ស្ថានភាព​ទឹកជំនន់​ស្ទឹងព្រែកត្នោត​បាន​ធូរស្រាល ខណៈ​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់

អាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនិងអន្តរាគមន៍ជួយដល់ពលរដ្ឋមូលដ្ឋាន ស្របពេលដែលទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាលឡើងវិញហើយ គិតត្រឹមរសៀលថ្ងៃទី២៩ ខែតុលានេះ ខណៈប្រជាពលរដ្ឋ​ប្រមាណជាង៣ ០០០គ្រួសារ​ នៅរាជធានី​ភ្នំពេញ និងខេត្តកណ្ដាល បាន​រងផលប៉ះពាល់។

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា បានប្រាប់ វីអូឌី​ ថាក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ស្ទឹងព្រែកត្នោតជាង៣ ០០០គ្រួសារនេះ គឺនៅរាជធានីភ្នំពេញចំនួន១ ៨០០គ្រួសារ និងពលរដ្ឋនៅ​ខេត្តកណ្ដាល​ចំនួន១ ២០០​គ្រួសារ។ លោកបន្ថែមថា បើទោះបីជាស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត​បានស្រកចុះក្ដី តែប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តកណ្ដាលដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនាពេលកន្លងមក នៅមិនទាន់អាច​វិលទៅលំនៅដ្ឋានវិញបាននៅឡើយទេ។

លោកលើកឡើង​ថា៖ «ឥលូវនេះ នៅភូមិសាស្រ្តរាជធានីភ្នំពេញអត់អីទេ ពួកគាត់នៅផ្ទះដដែលទេ។ រីឯនៅខេត្តកណ្ដាល ប្រជាពលរដ្ឋមួយចំនួនតូចទេដែលនៅទីទួលសុវត្ថិភាព ក្រៅពីនោះ ពួកគាត់នៅតាមផ្ទះនៅឡើយ ព្រោះទឹកជំនន់មិនទាន់ធ្ងន់ធ្ងរពេកដែលធ្វើឱ្យយើងជម្លៀសពួកគាត់ទាំងអស់ទេ»

អភិបាលខណ្ឌដង្កោ លោកស្រី តឹម ញឹប គូសបញ្ជាក់ថា សម្រាប់ស្ថានភាពទឹកលិចនៅខណ្ឌដង្កោ នៅពេលនេះ​ស្រក​អស់​ហើយ ហើយ​ខណៈ​នេះ ​លោកស្រីកំពុងស្នើ​សុំអភិបាលរាជធានីភ្នំពេញ ដើម្បីយក​រថយន្ត​ដឹក​ទឹក​សម្រាប់បាញ់សម្អាតផ្ទះរបស់ប្រជាពលរដ្ឋ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល លោក អ៊ុក វណ្ណា បានលើកឡើងថា នៅភូមិសាស្រ្តខេត្តកណ្ដាល ទឹកស្រកតិចតួចប៉ុណ្ណោះ​បើធៀបនឹងរាជធានីភ្នំពេញ នៅក្នុងរយៈពេល២៤ម៉ោងនេះ។ លោកថា មូលហេតុ ដោយសារនៅរាជធានីភ្នំពេញ គឺស្ថិតនៅចំមុខតួនៃស្ទឹងព្រែកត្នោត ទឹកហូរលឿន។

លោកបន្តថា៖ «ពីរថ្ងៃនេះ នៅភ្នំពេញតាំងពីថ្ងៃបាក់[ទំនប់]មក ទឹកស្រកចូលមួយម៉ែត្រកន្លះ ហើយ បើនៅខេត្ត​កណ្ដាលគឺអត់ទេ។ នៅខេត្តកណ្ដាល វាអាចលំហូរមកចូលតំបន់ទំនាប អ៊ីចឹងបានស្រកតិចតួចជាងនៅភ្នំពេញ។ ២ថ្ងៃដូចគ្នា [ខេត្តកណ្ដាល]ស្រកបានតែ២តឹកជាងប៉ុណ្ណោះ»

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ស្ពឺ លោក ញាញ់ ជាបហ៊ង បញ្ជាក់ថា ស្ថានភាព​ទឹក​ស្ទឹងព្រែក​ត្នោត​បាន​វិល​មករកភាពប្រក្រតីវិញហើយ តាំងពីថ្ងៃទី២៨ ខែ​តុលា​ម្សិលមិញ​នេះ ដោយសារល្បឿនទឹកហូរលឿន។ តែ​យ៉ាងណា លោកថា ទឹកជំនន់ស្ទឹង​ព្រែកត្នោតនេះ​បង្កឱ្យមានផលប៉ះពាល់ច្រើនឃុំដែរ តែលោកនៅមិនទាន់អាចបញ្ជាក់ពីតួលេខផលប៉ះពាល់បាននៅឡើយទេ។

លោកបន្តថា៖ «តាមមើលស្ថានភាពនេះ មិនអាចបង្កឱ្យមានទឹកជំនន់អីទៀតនោះទេក្នុងខេត្តកំពង់ស្ពឺ គ្រាន់តែភ្លៀងនិងបរិមាណទឹកដូចជាមិនច្រើនទេ លុះត្រាតែមានព្យុះចូល ដែលអាចភ្លៀងខ្លាំង៣ថ្ងៃជាប់គ្នាដូចពេលមុន បានទប់អត់ជាប់។ បើភ្លៀងធម្មតាៗតាមរដូវកាល អត់អីទេ»

​ក្រសួងធន​ធាន​ទឹក​ និងឧតុនិយម កាលពីថ្ងៃទី​២៨ ខែតុលា​ម្សិលមិញ ​បាន​ចេញ​សេចក្ដីជូន​ដំណឹង​ថ្មីមួយទៀតស្ដី​ពីស្ថាន​ភាពអាកាសធាតុនៅកម្ពុជា ថានឹង​ទទួលរង​ឥទ្ធិពលចំនួនពីរទៀត​ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា និងពីថ្ងៃទី២៩ ដល់ថ្ងៃទី​២ ខែវិច្ឆិកា ដែលអាចបង្កជាជំនន់ទឹកភ្លៀង​នៅតាមខេត្តមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ