ខេត្ត​ណាខនរាជសីមា​ប្រទេសថៃ ជន់លិច​ដោយ​ទឹកជំនន់​សារ​ជា​ថ្មី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ

ស្ថានភាពទឹកជំនន់នៅតំបន់មួយនៃខេត្ត​ណាខនរាជសីមា (Nakhon Ratchasima) ស្ថិត​នៅ​ភាគឦសានប្រទេសថៃ នាខែតុលា ឆ្នាំ២០២១។ (A24 News)

បើទោះបីជាខេត្ត​ណាខនរាជសីមា (Nakhon Ratchasima) ស្ថិត​នៅ​ភាគឦសានប្រទេសថៃ ដែលសម្បូរ​ទៅដោ​យ​រោងចក្រ និងឧស្សាហកម្មជាច្រើន ស្ថិតនៅលើតំបន់ខ្ពង់រាបដែលមានកម្ពស់ពី២០០-២៥០ម៉ែត្រ​ លើនីវ៉ូទឹកសមុទ្រក៏ដោយ តែ​ខេត្តនេះ​បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយទឹក​ជំនន់​សារជាថ្មី ដោយសារឥទ្ធិពលខ្យល់មូសុង។

ករណីនេះក៏បានបង្កឱ្យមានជាការជន់លិចផ្លូវមួយចំនួន ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News ប្រធានសភាពាណិជ្ជកម្មខេត្ត​ណាខនរាជសីមា លោក Sakchai Polpanich ថ្លែងថា៖ «ក្នុងឆ្នាំ២០១១ ខ្ញុំធ្លាប់បានរងផលប៉ះពាល់ម្ដងរួចមកហើយ។ នៅពេលនោះ ទឹកជំនន់​បាន​ហូរ​ចូលក្នុង​ផ្ទះរបស់​ខ្ញុំ ហើយ​រថយន្ត​ទាំងអស់​របស់ខ្ញុំក៏ត្រូវបានលិចលង់ផងដែរ»​។

លោកបន្ថែមថា៖ «កាល​ពី​៤០ទៅ៥០​ឆ្នាំ​មុន​ ​ខេត្តរបស់​យើង​មិនដែលជួបប្រទះបញ្ហា​ទឹក​ជំនន់នោះ​ទេ។ វាគឺជារឿងដែលភ្ញាក់ផ្អើលមួយនៅពេលនេះ។ ដូច្នេះហើយ យើង​ត្រូវតែមាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ក្នុង​ឆ្នាំ​នេះ។ នៅពេលដែលអភិបាលខេត្ត​ជូនដំណឹងដល់យើង ពួកយើងត្រូវតែប្រញាប់ប្រញាល់រៀបចំនិងដាក់របស់របរចាំបាច់ទាំងឡាយណានៅទីខ្ពស់»។

ប្រជាពលរដ្ឋ​រង​គ្រោះមួយរូប​ក្នុងស្រុក Sung Noen ខេត្ត​ណាខនរាជសីមា ឱ្យដឹងផងដែរថា៖ «ពួកគេ​បានរំដោះទឹក​តាម​បណ្ដាញ​នានាមកកាន់ទីនេះ។ ក្នុងរយៈពេលតែ​ប៉ុន្មាន​ម៉ោង ​​ទឹកក៏ចាប់ផ្ដើមលិច»។

ប្រជាពលរដ្ឋ​រង​គ្រោះមួយរូប រស់នៅក្នុងស្រុក Mueang ខេត្ត​ណាខនរាជសីមា លោក Krit Sho-pudsa បន្ថែមថា៖ «ករណីទឹកជំនន់ធ្លាប់បានកើតឡើងម្តងហើយកាលពីឆ្នាំ២០១១កន្លងទៅ ខណៈដែលកម្រិតទឹកបានកើនឡើងខ្ពស់កាលពីពេលនោះ។ ទឹកជំនន់ទើបតែកើតឡើងសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ។ ទឹកបានកើន​ឡើង​យ៉ាង​លឿន​ ដោយសារតែវា​ហូរ​ខ្លាំង ហើយនៅពេលដែលទឹកទាំងនេះ​មិន​អាច​ហូរបន្តទៅ​ណា​បាន វា​បង្កឱ្យមានជាទឹកជំនន់នៅក្នុងតំបន់​។ បច្ចុប្បន្ន យើងកំពុងតែព្យាយាមដាក់វត្ថុដែលចាំបាច់នានានៅទីខ្ពស់។ យើង​មិន​ដឹងច្បាស់​ថាតើ​វា​នឹងកើន​ឡើង​ខ្ពស់​ជាង​នេះឬយ៉ាងណានោះ​ទេ»។

លោក Sakchai Polpanich បន្តថា៖ «យើង​ត្រូវ​បាន​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៃ​ភូមិភាគឦសាន។ ទាក់​ទិន​នឹង​ករណី​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​អនុវត្ត​វិធីសាស្រ្ត​គ្រប់គ្រង​ទឹក​ឱ្យមានប្រសិទ្ធភាពជាងនេះ ដើម្បី​ព្យាករពី​បរិ​មាណ​​ទឹក​​ក្នុង​​ទំនប់​នីមួយៗ និងអាចឱ្យពួកគេដឹងថា​តើត្រូវបញ្ចេញទឹកប៉ុន្មាន​ជាមុន ក្នុងការដាក់បរិមាណទឹកថ្មី។ ខ្ញុំ​ជឿ​ជាក់​ថា បច្ចេក​វិទ្យា​ព្យាករណ៍​អាកាសធាតុ​មានភាពជឿនលឿនណាស់​នាពេលបច្ចុប្បន្ន​នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ