អាមេរិក ថ្កោលទោស​ការ​កាន់កាប់​អំណាច​ដោយ​ពួកយោធា​របស់​ស៊ូដង់

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែតុលា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនាតាមរយៈទូរសព្ទជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ស៊ូដង់ ​អ្នកស្រី​ Mariam Sadiq al-Mahdi នៅថ្ងៃព្រហស្បតិ៍នេះ បាន​ថ្កោល​ទោសទាក់​ទង​ទៅនឹងការកាន់កាប់អំណាចដោយពួកយោធារបស់ប្រទេសស៊ូដង់ និងការចាប់ខ្លួនមេដឹកនាំស៊ីវិលមួយចំនួន​របស់ប្រទេសនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិករូបនេះ ដែលបានលើកឡើង​នៅលើបណ្ដាញសង្គម​ ​ធ្វីតធ័រ​ (Twitter) ថា ពួកគេក៏បានពិភាក្សាអំពីវិធីដ៏ល្អបំផុតដែលសហរដ្ឋអាមេរិកអាចគាំទ្រចំពោះការអំពាវនាវរបស់ប្រជាជនស៊ូដង់ សម្រាប់ការវិលត្រលប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញផងដែរ។

គិតចាប់តាំងពីមានការដណ្ដើមអំណាចរបស់ពួកយោធា កាលពីថ្ងៃចន្ទ មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេស​ស៊ូដង់ បានប្រមូលផ្ដុំគ្នាចេញមកដើរនៅតាមដងផ្លូវទាំងឡាយ ដើម្បីធ្វើសកម្មភាពតវ៉ានានា ដែល​ក្នុង​នោះ​មនុស្សជា​ច្រើន​នាក់​ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ​ផង​ដែរ។

គួរបញ្ជាក់ថា នាយក​រដ្ឋមន្ត្រី​​ស៊ូដង់ លោក Abdalla Hamdok ក៏ត្រូវបានកងកម្លាំងផ្លាស់ទៅកាន់ទីតាំងមិនស្គាល់មួយ បន្ទាប់ពីលោកបដិសេធចេញសេចក្ដីថ្លែងការណ៍ដើម្បីគាំទ្រដល់រដ្ឋប្រហារយោធានេះ ស្របពេល​ទាហានក៏បានចាប់ខ្លួនសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់ស៊ូដង់ និងមេដឹកនាំគណបក្សដែលគាំទ្ររដ្ឋាភិបាលមួយចំនួនធំផងដែរ ដែលបានធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ