អ្នកជំនាញថា កម្ចីអនឡាញ​បង្កើត​ជា​អន្ទាក់​បំណុល​និង​ពុំ​មាន​យន្តការ​ការពារ​អតិថិជនទេ

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លើកឡើង​ថា កម្ចី​តាម​ប្រព័ន្ធ​អន​ឡាញ​ភាគច្រើនជាអាជីវកម្មខុសច្បាប់ដែលធ្វើឱ្យ​អ្នក​ខ្ចីងាយ​នឹងធ្លាក់ក្នុងអន្ទាក់បំណុល ខណៈការប្រាក់ខ្ពស់ ហើយកម្ចីប្រភេទនេះពុំមានយន្តការដើម្បីការពារ​អតិថិជននោះឡើយ។

ការផ្ដល់កម្ចីតាមប្រព័ន្ធអនឡាញ ត្រូវបានគេមើលឃើញថា មានភាពផុសផុលនៅលើបណ្ដាញសង្គម ហើយមក​ទល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ​ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល អំពីប្រភេទកម្ចីអនឡាញ​ណាដែលអាចទុកចិត្តបាន និងប្រភេទ​កម្ចីណាដែល​ខុសច្បាប់ឬក្រោមលក្ខខណ្ឌ​បោកប្រាស់​នៅឡើយ​ទេ។

អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​ កាំង តុងងី មានប្រសាសន៍​នៅថ្ងៃទី​២៨ ខែតុលា ​ថាអាជីវកម្មផ្ដល់​កម្ចីតាមអនឡាញ​ភាគ​ច្រើនជាអាជីវកម្មខុសច្បាប់ ហើយ​​មួយ​​ចំនួន​​​នៃការ​ផ្សព្វ​ផ្សាយ​ទាំង​​នេះជាការ​បោក​​ប្រាស់ ដោយ​តម្រូវឱ្យ​​អតិថិជន​បង់​លុយ​មុន ហើយទំព័រហ្វេសប៊ុកឬ​ផេកទាំងអស់នោះនឹងមិនផ្ដល់កម្ចីដូចការសន្យាឡើយ។

ក្នុងករណីខ្លះ លោកថា ផេកអនឡាញទាំងនោះតម្រូវឱ្យ​អតិថិជនថតរូបអាក្រាត ហើយក្រោយមកបានប្រើប្រាស់រូបភាពទាំងនោះជំរិតទារប្រាក់ពីអតិថិជនក៏មាន។

លោក​ កាំង តុងងី បន្ត​ថា៖ «សូមកុំប្រើប្រាស់សេវាប្រាក់កម្ចីដែលផ្ដល់ដោយ​ក្រុមហ៊ុន​អនឡាញ​ទាំងអស់នោះ ឬសេវាផ្ដល់ប្រាក់កម្ចីដែលផ្ដល់ដោយអ្នករកស៊ីចងការប្រាក់ឯកជនអីជាដើមហ្នឹង ពីព្រោះក្រៅពីការប្រាក់ថ្លៃហើយ គឺពួកគាត់ពុំមានយន្តការការពារអតិថិជនទេ។ ជាក់ស្តែង យើងឃើញ​ថា កន្លងមក មានការប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង ការជំរិតទារប្រាក់ពីអតិថិជន ជាដើម»។

លោកថា នៅកម្ពុជា ក្រុមហ៊ុនដែលផ្ដល់ប្រាក់កម្ចី លុះណាតែទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដែល​រួមមាន ធនាគារ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (Leasing) និងគ្រឹះស្ថានឥណទានជនបទ ជាដើម។

លោក​ កាំង តុងងី បន្ថែមថា ការបង្ក្រាបទៅលើអាជីវកម្មខុសច្បាប់តាមប្រព័ន្ធអនឡាញនេះមានភាពស្មុគស្មាញ​ ដោយ​​សារ​តែជនឧក្រិដ្ឋទាំងអស់នោះមិនមានឈ្មោះពិតប្រាកដ មិនមានទីតាំងច្បាស់លាស់ និង​មិនមាន​​អត្តសញ្ញាណ​ទេ។

យ៉ាងណា លោកប្រាប់ឱ្យជនរងគ្រោះប្ដឹងទៅអាជ្ញាធរ ដើម្បីកំណត់អត្តសញ្ញាណឧក្រិដ្ឋជនតែម្តង ហើយ​​មហាជន​ក៏អាច​រាយការណ៍ (Report) ថាជាអាជីវកម្មខុសច្បាប់បានដែរ នៅពេលឃើញ​ការផ្សព្វផ្សាយ​អាជីវកម្ម​កម្ចីអនឡាញ​ទាំងនោះនៅលើបណ្ដាញសង្គម។

វិនិយោគិន និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ មានប្រសាសន៍ថា កម្ចីអនឡាញ​មិនស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យរបស់អាជ្ញាធររដ្ឋឬធនាគារជាតិនៃកម្ពុជាឡើយ។ លោកថា ​កម្ចីអនឡាញ មាន​ការប្រាក់ខ្ពស់ មិនអាចយកមករកស៊ីបានទេ ហើយអាចមានគ្រោះថ្នាក់សម្រាប់ពលរដ្ឋទៀតផង ខណៈអ្នក​ផ្ដល់កម្ចីនោះពុំបានសិក្សាវាយតម្លៃថាតើអ្នកខ្ចីមានលទ្ធភាពសងឬអត់​ ស្របពេល​ពលរដ្ឋកម្ពុជា​ដែលមិន​មានចំណេះដឹងផ្នែកហិរញ្ញវត្ថុមានរហូតដល់ទៅជាង៨០%។

លោក​បន្ត​ថា បើពលរដ្ឋចង់បានកម្ចី​សម្រាប់​ប្រើ​ប្រាស់ ពួកគាត់គួរទៅ​រកខ្ចីតែ​ស្ថាប័ន​​ដែល​មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ព្រោះ​ស្ថាប័នទាំងនោះ​មាន​វិជ្ជា​ជីវៈ​ត្រឹមត្រូវ ក៏ដូចជា​តែងតែ​ពិនិត្យលើលទ្ធភាពរបស់អ្នកចង់បាន​កម្ចី​ មុន​ពេលផ្ដល់ជូន។

លោក ង៉ែត ជូ និយាយថា៖ «ចៀសវាងកុំប្រើកម្ចីពីប្រភពកម្ចីអនឡាញ កម្ចីឈ្មួញចងការនៅតាមផ្សារ នៅ​តាមភូមិ កម្ចីដេញតុងទីនក៏ជាបញ្ហាដែរ ហើយកម្ចីដែលគេផ្ដល់ជាការបង់រម្លស់​សម្ភារអី​ហ្នឹង​សុទ្ធ​តែជាបញ្ហា»។

លោក ង៉ែត ជូ ឱ្យដឹងទៀតថា អ្នកចង់បានកម្ចីក៏ត្រូវមានភាពស្មោះត្រង់ក្នុងការខ្ចី ពោលគឺប្រាប់មន្ត្រីហិរញ្ញវត្ថុ​ឱ្យចំ ថា​យកកម្ចីទៅធ្វើអ្វីឱ្យប្រាកដ ដូចជា ការខ្ចីដើម្បីយកទៅទិញជី ឬថ្នាំកសិកម្មជាដើម នោះគឺហៅថា​ជាការខ្ចី​ដើម្បីប្រើប្រាស់ឱ្យចំគោលដៅហើយ។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយបង្វែរសំណួរអ្នកសារព័ត៌មានឱ្យ​សួរ​ទៅខាងធនាគារជាតិវិញ។

វីអូឌី មិនអាចទាក់ទងទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ និងអ្នក​នាំពាក្យធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បានទេ។

​ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កម្ចីអនឡាញមិនមានអ្វីជាភស្តុតាង មិនមានក្រដាសស្នាម និងមិនមានសាក្សី ដែល​នេះជាបញ្ហា​ពិបាកក្នុងការរកយុត្តិធម៌ណាស់។ លោកបន្ថែម​ថា ជាក់ស្តែង នៅពេលឡើងតុលាការ គេតែងសួររកសាក្សី និងក្រដាសស្នាមពាក់ព័ន្ធ។

លោក ខៀវ សុភ័គ ថាកម្ចីអនឡាញនេះពិបាកក្នុងការវិនិច្ឆយថាខុសឬត្រូវច្បាប់ណាស់ ព្រោះមិនមានច្បាប់ចែងទេនៅកម្ពុជា ហើយវាជាសេរីភាពរបស់បុគ្គល។

លោក​មានប្រសាសន៍ថា៖ «បើយើងអត់មានច្បាប់ចែងផង បើថាខុសច្បាប់ តើយកច្បាប់ណាមកថា? បើយើងថាត្រូវ តើយកច្បាប់ណាមកថា? វាជាសិទ្ធិសេរីភាពរបស់គេ។ យើងអត់មានច្បាប់ចែងរឿងហ្នឹងផង បើមានច្បាប់ [កម្ចីអនឡាញ] ធនាគារជាតិអីបានគេដឹងច្បាស់រឿងហ្នឹង»។

កាលពីថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០២១ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ បានចេញសេចក្ដីប្រកាសព័ត៌មាន​មួយ​ ដោយ​​ថា ពលរដ្ឋកម្ពុជាចំនួន ​១៨%​ ប៉ុណ្ណោះដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ខណៈពលរដ្ឋភាគច្រើនលើសលុប ជាពិសេសពលរដ្ឋក្រីក្រ លទ្ធភាពទទួលបានផលិតផលនិងសេវាកម្មហិរញ្ញវត្ថុនៅមានកម្រិត ហើយ​ចំណេះដឹ​ងផ្នែកហិរញ្ញវត្ថុនៅទាបថែមទៀតផង។

បញ្ហានេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ យល់ថា ​​អាច​ធ្វើឱ្យ​​ពលរដ្ឋ​​ងាយសម្រេចចិត្តខុស​​ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ពិសេសងាយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃបំណុលដោះខ្លួនមិនរួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ