បុគ្គលិក​ទូរទស្សន៍ CNC ដែល​ក្រុមហ៊ុន​បញ្ឈប់​ពីការងារ​ពឹង​មេធាវី​ការពារ​អត្ថ​ប្រយោជន៍

ស្ថានីយ​ផ្សាយ​របស់ ក្រុម​ហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co.,Ltd)​ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។ (ផ្ដល់ឱ្យ)

បុគ្គលិកផ្នែកព័ត៌មាននៅទូរទស្សន៍ CNC ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ បានអះអាងថា ពួកគេកំពុងរក​កិច្ច​​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍​ផ្សេងៗតាម​ច្បាប់​ស្តីពី​ការងារ។

បុគ្គលិកផ្នែកព័ត៌មាន លោក យ៉ង់ សុភា បានឱ្យ VOD ដឹងនៅថ្ងៃពុធនេះថា ក្រុមការងារ​​ផ្នែក​ព័ត៌​មាន ផ្នែកកាត់​តរូប​ភាព និង​ផ្នែកសម្របសម្រួលកម្មវិធី សរុបចំនួន២២នាក់ ត្រូវបាន​ក្រុម​ហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co.,Ltd)​បញ្ឈប់ពី​ការ​ងារ ក្រោម​ហេតុ​ផល​ថា​ជួបវិបត្តិហិរញ្ញវត្ថុ។

លោកបន្តថា កាលពីថ្ងៃ​ចន្ទ ភាគី​ក្រុម​ហ៊ុនបានជូនដំណឹងឱ្យពួកគេមកកាន់ស្នាក់ការកណ្ដាល​នៅរាជធានី​ភ្នំពេញ ដោយ​យក​ទាំងឧបករណ៍ផ្សេងៗ​មកជាមួយផង ដើម្បីធ្វើជំរឿនបុគ្គលិក។ 

លោកថា៖ «ប៉ុន្តែពេលមកដល់ហ្នឹង គាត់ [ភាគីក្រុម​ហ៊ុន] បាន​ប្រាប់​ហេតុផល​យើង​ថា ក្រុមហ៊ុនមានបញ្ហា ត្រូវការរំសាយបុគ្គលិកមួយចំនួន។ គាត់មានលិខិតជាលាយលក្ខណ៍អក្សរឱ្យយើងចុះហត្ថលេខាទៅ ប៉ុន្តែយើងអត់ចុះទេ ដោយសារតែយើងយល់ឃើញថា អត្ថប្រយោជន៍ទាំងនោះមិនទាន់ស្របទៅតាមច្បាប់នៅឡើយ»។

បើតាមលោក សុភា ពេលនេះ​ក្រុម​ការងារ​នៅទូរទស្សន៍ CNC ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ បានរ​ក​​មេធាវី​ឱ្យជួយ​ការ​ពារ​ក្ដី ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍​បន្ថែម​ក្រៅ​​ពីក្រុមហ៊ុនទូទាត់ឱ្យ ទៅតាមច្បាប់​ស្តីពី​ការ​ងារ។

មេ​ធាវីនៅសហភាពការងារកម្ពុជា លោក ឌួង វាសនា អះអាងថា លោកបានទទួលការពឹងពាក់ករណីនេះ​​​ពីបុគ្គលិកទូរទស្សន៍ CNC ដែលត្រូវគេបញ្ឈប់ពិតមែន។ តែលោកថា មិនទាន់បានដឹងពីមូលហេតុលម្អិត​ពីដំណើរ​រឿង​នេះ​នៅឡើយ។

លោ​កថា៖ «គាត់ថាបញ្ឈប់ហើយ អត់គិតលុយ​ឱ្យស្របតាមច្បាប់ស្ដីពីការងារ»។

នា​យករងផ្នែកព័ត៌មាននៅទូរទស្សន៍ CNC កញ្ញា អ៊ុង ចាន់សោភា សុំមិនធ្វើអត្ថាធិប្បាយ ដោយថាមិនដឹ​ង​​រឿង​តវ៉ា​នេះ។

កញ្ញាថា៖ «ខ្ញុំអត់ទាន់ដឹងព័ត៌មានហ្នឹងទេ អ៊ីចឹងខ្ញុំអត់ទាន់មានអីនិយាយទេ»។

យ៉ាងណា បុគ្គលិកផ្នែកព័ត៌មានដែលត្រូវបញ្ឈប់ លោក យ៉ង់ សុភា បានបញ្ជាក់ថា​ ក្រុមបុគ្គលិក ដែល​ត្រូវក្រុម​ហ៊ុន​បញ្ឈប់ពីការងារដោយ​មិនមានកំហុសនេះ មិនបដិសេធចំពោះការសម្រេចរបស់ក្រុម​ហ៊ុន​នោះទេ​ ប៉ុន្តែ​ពួកគេ​​ស្នើ​​ឱ្យ​ក្រុម​ហ៊ុនអនុវត្ត​ផលប្រយោជន៍ជាសំណង​ទៅតាមច្បាប់​លើ​កិច្ច​សន្យាកា​រងារមិនកំណត់ថេរវេលា រវាងពួកគេ​និងក្រុមហ៊ុន ខណៈការបញ្ឈប់នេះ ភាគីក្រុមហ៊ុនបានផ្ដល់ឱ្យប្រាក់អតីតភាព ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ (គិតតែមួយឆ្នាំចុងក្រោយ) ប្រាក់ដំណាច់ជួសការជូនដំណឹង និងប្រាក់ខែចុងក្រោយ។ 

បើតាមលោក យ៉ង់ សុភា ការបញ្ឈប់ពួកគេនេះ ភាគីក្រុមហ៊ុនមិនបានផ្ដល់អត្ថប្រយោជន៍ទៅតាមច្បាប់កាងារទេ ដូចជា ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ និងប្រាក់ជំងឺចិត្ត ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ