សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ចំពោះ​ការ​គ្រប់គ្រង​ថវិកាជាតិ​ជា​សាធារណៈ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងក្នុងវេទិកាសាធារណៈថ្នាក់ជាតិស្តីពី «ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងផែនការថវិកា និងការតាមដានលើការចំណាយថវិកាសាធារណៈក្នុងបរិបទកូវីដ-១៩» ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (Yu Phourn)

ក្រុមមន្ត្រីសង្គមស៊ីវិល ស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ គប្បីផ្សព្វផ្សាយពីចំណូលនិងចំណាយថវិកាជាតិជូនសាធារណជន​ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីតម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិការដ្ឋ។

ក្នុងវេទិកាសាធារណៈថ្នាក់ជាតិស្តីពី «ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងផែនការថវិកា និងការតាមដានលើការចំណាយថវិកាសាធារណៈក្នុងបរិបទកូវីដ-១៩» នៅថ្ងៃនេះ នាយក​ប្រតិបត្តិ​​អង្គ​ការ​តម្លា​ភាព​កម្ពុជា លោក ប៉ិច ពិសី បានថ្លែងថា រដ្ឋាភិបាលត្រូវបង្កើនការយល់ដឹងនិងលើកកម្ពស់ការចូលរួមរបស់សាធារណជន អំពីគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា ការអនុវត្តផែនការថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ករណីនេះ លោកបាន​ស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវ​ផ្សព្វផ្សាយពីចំណូលនិងចំណាយថវិកាជាតិជូនសាធារណ​ជនឱ្យបានទូលំទូលាយ ​ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធជូនរដ្ឋ។

លោកថ្លែងថា៖ «ដើម្បីធានាថា ដើម្បីរៀបចំថវិកាប្រព្រឹត្តទៅដោយមានតម្លាភាព មានគណនេយ្យភាព ហើយមានការចូលរួម ហើយតួអង្គសំខាន់ទាំងនោះមានទី១ អង្គនីតិប្រតិបត្តិ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមក្នុងការដឹកនាំស្នូលនៅក្នុងដំណើរការរាល់វដ្ដនៃការរៀបចំថវិកាជាតិ ពីថ្នាក់ក្រោមមកដល់ថ្នាក់លើ»។

លោកបន្ថែម​ថា៖ «តួអង្គ២សំខាន់ គឺរដ្ឋសភានិងព្រឹទ្ធសភា ដែលលោកដើរតួនាទីក្នុងការត្រួតពិនិត្យសួរដេញដោល ក៏ដូចជាការជំរុញការជជែកពិភាក្សាស៊ីជម្រៅអំពីសំណើថវិការបស់រដ្ឋ ដើម្បីធានាថា សំណើថវិកាជាតិយើងប្រចាំឆ្នាំ គឺឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ តម្រូវ​ការជាអាទិភាពក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ចឱ្យដើរ ហើយធានាថា ថវិកាវិកានោះឆ្លើយតបទៅនឹងប្រជាពលរដ្ឋ។ តួអង្គទី៣ សំខាន់តែម្តង ពលរដ្ឋជាម្ចាស់ថវិកា គាត់មានការបង់ពន្ធ គាត់មានការទទួលខុសត្រូវ គាត់មានគណនេយ្យភាពចំពោះរដ្ឋមួយ គាត់ត្រូវបានកាតព្វកិច្ចបង់ពន្ធ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងក្នុងវេទិកានោះថា ដើម្បីគ្រប់គ្រងថវិកាជាតិឱ្យមានតម្លាភាព​ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ និងមានជំនឿទុកចិត្តពីសាធារណជន លុះត្រាតែស្ថាប័ន​អនុម័ត​ច្បាប់ និងអ្នកអនុវត្ត ត្រូវធ្វើឱ្យមានតម្លាភាព ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកថ្លែងថា៖ «នៅពេលដែលនីតិប្រតិបត្តិយកច្បាប់ទៅអនុវត្ត អត់មានការដាក់បញ្ចូលនូវក្នុងដំណាក់កាលហ្នឹង ពេលហ្នឹងរដ្ឋាភិបាលថា រដ្ឋសភាអនុម័តច្បាប់មកអត់បាននិយាយពីចំណុចហ្នឹង អ៊ីចឹង​បាន​ខ្ញុំ​ថា ការចូលរួមរបស់ប្រជាពលរដ្ឋជាគំនិតមួយរួមនៅក្នុងអង្គទាំង៣ នីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ។ ខ្ញុំគិតថា បង្កបរិយាកាសឱ្យមានការចូលរួមយ៉ាងទូលំទូលាយ ហើយក្រៅពីហ្នឹងមានច្បាប់ដទៃទៀតដែលពាក់ព័ន្ធការប្រើប្រាស់ថវិកា ជំរុញឱ្យមានគណេយ្យភាពថវិកា»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ នៅថ្ងៃទី២៨ ខែតុលានេះ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពី​ថ្ងៃទី២៧ ខែតុលា បាន​អនុម័តទទួលយក​សេចក្ដីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដោយក្នុងនោះក៏មានសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ និងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ផងដែរ។

បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាល​​គ្រោង​​ចំណាយ​​ថវិ​កាជាង៨ ៥០០លាន​​​ដុល្លារ កើនឡើងជាង​៨ភាគរយ (​៨,៤%) បើធៀបនឹង​​​​ថវិកាចំណាយឆ្នាំ​២០២១​។​ នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០២២នេះ កម្ពុជាក៏គ្រោងខ្ចីពីបរទេសនិងដៃគូអភិវឌ្ឍន៍​​ជាង២ ០០០លានដុល្លារថែម​ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ