការបន្តកាត់ដីសហគមន៍នេះនឹងធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងមិន​អាច​ទទួល​យក​បាន ហើយក៏នឹងធ្វើ​ឱ្យប៉ះពាល់ដល់សត្វជាច្រើនប្រភេទ​ដែលកំពុងរស់នៅក្នុងព្រៃ​សហគមន៍នេះ​ផង​ដែរ។

ករណីនេះ លោក រ័ត្ន ថាវី បានស្នើដល់អាជ្ញាធរឱ្យពិចារណាឡើងវិញ ដោយរកទីតាំងដីកន្លែងផ្សេង ដើម្បីដោះដូរបែងចែកទៅឱ្យគ្រួសារទាហាន ជា​ជាងយកដីព្រៃសហគមន៍នេះបន្តទៀត។

លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរធ្វើការពិចារណាឡើងវិញ ចំពោះការកាត់ដីសហគមន៍ដែលជាព្រៃសម្បូរទៅ​ដោយ​ជីវចម្រុះគ្រប់ប្រភេទ ពីព្រោះកន្លងមកហ្នឹង អាជ្ញាធរខេត្តលោក​បានដកហូតដីពីអ្នកមានលុយមានអំណាចជាច្រើនរយហិកតាណាស់ ដែលគាត់បានចូលកាន់កាប់ដីដោយខុសច្បាប់។ គួរតែគិតលៃលកយ៉ាងម៉េច យកដីដែលបានដកពីអ្នកដែលកាន់កាប់​ដោយ​ខុស​ច្បាប់​ហ្នឹង​ ទៅធ្វើសម្បទានឱ្យក្រុមទាហាន វាជា​ការ​ល្អប្រសើរ​ជាង ជាជាងដកដីព្រៃសហគមន៍ដែលជាដី​បម្រើផលប្រយោជន៍រួម ដោយទុកដីនេះឱ្យពួកគាត់បានអាស្រ័យវិញល្អជាង»


សេចក្ដីកែតម្រូវ៖ «លោក​បន្តថា បើទោះបីជាក្រុមទាហាន​ផ្អាកសកម្មភាពឈូសឆាយក៏ដោយ ក៏​អ្នកភូមិនៅតែព្រួយបារម្ភពីការបាត់​បង់​ដី​ព្រៃសហគមន៍មួយនេះ ខណៈរដ្ឋបាលខេត្ត​បានចេញអនុក្រឹត្យកាត់ដីនោះ បែងចែកទៅឱ្យ​គ្រួសារ​​ទាហាន​ទៅ​ហើយ។» ទៅជា «លោក​បន្តថា បើទោះបីជាក្រុមទាហាន​ផ្អាកសកម្មភាពឈូសឆាយក៏ដោយ ក៏​អ្នកភូមិនៅតែព្រួយបារម្ភពីការបាត់​បង់​ដី​ព្រៃសហគមន៍មួយនេះ ខណៈរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ដីនោះ បែងចែកទៅឱ្យ​គ្រួសារ​​ទាហាន​ទៅ​ហើយ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ