ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាជារដ្ឋាភិបាលរបស់ប្រទេស នឹងមិនអាចបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនោះទេ ហើយអាចនឹងធ្វើឱ្យប្រទេសនេះឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យមួយ។
លោកស្រី Christine Schraner Burgener បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «អំពើហិង្សានឹងមិនបញ្ចប់នោះទេ ប្រសិនបើមានការទទួលយកក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា ឬ SAC [State Administrative Council] ដែលដឹកនាំដោយរបបយោធាជារដ្ឋាភិបាលស្របច្បាប់»។
លោកស្រីបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា សហគមន៍អន្តរជាតិនឹងមិនចុះចាញ់។ យើងគួរតែតស៊ូជាមួយប្រជាជនបន្តទៀត»។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ កាលពីសប្ដាហ៍មុន បានលើកឡើងផងដែរថាប្រទេសមីយ៉ាន់ម៉ាបានឈានចូលទៅក្នុងសង្រ្គាមស៊ីវិល ហើយឱកាសក្នុងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិល ខណៈដែលរបបយោធាមិនមានចំណាប់អារម្មណ៍ក្នុងការសម្របសម្រួលឬកិច្ចពិភាក្សាណាមួយនោះទេ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើមយកអំណាចមកគ្រប់គ្រង កាលពីថ្ងៃទី១ ខែកុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ។
គួរបញ្ជាក់ថា អាស៊ាន កាលពីពេលកន្លងទៅ ក៏បានសម្រេចដកវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយលើកឡើងពីកង្វះវឌ្ឍនភាពនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីស្ដារសន្តិភាពរបស់ប្រទេសមួយនេះ ដែលរបបយោធាបានយល់ព្រមជាមួយតំបន់ កាលពីខែមេសាកន្លងទៅផងដែរ៕