តុលាការ​ខេត្ត​កោះកុង កោះហៅ​សកម្មជន​ដីធ្លី​ម្នាក់​ទើប​សម្រាល​កូន​ឱ្យ​ចូល​សវនាការ​តាម​បណ្ដឹង​ឧកញ៉ា

​ពលរដ្ឋមួយក្រុមដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ «ហេង ហ៊ុយ» ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាននាំ​គ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទ​ដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។ (ផ្ដល់ឱ្យ)

តុលាការ​ខេត្តកោះកុង បានកោះហៅសកម្មជនដីធ្លីម្នាក់ដែលទើបនឹងសម្រាលកូនឱ្យចូលសវនាការ​នៅ​សប្ដាហ៍​ក្រោយ ទៅតាមបណ្ដឹងរបស់​ឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿង​បរិហារកេរ្តិ៍។

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) និងជាមន្ត្រីនគរបាលខេត្តកោះកុង លោក ហេង ហ៊ុយ បានប្ដឹងអ្នកស្រី អិប តឹង ទៅអធិការនគរបា​ល​ស្រុកស្រែ​អំបិល ក្រោយ​ពី​ស្ត្រីរូប​នេះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា លោក ហេង ហ៊ុយ បានរំលោភ​យក​ដីធ្លី និង​ប្ដឹងពួកគាត់ទៅតុលាការទៀត។

ក្នុងបណ្ដឹងចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក ឃុន តឿន បានចេញដីកាកោះហៅអ្នកស្រី អិប តឹង រស់​នៅភូមិ​តានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យ​បង្ហាញ​ខ្លួន​នៅ​សវនាការ​នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ក្រោម​បទ​ចោទ «បរិហារកេរ្តិ៍ជាសាធារណៈ»។

អ្នកស្រី អិប តឹង បានផ្សព្វផ្សាយរូបថតលោក ហេង ហ៊ុយ លើហ្វេសប៊ុករបស់អ្នកស្រី​ដែល​មាន​ឈ្មោះ «ដា​ដា ដា​ដា» កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយ​​បានសសេរថា «កើតជាមនុស្ស មុននិងក្រោយគង់តែស្លាប់ តែមុននឹងស្លាប់ ធ្វើឱ្យល្អបន្តិចទៅ កុំដូចពាក្យចាស់ថា ខ្លួនរស់តែឈ្មោះស្អុយរលួយគួរឱ្យខ្ពើម មិនចង់ឮ! ដូចលោក ហេង ហ៊ុយ ប្លន់ដីពលរដ្ឋហើយ ហៅពលរដ្ឋឡើងតុលាការទៀត»។

លោក ហេង ហ៊ុយ បានលើកឡើងក្នុងបណ្ដឹងថា ការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់​អ្នកស្រី អិប តឹង ​នេះ​ជាការ​ភូត​កុហក​បោក​ប្រាស់ ​​មួល​បង្កាច់​បង្ខូច​កេរ្តិ៍​ឱ្យ​មាន​ការ​រើស​អើង និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់លោកយ៉ាងធ្ងន់ធ្ងរ។ ករណីនេះ លោកស្នើសមត្ថកិច្ចចាត់វិធានការ​លើ​អ្នកស្រី អិប តឹង ទៅតាមផ្លូវច្បាប់ផងដែរ។

អ្នកស្រី អិប តិង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា អ្វីដែលអ្នកស្រីផ្សព្វផ្សាយតាមហ្វេសប៊ុកនោះជារឿងពិត។ អ្នកស្រីថា​ លោក ហេង ហ៊ុយ បានរំលោភយកដីធ្លីរាប់ពាន់ហិកតារបស់ពលរដ្ឋ នៅស្រុកស្រែអំបិល ដោយបច្ចុប្បន្ន​ ពួកគាត់១៩៧គ្រួសារមិនទាន់ទទួលបានដោះស្រាយនៅឡើយទេ ហើយលោក ហេង ហ៊ុយ បានប្ដឹងតំណាងពលរដ្ឋ១០នាក់ទៅតុលាការថែមទៀត។

អ្នកស្រី អិប តឹង ដែលអះអាងថាទើបសម្រាកកូនបាន២០ថ្ងៃ និងកំពុងមានបញ្ហាសុខភាពដោយសារធ្លាក់​​ឈាម​ច្រើន​ផង​នោះ បានបង្ហាញការខកចិត្តចំពោះតុលាការខេត្តកោះកុងដែលចាត់ការលើអ្នកស្រីទៅតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ យ៉ាងអយុត្តិធម៌បែបនេះ ខណៈគ្រួសារអ្នកស្រីនិងជាច្រើនគ្រួសារទៀតបានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរបស់លោក​ ហេង ហ៊ុយ និងជាប់បណ្ដឹងនៅតុលាការទៀតនោះ។

ស្ត្រីរូបនេះឱ្យដឹងថា អ្នកស្រីមិនអាចចូលទៅសវនាការតាមកោះហៅរបស់តុលាការបានទេ ដោយសារអ្នកស្រី​មាន​បញ្ហា​សុខភាព និងទើបសម្រាលកូន ហើយម្យ៉ាងទៀតមិនទាន់រកមេធាវីបាននៅឡើយ។

អ្នកស្រីបន្ថែមថា៖ «អ្វីដែលអ្នកស្រីនិយាយគឺជារឿងពិត គឺលោក ហេង ហ៊ុយ បានយកដីរបស់ពួកគាត់​មែន។ លោក ហេង ហ៊ុយ ខ្លាចខូចកេរ្តិ៍ឈ្មោះ ខ្លាចគេរើសអើង ចុះគាត់ប្លន់ដីគេហ្នឹង គាត់មិនគិតផង គាត់អត់គិតទេ! ចុះពួកខ្ញុំដែលរងគ្រោះដីធ្លីអស់រយៈពេល១២ឆ្នាំនេះ អត់មានដីបង្កបង្កើនផល ហេតុអីគាត់មិនគិត​ផង»

បើតា​មអ្នកស្រី អិប តឹង គឺលោក ហេង ហ៊ុយ បានប្ដឹងអ្នកស្រីទៅតុលាការចំនួន២ដង​ហើយ ពាក់ព័ន្ធ​បទបទ​ចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» នេះ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ គឺលោក ហេង ហ៊ុយ បាន​ទេនៅថ្ងៃនេះ។

ប៉ុន្តែលោក​​ធ្លាប់​មាន​ប្រសាសន៍​ថា ដី​​ដែ​ល​​ក្រុមហ៊ុន​របស់លោកកំពុង​កាន់​កាប់​នោះជា​ដី​មាន​​​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​​ស្របទៅតាម​ច្បាប់ ដែលលោកបានប្រមូលទិញពីប្រជាពលរដ្ឋជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​​បន្តថា ករណីពលរដ្ឋក្នុងចំនួន​ច្រើន​ដែលនាំគ្នាតវ៉ា និងប្ដឹងលោកថារំលោភយកដីធ្លីនោះ គឺធ្វើឡើងតាម​​ការញុះញង់​របស់មេខ្យល់តែប៉ុណ្ណោះ ហើយថា លោកមិនបានទៅរំលោភយកដីធ្លីពលរដ្ឋ ដូចការចោទប្រកាន់ឡើយ។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានស្នើដល់តុលាការឱ្យពិចារណាឡើងវិញ ចំពោះចំណាត់លើបណ្ដឹងប្រឆាំងអ្នកស្រី អិប តឹង។ លោកថា រឿងនេះកើតឡើងដោយសារបញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា ហេង ហ៊ុយ មិនត្រូវបានដោះស្រាយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី អិប តឹង និងរក​ដំណោះស្រាយដីធ្លីជូនពលរដ្ឋវិញ ដើម្បីចៀសវាងការរិះគន់ពីសំណាក់មហាជនចំពោះចំណាត់ការនេះ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា តុលាការគួរតែពិចារណា​ទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញ​មតិ និង​គិត​ទៅលើ​ហេតុអ្វី​ដែល​នាំឱ្យគាត់សម្រេចចិត្តសរសេរសារបែបនេះ ថាតើគាត់សរសេរហ្នឹងក្នុងនាមបរិហាកេរ្តិ៍លោកឧកញ៉ា ហេង ហ៊ុយ ឬក៏សារហ្នឹងចង់ឱ្យអាជ្ញាធរដោះស្រាយដីធ្លីជូនពួកគាត់។ ណាមួយ គាត់ទើបតែឆ្លងទន្លេហើយរយៈពេល២០ថ្ងៃទេ អ៊ីចឹង​តុលាការគួរតែពិចារណាក្នុងការទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគាត់»

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមពលរដ្ឋ១៩៧គ្រួសារ ក្នុងនោះ​មានអ្នកស្រី អិប តឹង ដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាននាំ​គ្នាធ្វើយុទ្ធនាការ​តាម​បណ្ដាញសង្គមទាមទារឱ្យមានការដោះស្រាយវិវាទ​ដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ១០នាក់ដែលកំពុងរង​បណ្ដឹងនៅ​ស្ថាប័នមួយនេះផង​ដែរ។

ពលរដ្ឋទាំងនោះអះអាង​​ថា ដី​ទំហំ​១ ២០០ហិកតារបស់ពួកគាត់ទាំង១៩៧គ្រួសារនេះ ត្រូវបានក្រុម​ហ៊ុន​របស់​លោក​ ហេង ហ៊ុយ ដែលជា​មន្ត្រីនគរបាលខេត្តកោះកុងរំលោភយកអស់តាំងពីឆ្នាំ២០០៧ ហើយ​លោក ហេង ហ៊ុយ បានប្ដឹងតំណាងពលរដ្ឋ១០នាក់​ទៅតុលាការ​ពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ