គណបក្ស​មួយ​ជំរុញ​រដ្ឋាភិបាល​បង្ហាញ​វិធាន​ជាក់លាក់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ពី​ស្ទឹងព្រែកត្នោត

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យរដ្ឋាភិបាលបង្ហាញវិធានការ​ជាក់​លាក់ក្នុងការ​រំដោះទឹក​ជំ​នន់​ពី​​ស្ទឹងព្រែក​ត្នោត ដើម្បីទប់​ស្កាត់កុំឱ្យបញ្ហានេះបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្ដាលជាថ្មីទៀត។

គណបក្សនេះបានលើកឡើង​​នៅក្នុងសេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១​នេះ​ថា កាល​ពីឆ្នាំ​២០២០ ស្ទឹង​ព្រែក​ត្នោត បានបង្កឱ្យមានទឹកជន់លិ​ច​មួយ​ផ្នែកនៃ​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលថា​ ការនេះប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពនិងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

គណបក្សនេះកត់សម្គាល់ទៀតថា នៅឆ្នាំ២០២១នេះ ទឹកជំនន់ស្ទឹងព្រែកត្នោតក៏បន្តកើតមានឡើងជាថ្មីទៀត បង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះបញ្ហាដដែលៗនេះថាអាចនឹងកើតមានឡើងបន្តទៀតនៅឆ្នាំខាងមុខ។

បញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចោទសួរទៅរដ្ឋាភិបាលថា តើរដ្ឋាភិបាលបានរៀនសូត្រអ្វីខ្លះពីបទពិសោធន៍ទឹកជំនន់នៅឆ្នាំ២០២០ និង២០២១? ហើយមានគម្រោងអ្វីជាក់លាក់ ដើម្បីការពារទឹកជំនន់ស្ទឹងព្រែកត្នោតឬទេ? បើទឹកជំនន់បន្តមានសភាពធ្ងន់ធ្ងរទៀតនៅឆ្នាំ២០២២ តើស្ថាប័នណាជាអ្នកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋដែលរងគ្រោះ។

បន្ថែមលើសេចក្ដីថ្លែងការណ៍នេះ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន បានថ្លែង​ថា ការដែលគណបក្សសម្រេចចេញលិខិតចំហបែបនេះ គឺចង់ឱ្យរដ្ឋាភិបាល ទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។

លោកថា៖ «រាជរដ្ឋាភិបាលហ្នឹងគឺមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការឆ្លើយបញ្ជាក់ជូនប្រជាពលរដ្ឋថាហេ​តុអ្វីបានខ្លួនធ្វើរឿងហ្នឹងមិនបាន ហើយត្រូវមានផែនការ​ច្បាស់លាស់ដើម្បីដោះស្រាយរឿងហ្នឹងកុំឱ្យរាល់ឆ្នាំរឿងហ្នឹងវាកើតឡើងដដែលៗ ហើយយកអំណោយតិចតួចយកទៅចែកប្រជាពលរដ្ឋ។ យើងគិតថា ជាការដឹ​ក​នាំមួយដែលមិនទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋទេ»។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងដោះស្រា​យ​​បញ្ហានេះតាមរយៈស្ដារប្រឡាយទឹក​ឱ្យជ្រៅ និងបង្កើតទំបន់ថ្មីៗ​សម្រាប់​បង្ហូរទឹកចូលទន្លេ។ ប៉ុន្តែលោកថា ប​ញ្ហាមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីដូចការចង់បាននោះទេ។

មួ​យវិ​ញទៀត លោកថា បញ្ហាទឹកជំនន់​នាប៉ុន្មានថ្ងៃមកនេះ ដោយសារតែកម្ពុជារងឥទ្ធិពលព្យុះដែល ប្រទេស​ណាក៏មិនអាចទប់ទល់នឹងឥទ្ធិពលព្យុះនេះបានដែរ។ តែលោកថា ស្ថានភាពនេះ រដ្ឋាភិបាលអា​ច​​គ្រប់គ្រងបាន។

លោកបន្ថែម​ថា៖ «ដូច្នេះ យើង​ខ្វាយខ្វល់ណាស់​នៅក្នុងសាច់រឿងហ្នឹង [ទឹកជំនន់] យើងឃើញហើយ ឯកឧត្ដមអ​ភិ​​​​បា​លក្រុងលោកចុះទៅមើល។ ហើយយើងមិនមែនទុករឿងហ្នឹងសម្រាប់សន្សំយកប្រជាប្រិយភាពពីការពិ​​បា​​កក្នុងការចុះជួយប្រជាពលរដ្ឋទេ»។

ប្រជាពលរដ្ឋរស់នៅជិតស្ទឹងព្រែកត្នោត ក្នុងភូមិសំបួរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោ​ក ចន ជឿន កត់សម្គាល់​ថា ទឹកស្ទឹងព្រែកត្នោត បានជន់លិចខ្លាំងរយៈពេល៣ទៅ៤ឆ្នាំ​ជាប់គ្នាមកនេះ ហើយ​ពេល​ជន់លិចម្តងៗគឺមានរយៈពេល​២សប្ដាហ៍ឬលើសពីនេះ។

បុរសវ័យ៤២ឆ្នាំរូបនេះបារម្ភថា បើបញ្ហានេះ​វានឹង​កើត​ឡើង​នៅ​ឆ្នាំ​​បន្តបន្ទាប់​ទៀត ពលរដ្ឋដែលងាយរងគ្រោះនឹងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារមិនមានប្រាក់សម្រាប់ត្រៀមបម្រុងដើម្បីដោះស្រាយជីវភាពក្នុងគ្រាមានអាសន្ន។

លោកថា៖ «បងឯងមើលតាមថ្នល់ គ្នានៅវេទនាណាស់ មួយតូបៗហ្នឹង ហ្នឹងអត់ភ្លៀង!​ បើភ្លៀង មិនដឹងយ៉ាងណា! គោ ពពែ នៅលើថ្នល់ អត់មានក្រោលអត់មានអីផ​ង អត់​មាន​អីប្រក់​ទេ គោនោះ។ បើមនុស្សមានតង់​មួយ ​គ្រែមួយ ​មនុស្សមួយហ្វូង ដេកម៉េចទៅ? បងឯង​ទៅមើល​ខាងកើត​សាលាសង្កាត់​សាក់​សំពៅ ពិ​​​សេស​​តូប មានតែ​​​៤០ទៅ៥០គ្រួសារ បងឯងទៅមើលណែនចែស ​ប្រក់​តង់ ​វេទនា​ចង់​ងាប់»។

ក្រុម​អង្គការ​សិទ្ធិមនុស្សនិង​សិទ្ធិ​ដីធ្លី ចំនួន៤ រួម​មាន អង្គការ​លី​កាដូ បណ្ដាញ​យុវជន​កម្ពុជា អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សមាគម​ធាងត្នោត អំឡុងខែកក្កដា ឆ្នាំ​២០២០ បាន​ចេញរបាយការណ៍រួមមួយ​ដោយ​​បង្ហាញ​ថា​ ជាង៩០ភាគរ​យ​នៃ​បឹង​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​លុប​បើសិនជា​ការ​អភិវឌ្ឍ​នៅតែ​បន្ត​កើតមានឡើង។ របាយការណ៍​ដដែលបន្ត​ថា គុណភាព​ជីវិត​របស់​ពលរដ្ឋ​ប្រមាណ​ពី១លាន​​ទៅ២លាន​នាក់ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ខេត្តកណ្ដាល និង​តាម​បណ្ដោយ​ច្រាំងទន្លេ​មេគង្គ និង​ទន្លេបាសាក់ អាច​នឹង​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​លុប​បឹង​ទាំងនេះ។

តាម​ប្រភព​ដដែល​ឱ្យ​ដឹងទៀត​​​ថា ពលរដ្ឋ​ទាំងនោះ​អាច​នឹង​រងគ្រោះ​ដោយ​ទឹកជំនន់ ការ​បំពុល​ទឹក ការបំផ្លាញ​​ជម្រក​សត្វ និង​ការបាត់បង់​ជីវភាពរស់នៅ​របស់​ពួក​គាត់។

តែយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ដើម្បីដោះស្រាយ​បញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោតបាន​ រដ្ឋាភិបាល​ចាំបាច់ត្រូវធ្វើទំនប់ ប្រឡាយរំដោះទឹក និងអាងស្តុកទឹកផ្នែកខាងលើ ត្រូវធ្វើផ្លូវរំដោះទឹកនៅផ្នែកខាងក្រោម ជាពិសេសនៅខណ្ឌដង្កោ និងស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល រួមទាំងផ្អាកលុបបឹង ជាពិសេសនៅក្នុងខណ្ឌដង្កោជាដើម ដើម្បីអាចមានសមត្ថភាពក្នុងការទប់ទឹកជំនន់ក្នុងរដូវវស្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ