អាជ្ញាធរមូលដ្ឋាន ថាផ្ទះពលរដ្ឋជាង១០០គ្រួសារចាប់ផ្ដើមលិចលង់ដោយជំនន់ស្ទឹងព្រែកត្នោត

យប់ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះជួយទប់ស្កាត់ទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អាជ្ញាធរសង្កាត់ដង្កោ បានឱ្យដឹងថា យ៉ាងហោចណាស់ ផ្ទះពលរដ្ឋជាង១០០គ្រួសារ នៅភូមិបាគូ បាន​ចាប់​ផ្ដើមលិ​ចល​ង់ដោយសារ​ជំនន់​ដែលមានប្រភពមកពី​ទឹក​ស្ទឹង​​​ព្រែក​ត្នោត​ហក់ឡើងខ្លាំង ស្របពេលមន្ត្រីជំនាញ​ខេត្ត​កំពង់​ស្ពឺ ក៏បានអះអាងពីផលប៉ះពាល់ផ្ទះសម្បែង និងដំណាំពលរដ្ឋដែលរស់នៅអមដងស្ទឹងនេះ​​ផង​ដែរ។

ចៅសង្កាត់ដង្កោ លោកស្រី សឿង សេរី មានប្រសាសន៍​ថា ​ ជំនន់ទឹកស្ទឹងព្រែកត្នោត នៅថ្ងៃអង្គារនេះ បានបណ្ដាលឱ្យ​​លិចផ្ទះពលរដ្ឋចំនួន១២៥គ្រួសារ ដោយផ្ទះខ្លះទឹកលិចពាក់កណ្ដាលផ្ទះ ហើយផ្ទះខ្លះទើបលិចចូល​តិច​តួច។  ​

អ្នកស្រីបន្តថា យ៉ាងណា អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីផលប៉ះពាល់ជារួមបាននៅឡើយទេ ដោយសារទឹកចាប់ផ្ដើមហក់ឡើងខ្លាំង និងលិចនៅសង្កាត់ជាច្រើនទៀតក្នុងខណ្ឌដង្កោ ​រាជធានីភ្នំពេញ។

អ្នកស្រីបន្តថា៖ «ឆ្នាំនេះទឹកហូរខ្លាំងណាស់ បើនៅសង្កាត់គងនយ សង្កាត់សាក់សំពៅ ទឹកហូរខ្លាំងជាងសង្កាត់ដង្កោ។ ឯកឧត្ដម និងលោកស្រីអភិបាលខណ្ឌដង្កោ ពួកគាត់ចុះផ្ទាល់តែម្តង។ ដោយឡែក សង្កាត់ដង្កោ ទប់ទល់បាន ពួកគាត់ក៏គិតថាវាធូរស្រាលជាងខាងសង្កាត់ផ្សេងៗ។ សម្រាប់វិធានការ ពួកខ្ញុំត្រៀមតែបាវ​ បើខ្លាំងមែនទែន មានតែស្រែកអំពាវនាវរកកងទ័ព​និងថ្នាក់លើ ដោយមិនទាន់ហ៊ានគិតសុំអំណោយព្រោះសំខាន់ថ្នាក់លើកំពុងតែមមាញឹកដែរ តែក៏គិតថានឹងមានសល់តិចតួចខ្លះដែរ»។

វីអូឌី នៅមិនទាន់អាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេនៅថ្ងៃអង្គារនេះ ដោយលោកថាជាប់រវល់។

យ៉ាងណា ទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ ​បញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ​ បាន​​​ចុះ​ពិនិត្យនិង​ដឹកនាំ​កម្លាំង​ចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់។

ស្របគ្នានេះដែរ កាលពីថ្ងៃទី២៥ ខែតុលា រដ្ឋ​បាល​ខណ្ឌ​ដង្កោ ​ ​​បាន​ចេញ​សេច​ក្ដីជូន​ដំ​ណឹង​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជាប់​សណ្ដស្ទឹង​ព្រែក​ត្នោត ​រួម​មាន ​សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពាន​ថ្ម សង្កាត់​ទៀន​ សង្កាត់សាក់​សំ​ពៅ​ សង្កាត់​ជើង​ឯក សង្កាត់​ព្រែក​កំ​ពឹស និង​សង្កាត់​​គង​នយ ត្រូវ​ត្រៀម​សម្ភារនិង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​ជា​ប្រ​ចាំ​ ដើម្បីចៀស​វាង​ការ​បាត់​បង់​សម្ភារនិង​អាយុ​ជី​វិត។

ការប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ននេះ ដោយអាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងបានហក់ឡើងជាបន្តបន្ទាប់បណ្ដាលមកពីជំនន់ផ្នែកខាងលើ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ឈានដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដោយឡែក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង មានប្រសាសន៍ថា​ទាក់ទងនឹងស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅឯភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​ គិតមកត្រឹមថ្ងៃទី២៦ ខែតុលា ទឹកបាន​បន្តស្រកបណ្ដើរៗ។ លើសពីនេះ លោកថា ទ្វារទឹកក៏ចាប់ផ្ដើមទម្លាក់បណ្ដើរៗដែរ និងនៅកំពង់ទួលខាងក្រោម មានសភាពនឹង និងស្រកសន្សឹមៗផងដែរ។

លោកបន្តថា៖ «ប្រជាជនដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ប៉ះពាល់ស្រូវជាង៤០០ហិកតា និងផ្ទះសម្បែងមួយចំនួនដែលស្ថិតនៅតំបន់​ទាប»។

កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ​ក្នុង​ខណ្ឌដង្កោ បាន​ជន់​ឡើង​ខ្លាំង និង​បាន​ហូរ​ច្រាល​​ទៅ​តំបន់​កួរស្រូវ ក្នុង​ខណ្ឌដង្កោ នៅ​ថ្ងៃទី១៤ ខែតុលា ក្រោយពី​ទំនប់​ចម្ការ​តែ នៅ​ខ្នងភ្នំ​គិរីរម្យ​ដែល​ស្តុក​ទឹក៥លាន​ម៉ែត្រគូប បាន​បាក់ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយសារ​ឥទ្ធិពល​ព្យុះពេលនោះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សង្គ្រោះ បាន​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ជាបន្តបន្ទាប់ ខណៈ​រដ្ឋបាល​រាជធានី ឱ្យ​ដឹងបឋមពេលនោះ​ថា ទឹកជំនន់​ស្ទឹងព្រែកត្នោត បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥ ០០០គ្រួសារ ​ក្នុង​ខណ្ឌដង្កោ ក្នុង​នោះ ​ពលរដ្ឋ​ប្រមាណ​ជាង៣ ០០០​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ