ក្រសួង​ស្នើ​សមត្ថកិច្ច​ស្រាវជ្រាវ​ជុំវិញ​ការ​ផ្សព្វផ្សាយ​មិនពិត ដែលថា​សិស្ស​ត្រូវ​ប្រឡង​ឆ្នាំ​នេះ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យស្រាវជ្រាវជុំវិញការផ្សព្វផ្សាយព័ត៌មានមួយដែលអះអាងថា​ជាព័ត៌មានក្លែងក្លាយ ដោយថា សិស្សប្រឡងសញ្ញាបត្របឋមភូមិ ឬឌីប្លូម សម្រាប់ថ្នាក់ទី៩ និងសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ ឬ​បាក់ឌុប សម្រាប់ថ្នាក់ទី១២ នៅឆ្នាំនេះ ជាប់ដោយស្វ័យប្រវត្តិ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតមួយចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលមានលក្ខណៈស្រដៀងទៅ​នឹង​​លិខិត​របស់​ក្រសួងអប់រំដែរ ​ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអះអាងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ​សិក្សា២០២០​-២០២១នេះ ​ត្រូវ​កំណត់ឱ្យ​​ «ជាប់ជាស្ថាពរ» ដោយ​មិនកំណត់និទ្ទេសឡើយ។ ​

ភ្លាមៗ ក្រោយលិខិតនេះបានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយជាផ្លូវការ ដោយ​បដិសេធទាំងស្រុងនូវរាល់ខ្លឹមសារក្នុងលិខិតដែលចេញផ្សាយ កាលពីថ្ងៃទី២៧ ខែតុលានោះ​។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ​ក្រៅពីច្រានចោលនូវខ្លឹមសារលិខិតក្លែងក្លាយនោះហើយ លោកក៏បានអំពាវនាវដល់សមត្ថកិច្ច​​ស្រាវជ្រាវ​ករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​ ដើម្បី​ចាត់វិធាន​ការ​តាម​ច្បាប់។  ​

លោកមានប្រសាសន៍បន្តថា៖ «ក្រសួងអប់រំ សូមអំពាវនាវដល់ដល់សមត្ថកិច្ចពាក់ព័ន្ធបន្តផ្តល់កិច្ចសហការស្រាវជ្រាវករណីព័ត៌​មានក្លែងក្លាយ ដើម្បីចាត់វិធានការមានជាធរមាន»។

លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្រសួងអប់រំ លើក​ទឹកចិត្ត​សិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយនិងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ ដោយបន្តថែទាំសុខភាពនិងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោកនៅកំពុងប្រឈមជាមួយនឹងវិបត្តិ​​កូវីដ-១៩នៅឡើយ។

ក្នុងន័យនេះ លោកថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំនិងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។

​ក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ​នឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា។ ដោយឡែក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែឆ្នាំដដែល។

​កាល​ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​អប់រំ ​ប្រកាស​ឱ្យ​សិស្ស​ថ្នាក់​ទី៩និង​ទី១២ ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០​ ជាប់​ទាំងអស់​ដោយ​គ្មាន​ការកំណត់​និទ្ទេស​អ្វី​ឡើយ ដោយថា ការសម្រេចពេលនោះធ្វើឡើងតាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បាន​ប្រកាស​ឱ្យ​សិស្ស​ថ្នាក់​ទី១២ ទូទាំង​ប្រទេស​ ជាប់​ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ប្រឡង។ ​​លោក​ថា​ ការសម្រេចនោះ ដើម្បី​ការពារ​កុំឱ្យ​មានការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ