រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការច្បាប់លើម្ចាស់អាជីវកម្មមួយចំនួនដែលបន្តចតយានយន្ត និងដាក់តាំងសម្ភារលក់ដូរ លើផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងសេចក្ដីជូនដំណឹងចុះកាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញ បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា មានពលរដ្ឋ ម្ចាស់អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន បានយកចំណីផ្លូវធ្វើជាកន្លែងដាក់តាំងសម្ភារលក់ដូរ ប្រកបអាជីវកម្ម និងយកយានយន្តមកចតលើកម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា ដែលជាចំណីផ្លូវសម្រាប់អ្នកថ្មើរជើងដើរជាដើម។
ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុព្រមានថា បើម្ចាស់អាជីវកម្មទាំងនោះនៅតែមិនព្រមបញ្ឈប់សកម្មភាពប្រើប្រាស់ផ្លូវសាធារណៈឬចំណីផ្លូវដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់នោះទេ នោះអាជ្ញាធរនឹងចាត់វិធានការច្បាប់តែម្ដង។
រដ្ឋបាលខេត្តព្រះសីហនុសរសេរថា៖ «ករណីបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន មិនអនុវត្តតាមខ្លឹមសារខាងលើ [ការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ] សមត្ថកិច្ចជំនាញនឹងអនុវត្តវិធានការរដ្ឋបាល និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលនៅជាធរមាន»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា ការចាត់វិធានការនេះគឺមានសុពលភាពតាំងពីថ្ងៃចុះហត្ថលេខា ពោលគឺថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះតែម្តង។
លោកថា៖ «វិធានការរដ្ឋបាលគឺ បើករណីឡាន គឺ [អាជ្ញាធរ] ត្រូវយកឡានទៅ។ ហើយបើសម្ភារដាក់តាំង គឺគេត្រូវដកហូតយកទៅសិន។ ហើយបើវិធានការច្បាប់វិញ គេមានច្បាប់ពាក់ព័ន្ធការប្រើប្រាស់ផ្លូវថ្នល់»។
ពេលសួរថា បើមានការហាមឃាត់បែបនេះ តើម្ចាស់អាជីវកម្មទាំងនោះនឹងត្រូវចតយានយន្តនៅឯណាជំនួសវិញ?
លោក ភារម្យ តបថា ម្ចាស់ទីតាំងនីមួយៗត្រូវសិក្សាពីទីតាំងចតផ្ទាល់ខ្លួន ព្រោះសំណង់អគារពេលសុំច្បាប់អនុញ្ញាតសាងសង់សុទ្ធតែត្រូវមានកន្លែងចតផ្ទាល់ខ្លួន។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះបន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្រុងព្រះសីហនុ មានគំនូសនិងកន្លែងចំណតនៅតាមបណ្ដោយផ្លូវ។ យ៉ាងណា លោកថា ចំនួនចំណតក៏នៅមានកម្រិតដែរ ហើយរដ្ឋបាលក៏កំពុងសិក្សាបន្ថែមពីទីតាំងសម្រាប់ចត ករណីមានភ្ញៀវទេសចរច្រើន។
ពលរដ្ឋមានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកស្រី ទ្រី រស្មី ប្រាប់ថា ការកំណត់វិធានការរបស់អាជ្ញាធរបែបនេះ គឺជារឿងល្អ បើអាជ្ញាធរអាចអនុវត្តបាន។
អ្នកស្រី ទ្រី រស្មី ថា៖ «បើរដ្ឋបាលខេត្តអាចអនុវត្តដូចសេចក្ដីប្រកាសនេះមែន គឺជារឿងល្អ។ វាជួយសណ្ដាប់ធ្នាប់ជាងមុន ហើយផ្លូវក៏ទូលាយជាងមុនដែរ។ ការធ្វើចរាចរណ៍ក៏មិនស្ទះ អ៊ីចឹងវាធ្វើឱ្យចំណេញពេលវេលាដល់អ្នកធ្វើដំណើរ។ អ៊ីចឹងបានអនុវត្តវិធានការហ្នឹង វាសម្រួលបានច្រើន»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុកខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ថ្លែងសាទរចំពោះវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុពេលនេះ។ លោកស្រីថា នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្ន កន្លែងសំណង់អគារ ហាងលក់ទំនិញ ភោជនីយដ្ឋាន ឬស្តារម៉ាត ជាដើម មិនមានកន្លែងចតទេ លើកលែងតែសណ្ឋាគារទេដែលមានកន្លែងចតត្រឹមត្រូវ។ យ៉ាងណា លោកស្រីថា អាជ្ញាធរគួរទុកពេលវេលាសមរម្យសម្រាប់ម្ចាស់អាជីវកម្មទាំងនោះបានដឹងព័ត៌មានជាមុនសិន ចៀសវាងចេញសេចក្ដីជូនដំណឹងភ្លាម រួចក៏ចាប់អនុវត្តភ្លាមៗ។
លោកស្រីបន្តថា៖ «ការជូនដំណឹងអំពីការអនុវត្តវិធានការនេះ វាជារឿងថ្មី អ៊ីចឹងគួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាសាធារណៈ។ ហើយអាជ្ញាធរក៏គួរតែដោះស្រាយបញ្ហាទីកន្លែង រកកន្លែងសាធារណៈសម្រាប់ចតយានយន្តហ្នឹងឱ្យបានទូលំទូលាយ»។
លោកស្រី ជៀប សុធារី បន្ថែមថា អាជ្ញាធរត្រូវអនុវត្តឱ្យមានតម្លាភាព ទាំងពលរដ្ឋទូទៅ និងអ្នកមានឋានៈឬអំណាច ទៅតាមច្បាប់ ដើម្បីធ្វើឱ្យវិធានការនេះមានប្រសិទ្ធភាព៕