រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ថា តាលីបង់​ចង់​មាន​កិច្ច​សន្ទនា​ជាមួយ​ពិភពលោក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (fmprc.gov.cn)

រដ្ឋមន្រ្តី​ការបរទេស​ចិន និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) បានឱ្យដឹងតាមរយៈសន្និសីទមួយដែលធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ថា ក្រុមតាលីបង់ដែលបច្ចុប្បន្នគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន មានគោលបំណង​ចង់ឱ្យ​មាន​កិច្ចសន្ទនា​ជាមួយ​សហគមន៍អន្តរជាតិ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តី​ការបរទេស​ចិនរូបនេះ ដែលបានលើកឡើងនៅក្នុងសារចេញផ្សាយដោយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ថា៖ «ក្រុមតាលីបង់ ពិតជាចង់មានកិច្ចសន្ទនាជាមួយពិភពលោកខ្លាំងណាស់ ហើយចិននឹងរៀបចំកិច្ចប្រជុំរវាងប្រទេសជិតខាងអាហ្វហ្គានីស្ថានលើកទី៣ ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខនេះ»។

ជាមួយគ្នានេះ លោក វ៉ាង យី ​ក៏​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​អាហ្វហ្គានីស្ថានផងដែរ។

ចិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានស្នើពិភពលោកគួរតែគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន មិនមែនដាក់សម្ពាធបន្ថែមទៀតនោះទេ ខណៈដែលពួកគេក៏បានទាមទារឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចនានា និងដកការបង្កកទ្រព្យសម្បត្តិអន្តរជាតិលើប្រទេសមួយនេះរាប់ពាន់លានដុល្លារផងដែរ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមតាលីបង់មួយរូបបានថ្លែងថា ប្រទេសចិនបានដើរតួនាទីស្ថាបនាក្នុង​ការ​លើក​កម្ពស់សន្តិភាពនិងការផ្សះផ្សានៅអាហ្វហ្គានីស្ថាន ហើយពួកគេស្វាគមន៍ចិនជានិច្ចក្នុងការរួមចំណែកក្នុងការកសាងឡើងវិញរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ