កម្ពុជា ក្លាយ​ជា​ប្រធាន​ប្ដូរវេន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកញញួរថាកម្ពុជាក្លាយជាប្រធានប្ដូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២២ ជាផ្លូវការ ក្រោយ​ពី​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣៨ និង​លើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមាន​ប្រទេស​ប្រុយ​ណេ​ជា​ម្ចាស់​ផ្ទះ បាន​​បិទ​​បញ្ចប់​។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កម្ពុជា ក្លាយជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២ជាផ្លូវការ ក្រោយ​ពី​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣៨ និង​លើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមាន​ប្រទេស​ប្រុយ​ណេ​ជា​ម្ចាស់​ផ្ទះ បាន​​បិទ​​បញ្ចប់​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុក​របស់លោកនៅ​រសៀល​ថ្ងៃ​​​ទី២៨ ខែតុលានេះថា ការប្រជុំកំពូលអាស៊ាន​លើកទី៣៨ និងលើកទី៣៩ ត្រូវ​បាន​បិទ​បញ្ចប់ជាមួយ​នឹង​ការ​ទទួល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​របស់​កម្ពុជា សម្រាប់ឆ្នាំ២០២២។

លោក​បន្តថា៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែល​បាន​កាន់​ញញួរប្រធាន​អាស៊ាន​រហូត​៣ដង ដែល​ខ្ញុំសូ​មយក​ឱកាស​នេះ​ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបា​ន​គាំទ្រ​ដល់​​រូប​ខ្ញុំក្នុង​ការ​ដឹក​នាំ​កម្ពុជា​ ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួម​ក្នុងកិច្ចការ​តំបន់និងអន្តរជាតិតាមរយៈអាស៊ាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាក្នុងពិធីបិទ​កិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី​៣៨ និង​៣៩ នៅ​ថ្ងៃ​នេះ​​​ដែរ​​​ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»

លោក​នាយករដ្ឋមន្ត្រី​បានគូសបញ្ជាក់ដែរ​ថា ការងារអាទិភាពចំនួន៣ដែលកម្ពុជានឹងយកចិត្តទុកដាក់ជាអាទិភាពក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ រួមមាន សសរស្ដម្ភនយោបាយនិងសន្តិសុខ សសរស្ដម្ភសេដ្ឋកិច្ច និងសសរស្ដម្ភសង្គម-វប្បធម៌។

កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៨ និង៣៩ រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានប្រទេស​ប្រុយ​ណេ​ជាម្ចាស់ផ្ទះនោះ បាន​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២១។​

បើតាម​ការផ្សព្វផ្សាយ​ក្នុង​​ទំព័រហ្វេ​សប៊ុករបស់​លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធី​បើ​ក​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ គឺ​កិច្ចប្រជុំកំពូល​នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្ដីថ្លែងការណ៍របស់ខ្លួន​ស្តីពីការលើកកម្ពស់ពហុភាគីនិយមចំនួន៩ចំណុច

លោក​បន្តថា សេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន​​ស្តីពី«ការលើកកម្ពស់ពហុភាគីនិយម»នោះ​ រួមមាន ​រំឭកឡើងវិញ​ពី​តម្រូវ​ការ​របស់អាស៊ានក្នុង​ការ​រក្សាសាមគ្គីភាព ភាពស្អិតល្មួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណងនិងគោលការណ៍របស់ខ្លួនដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម និង​​បញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយ​ជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញចំពោះដំណើរការផ្នែកច្បាប់និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែងឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ជាមួយ​គ្នា​នេះដែរ​ មេដឹកនាំអាស៊ានក៏នឹងពង្រឹង​មជ្ឈភាពនិងឯកភាពអាស៊ាននៅក្នុងការចូលរួមប្រកប​ដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ ​មាន​តម្លាភាព បរិយាប័ន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្ដាល។

បញ្ជាក់ជាថ្មីអំពីគោលបំណងនិងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្ដល់ជាមគ្គុទ្ទេសក៍សម្រាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា និង​​រំឭកឡើង​​វិញ​អំពីការគាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឱ្យ​បាន​ឆាប់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឱ្យ​​បានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។

សេចក្ដីថ្លែងការណ៍នោះក៏បាន​ផ្ដោតទៅលើការ​​លើកកម្ពស់ ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យ ដូចជា សកម្មភាពផ្នែកអាកាសធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីដោះស្រាយផលប៉ះពាល់រួម និង​ផលវិបាកនៃបញ្ហាប្រឈមដែលមានទំនាក់ទំនងរវាងគ្នានេះ ព្រមទាំង​ពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ​ឆ្ពោះទៅ​រក​ការ​កែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកល និងឆ្ពោះទៅរកការធានា​ឱ្យ​​បាន​នូវការទទួលបានថ្នាំប្រកបដោយសមធម៌សម្រាប់ការព្យាបាល​ជំងឺកូវីដ-១៩ ដោយធ្វើឱ្យ​​វ៉ាក់សាំងកូវីដ-១៩ជាទំនិញសាធារណ:សកល អាចរកបាន និងមានតម្លៃសមរម្យសម្រាប់​មនុស្សទូ​ទៅ។

ក្រៅពីនោះ មេដឹកនាំអាស៊ានលើកទឹកចិត្តឱ្យ​មានកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងសសរស្ដម្ភទាំងបីនៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យ​ប្រសើរឡើងនូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្ដម្ភ ឆ្ពោះ​ទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ព្រមទាំង​ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ននិង​យន្តការសម្របសម្រួលដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បន្ថែម​ទៀតអំពីមជ្ឈភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឱ្យ​ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាននៅតំបន់និងក្រៅតំបន់ឱ្យ​កាន់តែស៊ីជម្រៅថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ