អ្នក​នយោបាយ​ផ្ញើ​សារ​ផ្សេង​គ្នា​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ខួប​ឡើង​គ្រង​រាជ​សម្បត្តិ

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកនយោបាយខ្មែរ បានផ្ញើសារថ្វាយព្រះពរព្រះមហាក្រត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងខួបឡើងគ្រងរាជសម្បត្តិរប​ស់​ព្រះអង្គ ផ្សេងៗគ្នា ក្នុងនោះមានទាំងសារជូនពរព្រះអង្គ ឱ្យទទួលបានជោ​គ​ជ័យក្នុងព្រះរាជទស្សនកិច្ច​​ដ៏ខ្ពង់ខ្ពស់ដើម្បីផ្សះផ្សាជាតិ ខណៈវិបត្តិនយោបាយនៅបន្តអូសបន្លាយ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ជាខួប១៧ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ។

ក្នុងខួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលិខិត​ថ្វាយព្រះពរព្រះអង្គឱ្យមាន «ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូនជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាព តរៀងទៅ»។

ចំណែកអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ ធម្មិកោ​ បានរំលេចសារលើហ្វេសប៊ុករបស់ព្រះអង្គថា ក្នុងឱកាសខួបទី១៧ឆ្នាំនៃការគ្រងរាជសម្បត្តិនេះ ព្រះអង្គ​ «សូមថ្វាយព្រះពរ ព្រះករុណា ទ​ទួល​បានជោគជ័យក្នុងព្រះរាជទស្សនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីផ្សះផ្សា រួបរួមជាតិ និងកសាងសន្តិភាពពិតប្រាកដជូនប្រជារាស្ត្ររបស់ព្រះអង្គ»។

បន្ថែមពីនេះ ព្រះអង្គមានព្រះរាជបន្ទូលប្រាប់ VOD នៅថ្ងៃសុក្រនេះថា ការផ្ញើសារបែបនេះ​ ដោ​យ​សារព្រះអង្គទតឃើញថា បច្ចុប្បន្ន កម្ពុជាកំពុងមានវិបត្តិនយោបាយនៅឡើយ ក្រោយមានការរំលាយគណបក្សសង្គ្រោះ​​ជាតិ។

ព្រះអង្គបន្តថា ដូចជាករណីលោក កឹម សុខា ក៏មិនទាន់ត្រូវបានដោះស្រាយដែរ រួមទាំង​បញ្ហា​សេ​​ដ្ឋ​កិច្ចកំពុង​ជួប​បញ្ហាធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ-១៩ និងបញ្ហាទឹកជំនន់។ 

ព្រះអង្គមានបន្ទូលបន្តថា៖ «ដូច្នេះ តាមការយល់ឃើញរបស់ខ្ញុំ ព្រះករុណាជានិមិត្តរូបនៃឯកភាពជាតិ ដូច្នេះលោកមា​​ន​​ព្រះ​រាជទស្សនកិច្ច ត្រូវបង្រួបបង្រួមជាតិ! ផ្សះផ្សាជាតិ ដើម្បីអី? ដើម្បីឱ្យយើងទាំងអស់គ្នាពួតដៃក​សា​​ង​ជាតិទាំងអស់គ្នា»។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ថា ១៧ឆ្នាំមកនេះ ព្រះមហាក្សត្របានបំពេញព្រះរាជតួនាទីតាមរដ្ឋធម្មនុញ្ញ ជាព្រះមហាក្សត្រ ឡើងគ្រងរាជ តែមិនកាន់អំណាច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលការនេះ លោកយល់ថា ជា​កំហុសឆ្គងមួយដែលអ្នកនយោ​បាយ​ខ្លះបានរិះគន់ព្រះអង្គថាមិនបំពេញតួនាទីដើម្បីផ្សះផ្សាជាតិ។

បើតាមលោក សាម អ៊ីន ពិតប្រាកដណាស់ ព្រះមហាក្សត្រអាចដើរតួនាទី​ឱ្យមានការបង្រួបបង្រួមជាតិ ប៉ុន្តែ​លោកថា ភាពជោគជ័យឬមិនជោគជ័យ អាស្រ័យលើឆន្ទៈអ្នកនយោបាយគ្រប់គ្នា។

លោកថា៖ «ព្រះអង្គបានបំពេញតួនាទីរបស់ព្រះអង្គហើយ ត្រង់យើងជាអ្នកនយោបាយធ្វើមិនបា​​​ន​ជោ​គជ័យ ជាការទទួលខុសត្រូវរបស់អ្នកនយោបាយរៀងៗខ្លួន ហើយសូមកុំប្រើភាសាប្រមាថព្រះ​ម​ហាក្សត្រ»។

អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី មិនបានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងខួប១៧ឆ្នាំនៃការឡើងគ្រងរាជនេះទេ ប៉ុន្តែកន្លងទៅ លោកធ្លាប់បង្ហោះសារថា ព្រះអង្គមិនបានប្រើព្រះរាជតួនាទី ដើម្បីផ្សះផ្សាជាតិ ដូចស្មារតីរដ្ឋធម្មនុញ្ញទេ ខណៈស្ថាន​ការណ៍​នយោបាយជាង៤ឆ្នាំមកនេះនៅតែបន្តបិទខ្ទប់ ការវិលត្រលប់មកប្រឡូកក្នុង​ឆាកនយោ​បា​យ​វិញរបស់អតីតបក្សប្រឆាំង។

ការរំលាយគណបក្សប្រឆាំងចេញពីឆាកនយោបាយចាប់ពីអំឡុងឆ្នាំ២០១៧មក ជំរុញឱ្យ​ប្រទេស​លោ​ក​​សេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានមើលឃើញថា ជារបត់ន​យោបា​យ​​មួ​យ​រុ​ញកម្ពុជាចេញពីគន្លងប្រជាធិប​តេយ្យ និងបានចាត់វិធានការមួយចំនួន រួមទាំងដកប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA ២០ភាគរយ មុនកាលកំណត់។ 

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វាចាំបាច់ណា​ស់ ក្នុងសង្គម​ប្រជាធិបតេយ្យ ដែលអ្នកនយោបាយខ្មែរ ត្រូវរួមគ្នាស្ដារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ ដើម្បីការពារប្រយោជន៍ជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់អង្គព្រះមហាក្សត្រ។

លោកថា៖ «ពីព្រោះគោលការណ៍គោរពសិទ្ធិមនុស្សឈរលើបន្ទាត់នៃលទ្ធិប្រជាធិបតេយ្យនេះ វានាំឱ្យ​កម្ពុ​​ជាមានផលចំណេញច្រើន ដែលសហគមន៍អន្តរជាតិក៏គេអាចមើលឃើញ ហើយអបអរទាំងន​យោ​បាយការទូត និងជំនួយអភិវឌ្ឍន៍ផ្សេងៗ នឹងអាចកើតឡើងចំពោះប្រទេសដែលកំពុងអភិវឌ្ឍន៍»។

មា​ត្រា៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ»
មាត្រា៩ ចែងដែរថា៖ «ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ