សមត្ថកិច្ច​​ខេត្ត​​ក្រចេះ​ឃាត់​ខ្លួនមេប៉េអឹម​​ក្រុង​ម្នាក់​​និង​បក្ខពួក​ករណី​ប្រើ​ហិង្សា​លើ​ក្មេង​ស្រី​បម្រើ​នៅ​ផ្ទះ​ខ្លួន

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

សមត្ថកិច្ច​ខេត្ត​ក្រចេះ​បាន​ឃាត់ខ្លួន​មេប៉េអឹម​ក្រុង​និង​គូកន ពាក់ព័ន្ធ​នឹង​ប្រើ​ហិង្សា​ទៅ​លើ​ក្មេង​ស្រី​ចំនួន​២​នាក់ ដែល​ជា​កូន​ឈ្នួល​បម្រើ​នៅ​ផ្ទះ បណ្ដាល​ឱ្យ​រង​របួស ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​។

ក្មេងស្រីដែលរងអំពើហិង្សាទាំង២នាក់នោះ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ  ​ ហើយអ្នកទាំង២នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួលម្នាក់ចំនួន១០០ដុល្លារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួន ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ និងគូកន។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាន្ត ប៊ុនថាន លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថាការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយសារ ពួកគេបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រី២នាក់ ដែលជាកូនឈ្នួល ឬអ្នកបម្រើនៅផ្ទះរបស់ខ្លួន បណ្តាលឱ្យរងរបួស ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” បើបុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើស ត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ជាធរមាន ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី  បានទេនៅថ្ងៃអាទិត្យនេះ ខណៈលោក ទេព ហ៊ុយ ក៏នៅមិនទាន់អាចទាក់ទងរកការឆ្លើយតបបានដែរ។

ចំណែកស្ត្រីម្នាក់ដែលអះអាងថាជាម្តាយក្មេងស្រីរងអំពើហិង្សា បាននិយាយក្នុងវីដេអូឃ្លីបមួយរៀបរាប់ថា ដើមចមដែលនាំឱ្យ ទេព ហ៊ុយ ប្រើហិង្សាបោចសក់ និងយកជើងម៉ា​វាយក្បាលកូននិងក្មួយរបស់ខ្លួនចំនួន២ជើងម៉ា ហើយកូនចៅលោកបានវាយលើកូនស្រីគាត់ចំនួន៣កំភ្លៀង ថែមទាំងបង្ខំឱ្យស៊ីអាចម៍ឆ្កែ និងដេកអោបផ្នូរខ្មោចឆ្កែចំនួន១យប់  ដោយសារតែពួកគេធ្វើឱ្យកូនឆ្កែងាប់។

ប្រភពដដែលបន្តថា ក្រោយពីប្រើអំពើហិង្សា គឺលោក ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែអ្នកស្រីមិនព្រមឡើយ ដោយថាទុកឱ្យច្បាប់ដោះស្រាយនិងចង់បានយុត្តិធម៌ជុំវិញរឿងនេះ ។

អ្នកស្រីនិយាយថា៖ «សូមឱ្យជួយរកយុត្តិធម៌ឱ្យកូននាងខ្ញុំ ឱ្យផ្តន្ទាទោសអ្នកប្រព្រឹត្តតាមច្បាប់ ព្រោះខ្ញុំជាជនក្រីក្រ ជាជនរងគ្រោះ ហើយខ្ញុំក៏មិនដឹងថាហេតុអីគេធ្វើបាបកូនខ្ញុំបែបហ្នឹងទេ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ដែលតាមដានករណីនេះ ជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចោទប្រកាន់លើឈ្មោះ ទេព ហ៊ុយ និងគូកន ។

លោក ករុណា បញ្ជាក់ថា បើរកឃើញថា បុគ្គលនោះពិតជាបានប្រព្រឹត្តអំពើល្មើសមែន អាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីកុំឱ្យអ្នកផ្សេងយកគំរូតាមអ្នកដែលប្រព្រឹត្តអំពើល្មើសនោះ។

លោកមានប្រសាសន៍ថា៖ «ករណីនេះគួរតែពិនិត្យឱ្យបានម៉ត់ចត់បន្តិច ព្រោះវាកើតឡើងលើអនីតិជន (អាយុប្រហែល១២ឆ្នាំ) ដែលជាអ្នកបម្រើនៅតាមផ្ទះ ហើយយើងមិនដឹងថាពីមុនមកគាត់ធ្លាប់រងនូវការធ្វើទារុណកម្មបែបណាខ្លះទៀត។ បើរកឃើញប្រព្រឹត្តអំពើល្មើសកប្បីចាត់វិធានការផ្តន្ទាទោសឱ្យបានតឹងរឹង ជៀសវាងផ្តន្ទាទោសធូររលុង អាចធ្វើឱ្យមានអ្នកប្រព្រឹត្តអំពើបែបនេះបន្តទៀត ព្រោះអាងខ្លួនជាសមត្ថកិច្ចនិងមានអំណាច»។

កាលពីចុងឆ្នាំ២០១៩ សង្គមស៊ីវិលបានចេញសេចក្តីថ្លែងការរួម ស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន១១ចំណុច ដើម្បីបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រក្នុងពិភពការងារ និងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ ពីព្រោះនៅកម្ពុជា មានអ្នកធ្វើការងារតាមផ្ទះចំនួន២៥ម៉ឺននាក់ ភាគច្រើនជាស្ត្រី ហើយពួកគេមិនទាន់ទទួលបានការការពារពីច្បាប់ ស្តីពីការងារនៅឡើយ ។

សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា និយោជក (ម្ចាស់ផ្ទះ) ភាគច្រើនមិនទាន់បានអនុវត្ត តាមប្រកាសលេខ ២៣៥ ចុះថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងការងារស្តីពីលក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការតាមផ្ទះ ជាពិសេសប្រការ១៣ ចែងថា អំពីកាតព្វកិច្ចរបស់និយោជក ក្នុងការចុះបញ្ជីរបបបេឡាជាតិសន្តិសុខសង្គមលើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងសោធន៍និវត្តន៍។

យ៉ាងសង្គមស៊ីវិលថា សេចក្តីប្រកាសលេខ ២៣៥​ នៅមានចំណុចខ្វះខាតមួយចំនួនទៀត ដូចជា មិនទាន់បញ្ជាក់ពីប្រាក់ខែគោលកិច្ចសន្យាការងាររវាងម្ចាស់ផ្ទះ និងកម្មករ រួមទាំងមិនបានបញ្ចូលនូវការឈប់សម្រាកលំហែមាតុភាព និងសម្រាកបុណ្យជាតិផ្សេងៗទៀតជាដើម ដែលទាមទារឱ្យរដ្ឋត្រូវគិតគូរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ