រដ្ឋាភិបាល​កាត់​ដី​បឹងតាមោក​ជិត​៣៦​ហិកតា​ឱ្យ​ឧត្ដម​សេនីយ៍​ធំៗ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ

នាយឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីកន្លងទៅ។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដី «បឹងតាមោក» ឬ​ «បឹងទំនប់កប់ស្រូវ» ទំហំ​ជិត៣៦ម៉ឺនម៉ែត្រក្រឡា (៣៥៩ ៧២៧,៥ហិកតា​)  ឬស្មើជិត៣៦​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ទៅឱ្យអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់យោធាមួយចំនួនទៀត ​សម្រាប់ធ្វើកម្មសិទ្ធិ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដែលទទួលបានដីបឹងតាមោកនោះ រួមមា​ន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន, អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ព្រមទាំងលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជានាយកនៃ​នាយកដ្ឋានអធិការកិច្ចនៃក្រសួងការពារជាតិ លោក ​យ៉ា គឹមអ៊ី។

អនុក្រឹត្យដដែលបន្តថា រដ្ឋាភិបាលក៏បានសម្រេច​​​ប្រគល់ដីនៅបឹងតាមោកទៅឱ្យស្នងការនៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៀ សម្បត្តិ និងលោក​ ប៉ោ ម៉េង ផងដែរ។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បាន​ទទួលស្គាល់​ថា រដ្ឋាភិបាលពិ​ត​ជាកាត់ផ្ទៃដីបឹងតាមោកជិត៣៦​ហិកតា ឱ្យរូប​​លោក និងលោក វង្ស ពិសេន រួមទាំងមន្ត្រីផ្សេងទៀតប្រាកដមែន។ លោកបន្តថា ដីជិត៣៦​ហិកតា​នេះជាដីដែល​រូបលោកនិងមន្ត្រីផ្សេងទៀតទិញពីប្រជាពលរដ្ឋ ហើយពុំមែនជាដីបឹងនោះឡើយ។

លោកថា៖ «អនុក្រឹត្យហ្នឹងពិតត្រឹមត្រូវហើយ ព្រោះដីហ្នឹងជាដីរបស់ពួកខ្ញុំទិញពីប្រជាជនច្រើនឆ្នាំណាស់មកហើយ។ អ៊ីចឹងបានរាជរដ្ឋាភិបាលលោកប្រគល់មកឱ្យវិញហ្នឹង។ កន្លងមក មិនមែនផ្ទៃបឹងទាំងមូល​ទេ ប៉ុន្តែគេទប់ទឹកទៅ វាឡើងលិចទៅដល់ស្រែរបស់ប្រជាជន​ ដែលកាលខ្ញុំទិញ​ មិនមែនទិញបឹងទាំងមូលទេ។ អាណាទៅយកដីបឹងម៉េច អត់ទេ អត់មានទៅយកដីបឹងទេ»។

ក្រៅពីមន្ត្រីទាំងនោះ រដ្ឋាភិបាលក៏ធ្លាប់បាន​កាត់​ដីនៅ​តំបន់បឹងធម្មជាតិមួយនេះ​ប្រគល់​ឱ្យ​​ឧកញ៉ា ក្រុមហ៊ុនឯកជន អគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងក្រសួងមួយចំនួនទៀត។

ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ដីផ្ទៃបឹងតាមោកចំនួន១០០ហិកតា ​ប្រគល់ឱ្យក្រសួងមហាផ្ទៃ ធ្វើជាកម្មសិទ្ធិ ប៉ុន្តែដីផ្ទៃ១០០ហិកតានេះត្រូវបានក្រសួងមហាផ្ទៃប្រកាសលក់ ដើម្បីយកប្រាក់សម្រាប់សាងសង់អគារការិយាល័យដែលមានស្រាប់ឡើងវិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ វីអូឌី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ​ថាមូល​ហេតុដែលក្រសួងប្រកាសលក់ដីបឹងតាមោក ១០០​ហិកតានោះ ដោយសារ​ខ្វះប្រាក់សម្រាប់កសាងអគារទីស្ដីការក្រសួងមហាផ្ទៃ។

លោកថា៖ «ការកសាងហ្នឹង យើងបានស្នើសុំលុយពីរដ្ឋាភិបាលហើយ ​ហើយយើងខ្វះលុយសាងសង់អគារហ្នឹង ដូចសម្ដេចក្រឡាហោមលោក​មានប្រសាសន៍អ៊ីចឹង ​អត់មានប្រើប្រាស់លុយរដ្ឋាភិបាលទេ។ យើងប្រើប្រាស់លុយដូនតាយើង ​​ហើយលុយដូនតាយើង គឺលុយដីហ្នឹងឯង។ ដូច្នេះ គណៈកម្មការហ្នឹង​​ ដើម្បីបានដីហ្នឹងហើយ ​​យើង​ដោះដូរជាប្រាក់។​ ដូច្នេះ បានប៉ុន្មានៗ ទាល់តែសួរគណៈកម្មការហ្នឹងទៅ ពូមិនដឹងទេ! [យើងចាប់ផ្ដើមសាងសង់] និយាយរួម យើងនៅតែពិភាក្សាថ្លៃ ​មើលប្លង់ដីឡើងវិញ យើងចាប់ផ្ដើមសាងសង់មិនហួសពីឆ្នាំហ្នឹងទេ»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង បង្ហាញការសោក​ស្ដាយ នៅពេល​រដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោកដែលជាបឹងធម្មជាតិចុងក្រោយសម្រាប់រំដោះ​ទឹក​នៅ​រាជធានីភ្នំពេញ ទៅឱ្យបុគ្គលឯកជន បើទោះបីជាកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសប្ដេជ្ញាការពារក៏ដោយ។ 

លោកស្នើទៅរដ្ឋាភិបាលបញ្ឈប់ការកាត់ឬលុបបឹង​ធម្មជាតិបន្តទៀត ដោយថា ការលុបបឹងនេះបាន​បង្កផលប៉ះពាល់បរិស្ថានច្រើន រួមទាំងធ្វើឱ្យមានទឹកជន់​លិចរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ចាប់តាំងពីបឹងធំៗត្រូវបានលុបអស់នោះ។

លោកថា៖ «ខ្ញុំគិតថា ដល់ពេលដែលរដ្ឋាភិបាលឈប់កាត់ផ្ទៃបឹងធម្មជាតិហើយ ពីព្រោះអីការកាត់ផ្ទៃបឹងធម្មជាតិ ប្រគល់ទៅឱ្យឯកជន វាមិនបានផ្ដល់ផលសម្រាប់ការអភិវឌ្ឍទីក្រុងទេ ហើយក៏ជារឿងអយុត្តិធម៌សម្រាប់ប្រជាជនផ្សេងទៀត។ ពួកគាត់ទទួលបានដីសង្គមកិច្ចនៅតំបន់ដាច់ស្រយាល ឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់ កងទ័ព ឬកងរាជអាវុធហត្ថ បែរជាទទួលបានដីនៅក្នុងទីក្រុង ដោយមិនមានការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន»។

បឹង​តាមោក មាន​ផ្ទៃដី​សរុប​៣ ២៣៩ហិកតា ជាអាង​ស្តុក​​ទឹ​ក​កខ្វក់ និងរំដោះទឹក​ចេញ​​ពី​រាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាល​​​ចេញ​អនុក្រឹត្យមួយកាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់​​បឹង​ធម្មជាតិ​មួយនេះជាសម្បតិ្ត​សាធារណៈរបស់រដ្ឋ។

ប៉ុន្តែយោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលដែលបានចេញ​ជាបន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់ខែចុងខែកញ្ញា ​ឆ្នាំ២០២១ ​ផ្ទៃ​បឹង​​តា​មោកជាង១ ០០០ហិ​ក​តា​​ហើយ ត្រូវ​បាន​​រដ្ឋាភិបាលខ្លួនឯង​​បានកាត់​និង​​ដោះដូរ​​ទៅ​​ឱ្យ​​ស្ថាប័ន​រដ្ឋ និង​​ក្រុមហ៊ុន​​ឯកជន ទៅឱ្យបុគ្គលឯកជន ដែលគេដឹងថា ជាអ្នកមានប្រាក់និងមានអំណាច សម្រាប់​​សាងសង់​​អគារ​និង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ​៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ