ក្រសួង​លើកលែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺ​កូវីដ-១៩ ដែល​បញ្ចប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​តាម​ផ្ទះ

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យនិងព្យាបាលនៅតាមផ្ទះ។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលានេះ បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ដែលបានបញ្ចប់ការព្យាបាល​​នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺ​កូវីដ-១៩សម្រាក​ថែទាំនិង​ព្យាបាល​នៅ​តាម​ផ្ទះ ដោយមិនតម្រូវ​ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។

ប៉ុន្តែអ្នកជំងឺទាំងនោះត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន រួមមាន ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋាន​បាន​ពេញលេញ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិន​បើ​ពុំមាន​រោគ​សញ្ញា​ជំងឺ​កូវីដ-១៩ រយៈពេល៣ថ្ងៃចុងក្រោយបន្តបន្ទាប់​គ្នា (ថ្ងៃទី១១ ទី១២ និងទី១៣) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។

ក្រសួងបន្តថា ចំពោះអ្នកជំងឺកូវីដ-១៩បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៦ ទី៧ និងទី៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩។ បើលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-)] អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។

ផ្ទុយទៅវិញ បើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯងឡើងវិញនៅ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលផងដែរ។

លិខិតដដែលបញ្ជាក់​ថា ក្នុងករណីអ្នកដែលពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ទៅ រយៈ​ពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៩ ទី១០ និងទី១១) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតនោះទេ។

ទោះជាបែបនេះក្ដី ក្រសួងលើកទឹកចិត្តដល់អ្នកជំងឺកូវីដ-១៩ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវ​បានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​​​​អង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៨ ០០០​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៣ ៥២៧​នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៧៥១​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៥៤៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ