ពលរដ្ឋ​មួយចំនួន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​ប្រឈម​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួនរស់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​ ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុង​ប្រឈមខ្វះទឹក​ស្អាត​ប្រើ​ប្រាស់ ខណៈអណ្ដូងទឹកនិងប្រព័ន្ធទឹកស្អាតត្រូវបានលិចដោយជំនន់ទឹកស្ទឹង។

កាលពីថ្ងៃទី២៥ ខែតុលា រដ្ឋ​បាល​ខណ្ឌ​ដង្កោ​ ​​បាន​​ចេញ​សេច​ក្ដីជូន​ដំ​ណឹង​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជាប់​សណ្ដស្ទឹង​ព្រែក​ត្នោត ​រួម​​មាន ​សង្កាត់​​ដង្កោ សង្កាត់​ព្រៃ​ស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពាន​ថ្ម សង្កាត់​ទៀន​ សង្កាត់សាក់​សំ​ពៅ​ សង្កាត់​ជើង​ឯក សង្កាត់​ព្រែក​កំ​ពឹស និង​សង្កាត់​​គង​នយ ត្រូវ​ត្រៀម​សម្ភារនិង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​ជា​ប្រ​ចាំ​ ដើម្បីចៀស​វាង​ការ​បាត់​បង់​សម្ភារនិង​អាយុ​ជី​វិត។

អ្នកស្រី នូន កែម រស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិបាគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ប្រាប់ វីអូឌី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ នៅក្នុងភូមិនេះមានប្រជាពលរដ្ឋប្រហែលជិត១០០គ្រួសារដែលបានលិចលង់ដោយទឹក​ស្ទឹង​ព្រែក​ត្នោត និង​បាន​ជម្លៀស​ទៅ​នៅ​ទីទួល​សុវ​ត្ថិ​​ភាព។

អ្នកស្រី​បន្តថា រយៈពេល​នៃការជន់លិចផ្ទះប៉ុន្មានថ្ងៃ​មកនេះ​ បានធ្វើឱ្យអ្នកស្រីនិងពលរដ្ឋក្នុងភូមិជួប​ការលំបាក​ជាច្រើន ដូចជា ការខូចខាតទ្រព្យសម្បត្តិ ខ្វះខាត​ស្បៀង​អាហារ គ្មានបង្គន់អនាម័យប្រើប្រាស់ និងពុំមាន​ទឹកស្អាត​ប្រើប្រាស់ ជាដើម។

អ្នកស្រី នូន កែម ​បន្ថែមថា៖ «ពេល[ទឹកជំនន់] ពួកខ្ញុំពិបាកណាស់ ​ភ្លើងក៏គេផ្ដាច់ ទឹកក៏អត់ប្រើប្រាស់ យើងទិញទឹកគេហូប។ បង្គាន់អនាម័យអីក៏យើងពិបាកដែរ ដោយសារវាលិច​អស់ហើយ។ យើងមកបត់ជើងនៅផ្ទះគេ ដែលមិន​ទាន់​លិច។ គេចែករំលែក​ឱ្យយើងប្រើប្រាស់ដែរ»។

ពលរដ្ឋម្នាក់ទៀតរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោតក្នុងភូមិបាគូ​ លោក សុង ឈុនលី និយាយថា ការជន់​លិច​ដោយ​ជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវក្នុងសហគមន៍ អណ្ដូងទឹក និងបង្គន់អ​នាម័យ បានរងការខូចខាតមិនអាចប្រើប្រាស់បាន។

ពលរដ្ឋរូបនេះក៏បារម្ភសុវត្ថិភាពនិងសុខភាពរបស់ក្មេងៗនៅសហគមន៍ផងដែរ ប្រសិនទឹកស្ទឹងព្រែកត្នោតនៅតែបន្តហក់ឡើងខ្ពស់។

លោកបន្ថែមថា៖ «និយាយទៅ ពួកយើងលំបាកច្រើនណាស់ យើងខូចខាតទ្រព្យសម្បត្តិមួយចំនួនដែលយើង​យក​មក​មិន​ទាន់ អណ្ដូងវាលិច ម៉ូទ័រយើងបូមអត់កើតទៀត ភ្លើងក៏វាដាច់ទៀត។ ខ្ញុំអំពាវនាវដល់អាជ្ញាធរ​ពាក់ព័ន្ធ សប្បុរសជន និងអ្នកមានៗ ជួយទំនុកបម្រុងដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងនេះ»

យ៉ាងណា លោក សុង ឈុនលី ឱ្យដឹងថា អំឡុងពេលមានទឹកជំនន់ប៉ុន្មានថ្ងៃមក​នេះ ខាង​អាជ្ញាធរពាក់ព័ន្ធមួយ​ចំនួន​ក៏​បាន​យក​អំណោយ ដូច​ជា ស្បៀងអាហារ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ជាបន្ត​បន្ទា​ប់ផង​ដែរ។

ចៅសង្កាត់​ដង្កោ លោកស្រី សឿង សេរី មានប្រសាសន៍​ថា អាជ្ញាធរមូលដ្ឋាន​​តែងតែចុះចែកអំណោយនិងផ្ដល់​ថវិកា​ជា​បន្ត​បន្ទាប់ ដើម្បីឱ្យពលរដ្ឋទាំងនោះមានលទ្ធភាពអាចទិញទឹកស្អាត​មកប្រើប្រាស់ក្នុងគ្រួសារបាន។ លោកស្រីថា ក្នុងសង្កាត់ដង្កោ មានពលរដ្ឋ​៥១៥គ្រួសារប៉ុណ្ណោះដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹង​ព្រែកត្នោត។

លោក​​ស្រីបន្ថែមថា៖ «មីងមិនបានផ្ដល់ទឹកជូនពួកគាត់ទេ ប៉ុន្តែខ្ញុំបានជូនលុយគាត់២ម៉ឺនរៀល​ជា​បន្តបន្ទាប់​ ដើម្បីឱ្យពួកគាត់បែងចែកលើការចំណាយផ្សេងៗ សម្រាប់ទិញទឹកប្រើប្រាស់ និងទឹករបស់របរអីផ្សេង​ទៀត»

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បាន​យក​​អំណោយ​ចែកជូន​ប្រជា​ពលរដ្ឋ៥១៥គ្រួសារដែល​រងគ្រោះ​ដោយ​ការជន់លិច​ នៃ​ស្ទឹង​​ព្រែក​​ត្នោត ខណៈ​ស្ថានភាព​ទឹកស្ទឹងនៅថ្ងៃនេះបាន​ស្រក​ចុះ​៤តឹក បើ​ធៀប​ពីថ្ងៃ​ម្សិលមិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ