អាជីវករ​ស្រុកឈូក​ថា​អាជ្ញាធរ​នៅ​តែ​យក​ភាស៊ី​ពី​អ្នកលក់​តាម​កញ្ច្រែងល្អី ដោយ​មិន​ស្ដាប់​ការ​ណែនាំ​របស់​រដ្ឋាភិបាល

លោក​ ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពត​ ចុះជួបសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​លើក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ ថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​​​។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អាជីវករមួយចំនួននៅស្រុកឈូក ត្អូញត្អែរថា អាជ្ញាធរនៅតែបន្តយកភាស៊ីពីអ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី បើទោះ​បី​ជាពួកគេប្រាប់អ្នកយកភាស៊ីថា អភិបាលខេត្តកំពតដែលទើបឡើងតំណែងថ្មី ឱ្យឈប់យកពីពលរដ្ឋចាប់ពីថ្ងៃនេះ​ក៏​ដោយ។

ការត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋនិងអាជីវករនៅក្នុងផ្សារឈូក កាលពីថ្ងៃ២៦ ខែតុលា​ ដើម្បីស្វែងយល់ពីសុខទុក្ខនិងជីវភាពប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ និងប្រាប់ទៅអាជ្ញាធរស្រុក ពិសេសអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អទាំងក្នុង ព្រមទាំងបរិវេណជុំវិញផ្សារ។ លើសពីនេះ មិនត្រូវយកថ្លៃភាស៊ី ចំពោះអាជីវករ​​ចាស់ជរានិងពលរដ្ឋ​ដែល​​ដា​ក់​​លក់តាមកញ្ច្រែង​ល្អី​តូចៗ ហើយត្រូវសម្រួលទីតាំងឱ្យពួកគាត់បានលក់ដូរសមរម្យជាដើម។

វ័យ៥៩ឆ្នាំ អ្នកស្រី ជៀស ម៉េត ដែលអះអាងថាជាអាជីវករ​លក់បន្លែត្រសក់ ស្ពៃតឿ ស្ពែក្រញាញ់ និងស្ពៃស នៅផ្សារ​ឈូក ខេត្តកំពត បានប្រាប់ វីអូឌី នៅថ្ងៃទី២៧ ខែតុលានេះថា​ រូបគាត់និងអាជីវករផ្សេងទៀតមានក្ដីរីករាយ នៅពេលទទួលបានព័ត៌មានកាលពីម្សិលមិញថា អភិបាលខេត្តថ្មី មិនឱ្យអាជ្ញាធរស្រុកនិងអ្នកគ្រប់គ្រងផ្សារ​យកភាស៊ីពី​ពលរដ្ឋ​ដែលដាក់​លក់​តាមកញ្ច្រែងល្អីតូចៗនេះ។

ប៉ុន្តែអ្នកស្រីបង្ហាញការសោកស្ដាយចំពោះអាជ្ញាធរដែលមិនអនុវត្តតាមការណែនាំនេះ​ ដោយសារ​នៅថ្ងៃទី​២៧ ខែតុលានេះ ប្រហែលជាងម៉ោង៩ព្រឹក អ្នកយកភាស៊ីតាមផ្សារឈូក នៅតែមកយកលុយភាស៊ី​ពីគាត់និងអាជីវករផ្សេងទៀត ក្នុងមួយកន្លែងចន្លោះពី៥០០រៀលដល់១ ០០០រៀល។

អ្នកស្រី​ថា៖ «ជួនណាគាត់មកយកភាស៊ីនៅម៉ោងជាង៩ ជួនណាម៉ោងជាង១០ព្រឹក គាត់ដើរមកយកភាស៊ីពីខ្ញុំនៅផ្សារ យកពីខ្ញុំ៥០០រៀល។ មកយកថ្ងៃហ្នឹង នៅម៉ោងប្រហែលជាង៩ព្រឹក។ បើគេលក់ធំដុំ គេយក១ ០០០រៀល បើខ្ញុំលក់តិចតួច គេយក៥០០រៀល»។

អ្នកស្រី អ៊ុន ធាវី ដែលអះអាងថាជាអាជីវករលក់សាច់​មាន់និងទាតាមកញ្ច្រែងល្អី ចន្លោះពី៥ទៅ១០ក្បាល​ក្នុងមួយថ្ងៃ និយាយ​ថា គាត់ត្រូវបង់ភាស៊ីក្នុងមួយថ្ងៃចំនួន១ ០០០រៀល ទៅឱ្យអ្នកគ្រប់គ្រងភាស៊ីក្នុងផ្សារឈូកជារៀងរាល់ថ្ងៃ ទោះបីជាលក់មិនដាច់ក៏ត្រូវបង់ឱ្យដែរ។

អ្នកស្រីស្នើទៅអ្នកគ្រប់គ្រងផ្សារឈូក ឱ្យឈប់យកភាស៊ីពីអាជីវករដែលលក់តាមកញ្ច្រែងល្អី តាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីទុកឱកាសឱ្យពលរដ្ឋបានសន្សំប្រាក់ខ្លះទ្រទ្រង់ជីវភាពក្នុងគ្រួសារ។

អ្នកស្រីស្នើថា៖ «ខ្ញុំចង់ឱ្យគាត់ [អភិបាលខេត្តកំពត លោក ម៉ៅ ធនិន] ជួយកុំឱ្យអាជ្ញាធរគាត់យកភាស៊ី ព្រោះយើងលក់បានតិចតួចគ្រាន់ទិញម្ហូប។ បើយកច្រើន ណាមួយយើងលក់មិនដាច់ អ្នកលក់មាន់មានគ្នា៤នាក់ ប្រាប់អាជ្ញាធរយកភាស៊ីថា បងយកម្នាក់៥០០រៀលទៅ គាត់[អ្នកយកភាស៊ី]ថាមិនព្រម គេមិនដឹងថាលក់​​ដាច់​ឬមិនដាច់ទេ ប៉ុន្តែមេគេឱ្យយក១ ០០០រៀល គេអត់ព្រមចុះ»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានផ្សារឈូកបានទេនៅថ្ងៃនេះ ខណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិន អះអាងថាជាប់រវល់ប្រជុំ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុកខេត្តកំពត លោក យន់ ផល្លី សាទរនឹងការលើកឡើងរបស់អភិបាលខេត្ត​ ដែល​អំពាវនាវ​ទៅអាជ្ញាធរឈប់យកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងល្អី។ ប៉ុន្តែលោកថា បើដូចអាជីវករលើកឡើងថា អ្នកយកភាស៊ីផ្សារនៅតែបន្តយកពីអាជីវករមែននោះ ថ្នាក់ដឹកនាំខេត្ត ត្រូវចាត់វិធានការរដ្ឋបាលឬវិធានការច្បាប់លើមន្ត្រីថ្នាក់ក្រោមទាំងនោះ ដើម្បីជាគំរូល្អ កុំឱ្យរឿងបែបនេះកើតឡើងបន្តទៀត ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនអនុវត្តទៅតាមអនុសាសន៍ ឬក៏តាមការណែនាំរបស់អភិបាលខេត្ត បានន័យថា អាជ្ញាធរដែនដីត្រូវមានវិធានការចំពោះបុគ្គលហ្នឹង ត្រូវតែមានវិធាន ដើម្បីជាគំរូល្អ ដើម្បីឱ្យអ្នកផ្សេងៗទៀតយកគំរូតាម»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ កត់សម្គាល់​ថា ក្រោយពីសារាចររបស់រដ្ឋាភិបាលចេញកាលពីដើមខែធ្នូ ឆ្នាំ២០១៦ មិនឱ្យអាជ្ញាធររាជធានី-ខេត្ត យកភាស៊ីពីអាជីវករក្រីក្រដែលលក់តាមកញ្ច្រែងល្អី គឺអាជ្ញាធរទាំងនោះផ្អាកយកបានប្រហែលជា៥ទៅ៦ខែតែប៉ុណ្ណោះ។ ក្រោយមក លោកថា ការយកភាស៊ីនៅតែបន្តកើតមានដដែល រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកមានប្រសាសន៍ថា៖ «អ្នកក្រីក្រលក់ដូរដើម្បីផ្គត់ផ្គង់សម្រាប់ជីវភាពប្រចាំថ្ងៃ ធ្វើឱ្យប៉ះពាល់ការប្រកបមុខរបរអាជីវកម្មតូចតាចរបស់ពួកគាត់។ ហើយចំណុចទី២ ធ្វើឱ្យមានការលំបាកសម្រាប់រកកន្លែងលក់ដូរតូចតាចទាំងអស់ហ្នឹងផងដែរ បើសិនជាមិនមានយន្តការច្បាស់លាស់ដូចមានចែងក្នុងសារាចររបស់រដ្ឋាភិបាល ឬអាជ្ញាធរទាំងអស់ហ្នឹងមានប្រសាសន៍តែក្នុងវេទិកា ឬក៏សំណេះសំណាលពលរដ្ឋ តែអត់មានយន្តការជាក់លាក់ណាមួយ យើងឃើញថា រឿងហ្នឹងវាហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីសម្រាប់ជាប្រយោជន៍ពលរដ្ឋប៉ុន្មានទេ»។

យោងតាម​សារាចររបស់រដ្ឋាភិបាលចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចលុបចោល​ការបង់ថ្លៃភាស៊ី និងការបង់ថ្លៃសេវាផ្សេងទៀត ចំពោះការលក់ដូររបស់​ប្រជាពលរដ្ឋ​តាមកញ្ច្រែង កញ្ជើ ល្អី ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ​សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ