ក្រសួង​ប្រកាស​បើក​ទទួល​ទេសចរ​បរទេស​នៅ​តំបន់​គោលដៅ​៣ នៅ​ចុង​ខែ​វិច្ឆិកា

ទិដ្ឋភាព​​នៅប្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួង​ទេសចរណ៍ សម្រេចបើកទទួលភ្ញៀវទេសចរ​វ៉ាក់សាំង​ពីក្រៅប្រទេសតាមផ្លូវអាកាស នៅចុងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២​០​២១ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កពេលមកកម្សាន្តនៅ​កម្ពុជា នៅ​តំបន់​គោលដៅ៣ ក្នុង​ខេត្តព្រះសីហនុ និងកោះកុង ហើយនឹងបន្តបើកខេ​ត្តសៀមរាបនៅដើមឆ្នាំ២០២២។

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីកម្ពុជាប្រកាសបើកទទួលជើងហោះហើរត្រង់ពីប្រទេសអាស៊ានចំនួន៣ រួមមា​ន ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ឡើងវិញ និងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បញ្ជាឱ្យបើកទទួលអ្នកដំណើរពីប្រទេសថៃ ដោ​យមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័ក។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ខែតុលា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្រេចបើក​ឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ អាចចូលមកកម្សាន្តនៅកម្ពុជា នៅក្រុងព្រះសីហនុ និងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ដោយមិនចាំបាច់ដាក់ខ្លួនដាច់ដោយឡែកក្នុងសណ្ឋាគារ​។

យ៉ាងណា បើតាមសេចក្ដីប្រកាសដដែល ភ្ញៀវម្នាក់ៗត្រូវធ្វើចត្តាឡីស័កក្នុងតំបន់នីមួយៗរយៈពេល៥ថ្ងៃ ហើយត្រូវធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ តាមម៉ាស៊ីន PCR នៅ១ថ្ងៃមុន មុននឹងធ្វើដំណើរចាកចេញទៅតំបន់គោលដៅទេសចរណ៍ផ្សេងទៀត ឬចាកចេញពីកម្ពុជា ដើម្បីធានាថាមិនមានឆ្លងជំងឺផ្លូវដង្ហើមថ្មី។

តាមប្រភពដដែល ខាងក្រសួងនឹងពង្រីកគោលដៅទេសចរណ៍បន្ថែមទៀត និងបន្ថយរយៈពេលធ្វើចត្តាឡីស័កក្នុងតំបន់មកនៅត្រឹម៣ថ្ងៃ នៅដំណាក់កាលបន្តបន្ទាប់ទៀត រហូតដល់ការបើ​កទទួលទេសចរអន្តរជាតិទាំងស្រុង​នៅទូទាំងប្រទេស ដោយមិនចាំ​បាច់ធ្វើចត្តាឡីស័កអ្វីទាំងអស់។

លោក ថោង ខុន បន្ថែមថា៖ «ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័ស​រក​អង់ទីហ្សែ​នកូវីដ-១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សា​ន្តដោយសេរីនៅក្នុងតំបន់ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ​ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន»

ដោយឡែក ក្នុងដំណាក់កាលនេះ ភ្ញៀវក៏ត្រូវបំពេញតាមលក្ខខណ្ឌបន្ថែមមួយចំនួនដូចជា ត្រូវមានលិខិតធានារ៉ាប់រងសុខភាព និ​ងប​ង់ប្រាក់ធានាថ្លៃព្យាបាលជំងឺកូវីដ-១៩ជាយថាហេតុ លិខិតបញ្ជាក់គ្មានជំងឺកូវីដ-១៩ចេញក្នុងរយៈពេល៧២ម៉ោងមុនឡើ​ងយ​ន្តហោះ និងឱ្យធ្វើតេស្តរហ័សនៅពេលចូលមកដល់ព្រលានយន្តហោះក្នុងប្រទេសផងដែរ។

ប្រធានគ្រប់គ្រងផ្នែកលក់នៃរមណីយដ្ឋាន Moonlight លើកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លោក ឈាន​ សុចិត្រា រំពឹងថា ភ្ញៀវទេសចរ​អន្តរជាតិមកកម្សាន្តខេត្តព្រះសីហនុ នឹងកើនឡើងបន្តិច​ឡើងវិញ​នៅចុងឆ្នាំនេះ តាមរយៈគោលន​យោបាយរបស់រដ្ឋាភិបាល។

លោកថា អំឡុងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំនេះ ម្ចាស់រមណីយដ្ឋានមានការខាតបង់​ស្ទើររៀងរាល់ខែ ទៅលើការចំណាយចាំបាច់ផ្សេងៗ។ យ៉ាងណា លោកថា ខាងលោកនៅតែបន្តផ្សព្វផ្សាយកញ្ចប់ទេសចរណ៍តា​មប្រព័ន្ធអនឡាញ និងតាមភ្នាក់ងារទេសចរណ៍ជាធម្មតា ដោយមិនទាន់មានរៀបចំកញ្ចប់ទាក់ទាញពិសេសសម្រាប់ភ្ញៀវក្រៅស្រុ​កនៅឡើយ។

លោក ឈាន សុចិត្រា ថ្លែងថា៖ «បញ្ហាហ្នឹង ខ្ញុំអត់ទាន់បានរៀបចំអីទេ នៅចាំមើលស្ថានភាពជាក់ស្ដែងសិន ចាំមើលខ្ញុំឆ្លងកាត់យោបល់ថ្នាក់លើដែរ។ ឥលូវយើងនៅលក់ធម្មតាៗសិន ចាំមើលមានភ្ញៀវមានអីច្រើនបន្តិច ចាំយើងរៀបចំជាកញ្ចប់សេវាកម្ម ឬជាប្រូម៉ូសិនអីផ្សេងៗសម្រាប់ភ្ញៀវយើងថ្មីៗ ទទួលភ្ញៀវអឺរ៉ុបហ្នឹងមក»

ដោយឡែក ប្រធានគ្រប់គ្រងរមណីយដ្ឋាន Mafiya នៅកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គាំទ្រចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាល បើទោះជាភ្ញៀវភាគច្រើនដែលជួលបន្ទប់ស្នាក់នៅរមណីយដ្ឋានរបស់លោកជាភ្ញៀវក្នុងស្រុកក្ដី។ លោកថា រម​ណីយដ្ឋានរបស់លោកបានអនុវត្តវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ ដោយទទួលតែភ្ញៀវមានបណ្ណចាក់វ៉ាក់សាំងរួច រៀបចំវិធានគម្លាតសុវត្ថិភាព និងអនាម័យ ជាដើម តាំងពីមុនសេចក្ដីសម្រេចមកម្ល៉េះ។

លោក ម៉ៅ អែល និយាយថា៖ «ខាងខ្ញុំភាគច្រើន ជាទូទៅ គឺភាគច្រើនជាភ្ញៀវក្នុងស្រុក ហើយយើងមានភ្ញៀវចិនខ្លះដែរដែលគាត់ឧស្សាហ៍មកគេង ភ្ញៀវចាស់ៗ ប៉ុន្តែពួកខ្ញុំនៅតែរំពឹងថានឹងអាចមានភ្ញៀវល្អប្រសើរឡើងនៅចុងឆ្នាំ[២០២១] ឬក៏ដើមឆ្នាំ២០២២»

ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា នេះជាពេលវេលាដែលកម្ពុជាសមល្មមត្រូវត្រៀមខ្លួនបើកទទួលទេសចរណ៍អន្តរជាតិហើយ បន្ទាប់ពីរដ្ឋាភិបាលជោគជ័យគោលដៅបង្កើតភាពផ្សាំនឹងជំងឺកូវីដ-១​៩ ស​ម្រា​ប់ពលរដ្ឋ។

អ្នកស្រីថា ការបើកគោលដៅទេសចរណ៍៣តំបន់នេះជាការចាប់ផ្ដើមដ៏ត្រឹមត្រូវ មុននឹងបន្តពង្រីកបន្ថែមដល់ខេត្តសៀមរាប រាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ដើម្បីស្ដារវិស័យទេសចរណ៍និងសេវាកម្មដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជិត២ឆ្នាំមកនេះ។

លោកស្រីបន្ថែមថា ប្រតិបត្តិករទេសចរណ៍ក្នុងស្រុក បានចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយនិងកញ្ចប់សេវាទេសចរណ៍ ដើ​ម្បីស្រូបទាញភ្ញៀវអន្តរជាតិទៅតាមតំបន់និងជា​តិសាសន៍ផ្សេងៗគ្នាជាបណ្ដើរៗហើយ បន្ទាប់ពីមានការកំណត់កាលប​រិច្ឆេទនិងលក្ខខណ្ឌជាក់លាក់ក្នុងការបើកទទួលភ្ញៀវពីក្រៅប្រទេសឡើងវិញពីរដ្ឋាភិបាល។ 

ប្រភពដដែលបន្ថែមថា កិច្ចការទាំងនេះទាមទារពេលវេលាមួយចំនួនដើម្បីអាចសម្រេចជោគជ័យ ដោយសារភ្ញៀវទេសចរ​អន្តរជាតិ ខុសពីភ្ញៀវទូទៅដែលមានបំណងចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារ មុខជំនួញ ឬមកសួរសុខទុក្ខសាច់ញាតិ។

លោកស្រីបន្ថែមថា៖ «ដោយឡែក ភ្ញៀវទេសចរគឺគាត់ត្រូវមានផែនការ គាត់ត្រូវមើល ពិនិត្យមើលទីតាំង ឬគោលដៅដែលគាត់ទៅហ្នឹង ហេតុអីបានគេប្រកាសបើកទទួលភ្ញៀវ? តើគាត់មានអ្វីជាសម្អាង? គេត្រូវមើលព័ត៌មានឱ្យលម្អិត ហើយនិងគេមើលទៅលើកញ្ចប់ទស្សនកិច្ច ក៏ដូចជាខ្សែទស្សនកិច្ចហ្នឹង ថាតើគេចូលចិត្តឬអត់! ហើយនិងមានការសាកសួរយ៉ាងហោចណាស់ក៏មួយខែដែរ»

យ៉ាងណា លោកស្រី ឆាយ ស៊ីវលីន ស្នើឱ្យភាគីពាក់ព័ន្ធជួយរៀបចំដំណើរការធ្វើតេស្តសំណាកដល់ភ្ញៀវឱ្យមានភាពងាយស្រួ​ល រលូន និងមិនចំណាយពេលយូរ ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកជួយបង្ថែមជើងហោះហើរពីប្រទេសផ្សេងៗចូលព្រលានយន្តហោះភ្នំពេញ ហើយបន្តទៅព្រលានយន្តហោះខេត្តព្រះសីហនុ ឬកោះកុង ខណៈបច្ចុប្បន្ន ខេត្តព្រះសីហនុមានជើងហោះហើរត្រង់ពីក្រៅប្រទេស​ក្នុង​ចំនួនតិចតួចនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ