សហជីព​ថា កម្មករ​កម្ពុជា​ភាគច្រើន​​កំពុង​​ប្រឈម​ខ្លាំង​ពី​ជំងឺ​វិជ្ជាជីវៈ

កម្មការិនីម្នាក់ដួលសន្លប់អំឡុងពេលធ្វើការនៅរោងចក្រ ឡេកស្ពត កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សហជីព​ធំ​មួយ​បាន​លើកឡើង​ថា កម្មករ​រោង​ចក្រ​ជាច្រើន​នៅទូទាំងប្រទេស​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​វិជ្ជាជីវៈ និង​មិន​ដែល​ទទួល​បាន​អត្ថប្រយោជន៍ពី​ក្រុមហ៊ុន​​ដែលខ្លួន​បានធ្វើ​ការឱ្យ​នោះ​ឡើយ។

តាមរយៈ​ទិវាពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព កម្មករ រៀបចំ​ដោយ​អង្គការ​អន្តរជាតិខាង​ការងារ ILO កាលពី​ថ្ងៃទី២៨ ខែតុលា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែងថា លោកបាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​កម្មករ ដូចជា គ្រោះថ្នាក់​ការងារ ការសន្លប់ ប្រព័ន្ធសន្តិសុខ​សង្គម បរិយាកាស​នៅកន្លែង​ការងារ និង​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​ត្រូវពង្រឹង និងដោះស្រាយ​ ជូនកម្មករនិយោជិតខ្មែរ ក្នុងនោះ​ក៏មាន​ចំណុច​ស្តី​អំពី​ «ជំងឺ​វិជ្ជាជីវៈ» ផង​ដែរ។

សូមបញ្ជាក់​ថា ជំងឺវិជ្ជាជីវៈ គឺជាជំងឺ​ដែលកើត​ចេញ​ពី​ការងារ។ លោកបានលើក​ជា​ឧទាហរណ៍​ថា តួយ៉ាង​ដូចជា​កម្មករ​ផ្នែក​លាយថ្នាំពណ៌ នៅពេល​ដែល​ធ្វើការ​យូរៗ​ទៅ ស្រាប់​តែ​ពិនិត្យឃើញ​ថា កើតជំងឺ​មហារីក​ដោយសារ​សារធាតុ​ពី​ប្រភេទ​ថ្នាំពណ៌​ទាំង​នោះ នោះគឺ​ហៅថា​ជំងឺវិជ្ជាជីវៈ ដែលមាន​ន័យ​ថា ជាជំងឺ​កើតចេញ​ពីអាជីព​ការងារ​របស់​ខ្លួន។

លោក អាត់ ធន់ថា នៅ​កម្ពុជា រោងចក្រ​នីមួយៗ​ពុំបាន​ផ្តល់​អត្ថប្រយោជន៍​នៃ​ជំងឺ​វិជ្ជាជីវៈ​នេះដល់​កម្មករ​ឡើយ ខណៈកម្មករ​ខ្លួនឯង​ក៏មិន​បាន​ទាំងដឹង​ផង​ថា ​ខ្លួនបានរង​ផលប៉ះពាល់​សុខភាព​រយៈពេល​វែង​ក្រោយ​ធ្វើការ​នៅរោងចក្រ​ទាំងនោះ។

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ហ្នឹង​ហើយ [រោងចក្រនីមួយៗនៅទូទាំង​ប្រទេស] វាសុទ្ធតែ​មាន [ជំងឺវិជ្ជាជីវៈ] ប៉ុន្តែ​ពួកគាត់ [កម្មករ] អត់ដែល​ទទួល​បាន​ប្រយោជន៍ [ពីថៅកែ] ទេ។  ធ្វើការយូរៗទៅ គាត់ឈប់ធ្វើការ ទៅផ្ទះវិញ លក់គោក្របី ចិញ្ចឹមជីវិតគាត់ទៅ ព្យាបាល​ជំងឺ​ទៅ ឆាប់ស្លាប់បាត់ទៅ ដែលដឹង? ស្លាប់បាត់ហើយហ្នឹង។ លក់គោ លក់ក្របី លក់ដី មើលខ្លួន ដល់ស្លាប់​បាត់ទៅ មានដឹង​ថា ខ្លួនឯងធ្វើការ​ឱ្យគេមានការ​ប៉ះពាល់​ឯណា! ព្រោះគេ [ថៅកែ] មិនដែលចាត់ទុកថា ជាជំងឺ​វិជ្ជាជីវៈផង ពួកគាត់​ម៉េច​បាន [អត្ថប្រយោជន៍]»

លោកថា ជំងឺវិជ្ជាជីវៈមិនទាន់ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​កម្មករ​ជាច្រើន​​បាត់​បង់​អត្ថប្រយោជន៍​ដោយសារ​តែថៅកែ​ ឬក្រុមហ៊ុន​មិនបានចាត់​ទុកពួកគេ​ថា​មានជំងឺវិជ្ជាជីវៈ។

លោក អាត់ ធន់ អះអាងថា ដរាបណា​រដ្ឋាភិបាល​មិនទាន់​កំណត់​ច្បាស់លាស់​ពី​ច្បាប់ ស្តីពី ​ជំងឺវិជ្ជាជីវៈនេះ គឺកម្មករ​មាន​ភាពលំបាក​ណាស់ក្នុងការ​តាម​ដាន និង​ទាមទារ​អត្ថប្រយោជន៍​ទាំងនោះ។ លោកថា តួយ៉ាងបើកម្មករ​មាន​ជំងឺសួតជាដើម ហើយអះអាង​ថា មានជំងឺវិជ្ជាជីវៈ រីឯថៅកែ​​តបថា រដ្ឋមិនទាន់បានកំណត់ច្បាប់​ជាក់លាក់​ពីរឿងនេះ​ផង នោះ​កម្មករក៏​មិនដឹងថាត្រូវតវ៉ាយ៉ាងដូចម៉េចដែរ។

យ៉ាងណា លោកថា តាមរយៈវេទិកា​កាល​ពីម្សិលមិញ​រដ្ឋាភិបាល​បានបង្ហាញភាព​សុទិដ្ឋិនិយម​​ថា​នឹង​រៀបចំវិធានការច្បាប់ខ្លះៗ ដើម្បីជា​ការសម្រួលស្ថានភាព​សម្រាប់​កម្មករ និងដើម្បីដោះ​ស្រាយបញ្ហា​ប្រឈមរបស់ពួកគេ។

កម្មករ​រោងចក្រ​ស្រោមដៃ នៅទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោចិនតុង រាជធានីភ្នំពេញ កញ្ញា សោ ធារ៉ា និយាយថា កញ្ញាចង់បាន​អត្ថប្រយោជន៍​សម្រាប់​ជំងឺ​វិជ្ជាជីវៈ ព្រោះកំឡុង​ពេលធ្វើការ​ក្នុង​រោងចក្រកញ្ញា​ជឿថា ក្នុងរាងកាយ​ទទួល​នូវ​សារធាតុគីមី​ពី​រោងចក្រ គ្រាន់តែ​ពិបាក​ស្មានពី​ទំហំនៃ​ផលប៉ះពាល់​នាពេល​អនាគត។

កញ្ញា សោ ធារ៉ា ថា៖ «ដល់​ពេលយើង​ឈប់​ទៅ ទៅផ្ទះ ចឹង​ក្រុមហ៊ុន​ហ្នឹងអត់​ដឹង​ថា យើង​ឈឺទេ ចឹងគេ​អត់​ទទួល​ទេ។ បើនៅក្នុង​រោងចក្រ យើងឈឺ យើង​ទៅ ប.ស.ស។ តែដល់​ពេល​យើងឈប់​ធ្វើការទៅ ដាច់​៣ខែ យើង​អត់អាច​ទៅ ប.ស.ស បាន អញ្ចឹង​យើង​ប្រើចំណាយ​លុយហ្នឹងជា​របស់​ផ្ទាល់​ខ្លួន។ ចឹងខ្ញុំចង់​បាន​អត្ថប្រយោជន៍​ពីក្រុមហ៊ុន​ដែរ នៅពេល​ដែល​ឈប់​ចឹងហ្អាស់»

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រាប់​វីអូឌី​នៅថ្ងៃទី ២៩ ខែតុលានេះថា វេទិកាពីម្សិលមិញ​នេះមិនមាន​អ្វីប្លែក​ទេ ពោល​គឺវា​គ្រាន់តែ​ជាការ​ប្រារព្ធទិវាមួយ​ប៉ុណ្ណោះ និងមិនមែន​ជាការបូក​សរុប​លទ្ធផល​ការងារ​អ្វីនោះ​ទេ។

យ៉ាងណា​លោក​ថា ប្រធាន​បទពាក់ព័ន្ធ​ជំងឺ​វិជ្ជាជីវៈ ត្រូវការ​ការវិភាគ​ច្រើន និង​ព័ត៌មាន​ច្រើន​ទៀត ខណៈលោក​មិនទាន់​ក្តាប់​ព័ត៌មាន​នេះ​ជុំនៅ​ឡើយ។

លោក ហេង សួរ ថ្លែងថា៖ «សេចក្តីប្រកាស​ស្តីពី​ជំងឺវិជ្ជាជីវៈ វាត្រូវ​ការ​វិភាគ​ច្រើន ហើយ​ត្រូវការ​ព័ត៌មាន​ច្រើនទៀត ខ្ញុំមិន​ទាន់​ក្តាប់​បាន​ដែរ។ ប្រកាស​ស្តីពី​ជំងឺ​វិជ្ជាជីវៈ  ក្រសួង​ដូចចេញ​យូរ​ហើយតើ! ខ្ញុំគិតថា គេមាន​ច្បាប់​ប្រកាស​អីហើយ​អស់ហើយ។ ខ្ញុំដឹងថា គេមាន​ប្រកាស ប៉ុន្តែគ្រាន់តែ​ថា នីតិវិធី​លម្អិត​អីយ៉ាង​ម៉េច ខ្ញុំមិន​ទាន់ក្តាប់​បាន​ដែរ»។​

រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ថ្លែង​ក្នុង​វេទិកា «ទិវាពិភព​លោក ដើម្បី​សុខភាព និង​សុវត្ថិភាព» កាលពី​ម្សិលមិញ​ថា ក្នុងការរក្សាស្ថិរភាព​ប្រាក់ចំណូល​របស់​កម្មករ​និយោជិត រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​ចំនួន ៩ជុំ រួច​មក​ហើយ។

ក្នុងនោះ​លោកថា សម្រាប់​វិស័យ​ការងារក៏​បានអនុវត្ត​នូវវិធានការ​ដោះស្រាយ​ផលប៉ះពាល់ របស់​និយោជក និងកម្មករនិយោជិត រួមមាន ការអនុញ្ញាតឱ្យ​រោងចក្រ សហគ្រាស​នៅក្នុង​វិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផល​ធ្វើដំណើរ​និង​កាបូប និងវិស័យទេសចរណ៍ តាមគោលដៅ​ដែល​រងផលប៉ះពាល់ធ្ងន់ធ្ងរ អាចព្យួរ​កិច្ចសន្យា​ការងារ ដោយកម្មករនិយោជិត​ទទួល​បាន​ប្រាក់ជំនួយ​ឧបត្ថម្ភ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់  ខណៈនិយោជក ក៏ទទួល​បាន​នូវការ​អនុគ្រោះចំពោះ​កាតព្វកិច្ចមួយ​ចំនួន ដូចជា​ការលើកលែង​បង់ភាគទាន​របបសន្តិសុខ​សង្គម​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ