មន្ត្រីគណបក្សកាន់អំណាចលោក គង់ ឃៀង ត្រូវបានសមត្ថកិច្ចចាប់និងបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ក្រោយពីមន្ត្រីរូបនេះ បានបង្ហោះវីដេអូចំនួនពីរចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថា បានប្រព្រឹត្តអំពើពុករលួយ និងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ។
ក្រោយពីបង្ហាញវីដេអូនេះ ក្រុមប៉ូលិសស្លៀកពាក់ស៊ីវិលបានទៅឡោមព័ន្ធផ្ទះរបស់លោក និងបានយកកន្ត្រៃកាត់សោរទ្វាចូលទៅចាប់ខ្លួនលោកដល់ក្នុងផ្ទះ។ នេះបើតាមលោក គង់ ឃៀង ដែលបានរៀបរាប់តាមរយៈវីដេអូឃ្លីបមួយមានរយៈពេលជាង ១ នាទី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីកាលពីម្សិលមិញបានទទួលស្គាល់ថា សមត្ថកិច្ចពិតជាបានចាប់ខ្លួន និងបញ្ជូនខ្លួនលោក គង់ ឃៀង ទៅតុលាការមែន ក្រោមការចោទប្រកាន់ពីបទ «បរិហាកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើងចំពោះថ្នាក់ដឹកនាំ»។
មេធាវីការពារក្ដីឱ្យសមាជិកគណបក្សប្រជាជនលោក គង់ ឃៀង គឺ លោក គង់ សំអុន ប្រាប់វីអូឌីកាលពីម្សិលមិញថា កូនក្ដីរបស់លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីលោកបង្ហោះវីដេអូចំនួនពីររិះគន់លោក ជា សុផារ៉ា។ លោកបន្តថា បច្ចុប្បន្នកូនក្ដីរបស់លោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយតុលាការចោទប្រកាន់ពី «បរិហាកេរ្តិ៍ និងញុះញង់»។
លោកថា៖ «នៅក្នុងមន្ទីរឃុំម១ ពន្ធនាគារព្រៃស ខាងតុលាការហ្នឹងហើយដែលឃាត់។ គេឃាត់តាំងពីថ្ងៃគេទៅឆែកផ្ទះគាត់ថ្ងៃនោះ។ គេឃាត់ខ្លួនពេលថ្ងៃត្រង់ គេឃាត់យកទៅប៉ូលីសអគ្គស្នងការ ហើយបានគេបញ្ជូនទៅតុលាការ និងទៅពន្ធនាគារ។ ចំពោះសុខភាពមានភាពតក់ស្លុត គាត់មានការសោកស្ដាយ អ្វីដែលគាត់និយាយមានការលើសលួសអីហ្នឹង»។
កាលចុងសប្តាហ៍កន្លងទៅ សមាជិកគណបក្សប្រជាជនកម្ពុជា លោក គង់ ឃៀង បានបង្ហោះវីដេអូឃ្លើបចំនួន ២ ដោយចោទប្រកាន់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ពីរករណីធំៗ ក្នុងនោះលោកបានចោទលោក ជា សុផារ៉ា ថាមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ។
លោក គង់ ឃៀង ថា៖ «ស្ត្រីដែលលោក ជា សុផារ៉ា កំពុងទាក់ទងមិនមែននៅលីវទេ ក៏មិនមែនមេម៉ាយដែរ គឺនាងមានប្ដី ហើយមានកូនស្រី ខ្ញុំសូមមិនបង្ហាញឈ្មោះប្ដីទេ ព្រោះទុកមុខឱ្យបុរសដូចគ្នា ព្រោះគ្នាវារងគ្រោះទៅហើយគេមកឆក់ប្លន់ប្រពន្ធរបស់ខ្លួននៅនឹងមុខ តែដោយសារគេមានអំណាចធំពេក ខ្លួនមនុស្សតូចតាច មិនមានអីតតាំង ខ្មែរយើងគេហៅថា ធ្វើជាអាវែក គេមកឆក់ប្លន់ក៏មិនដឹងធ្វើម៉េចដែរ បើខ្លួនវាតូចតាចមានអំណាចដូចគេ»។
ក្នុងនោះដែរ លោក គង់ ឃៀង បានចោទថា លោក ជា សុផារ៉ា បើកឱ្យស្ត្រីដែលកំពុងមានទំនាក់ទំនងស្នេហានោះទៅប្រមូលលុយពីសមាជិកបក្សកាន់អំណាចមិនសមរម្យ។
លោកថា៖ «កាលណាគាត់ប្រកែក គាត់កុំពាក់ព័ន្ធកុំឱ្យស្រីស្នេហ៍មកយកលុយពីគេ ខ្ញុំជឿថា បងប្អូនជាសមាជិកគណបក្សទាំងអស់ ក្រុមយុវជនក្រីក្រតូចតាចក៏ដោយ រួមទាំងរូបខ្ញុំក៏ដោយ យើងក្រគឺក្ររបៀបយើងទៅ គាត់មានគឺមានរៀបគាត់ទៅ ទោះគាត់មានអ្វីក៏ដោយ មានទ្រព្យសម្បត្តិ មានអំណាច មានស្រី របៀបគាត់ទៅ យើងមិនឈឺក្បាលវិលមុខទេ ប៉ុននេះ គាត់យល់ព្រម បានជាមានហេតុ គឺឱ្យគូស្នេហ៍មកយកលុយម្ដងហើយម្ដងទៀត»។
លោក គង់ ឃៀង លើកឡើងទៀតថា លោក ជា សុផារ៉ា មានតួនាទី និងឋានៈ ក្នុងការគ្រប់គ្រងដីធ្លី ស្ទឹង បឹង ព្រែក ទន្លេ រួមទាំងសមុទ្រជាដើម។ លើសពីនេះ លោកថា បន្ទាប់ពីលោកបកស្រាយ និងចេញវីដេអូនេះហើយ គឺលោក មិនរួចខ្លួនឡើយ។
លោកថា៖ «ដោយមានតំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គឺគាត់គ្រប់គ្រងដីធ្លីទូទាំងប្រទេស ហើយថា តើបុគ្គលនេះត្រូវការសាងសង់សំណង់ខុសច្បាប់ ឬអគារស្របច្បាប់ បឹង ព្រែក អូរ ឬសមុទ្រ ត្រូវលុបគឺលុប ទីកោះដែលត្រូវអភិវឌ្ឍន៍បែបៗណា គឺស្ថិតនៅក្នុងកណ្ដាប់ដៃរដ្ឋមន្ត្រីក្រសួងដែនដីទាំងអស់»។
វីអូឌីមិនទាន់អាចសុំការបំភ្លឺចំពោះរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននៅឡើយទេគិតត្រឹមថ្ងៃសៅរ៍នេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឱ្យមានការស៊ើបអង្កេតចំពោះរឿងនេះឱ្យបានច្បាស់លាស់ ជាជាងគ្រាន់តែមានការលើកឡើងហើយចាប់និងបញ្ជូនមនុស្សទៅឃុំខ្លួននៅក្នុងពន្ធនាគារ។
លោកថា៖ «អ្នកដែលលើកឡើងតែរងគ្រោះ បើយើងកត់សម្គាល់កម្រឃើញថា រកឃើញអ្នកដែលគាត់មានឥទ្ធិពល ឬមានអំណាចបានប្រព្រឹត្តអ្វីដូចការលើកឡើងហ្នឹងណាស់។ អ៊ីចឹងជាយុត្តិធម៌តែមានការស្រាវជ្រាវទាំងអស់ មិនថាអ្នកណាមានឋានៈប៉ុណ្ណា ព្រោះច្បាប់អត់មានកំណត់ថា អ្នកតូចត្រូវតែជាប់ទោស អ្នកធំប្រព្រឹត្តខុសត្រូវតែរួចខ្លួនទ។ អ៊ីចឹង គឺនៅពីលើគ្រប់មនុស្សទាំងអស់ អ្នកណាប្រព្រឹត្តខុសត្រូវតែផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ អ៊ីចឹងចំណុចទាំងអស់នេះ ដើម្បីជាយុត្តិធម៌គួរតែបើកការពិនិត្យមើលឡើងវិញទាំងអស់ ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង»៕