CCHR ទាមទារ​ឱ្យ​លុប​បំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (Matt Surrusco)

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​ ធ្វើយុទ្ធនាការ​​៤ថ្ងៃ លើបណ្ដាញ​សង្គម​ចាប់ពីថ្ងៃចន្ទទៅ ដើ​ម្បី​ទាម​ទារ​ទៅ​រដ្ឋាភិបាលឱ្យ​លុបបំបាត់អំពើឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ខណៈអង្គការមួយ​នេះ​ កត់សម្គាល់​​ថា អ្នក​​សារ​ព័ត៌មាន​​​ជាង​​១០នាក់ដែល​ត្រូ​វគេ​សម្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង​មក​នេះ​​ នៅ​​​មិនទាន់​ទទួល​បាន​យុត្តិធម៌នៅឡើយ​។

យុទ្ធនាការនេះធ្វើឡើង​​ស្របពេលការប្រារព្ធ «ទិ​វា​អន្តរជាតិដើម្បីបញ្ចប់​និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌​មាន» ចូលមកដល់នៅថ្ងៃអង្គារ ទី២ខែវិច្ឆិកានេះ។

CCHR បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍របស់ខ្លួន​​ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១​ ថា ទិវា​នេះក៏​ជា​ឱកាសដើម្បីរម្លឹកដល់រដ្ឋាភិបាល​នៅជុំវិ​ញពិភពលោក ត្រូវបំពេញ​កាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបញ្ចប់​នូវ​អំពើ​និទណ្ឌភាព​លើឧ​ក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានផងដែរ។

សម្រាប់កម្ពុជាវិញ អង្គការនេះលើកឡើង​ថា ក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានដល់សាធារណជន ដើម្បីការពារប្រយោជន៍សា​ធារណៈ ហើយថា ការវាយ​ប្រហារទៅលើ​អ្នកសារព័ត៌មានបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្នុងការចូលរួមការពារប្រយោជន៍សាធារណៈ។

CCHR បាន​កត់សម្គាល់ទៀត​ថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន ចំនួន១៣នាក់ត្រូវបានសម្លាប់ ក្នុងនោះ១២នាក់ត្រូវបាន​សម្លាប់​ដោយ​សារ​រាយ​ការណ៍​ពាក់ព័ន្ធរឿងអាស្រូវពុករលួយរបស់​មន្ត្រីជាន់ខ្ពស់ក្នុងជួរបក្សកាន់អំណាចនិងស្ថាប័នយោធា។

យ៉ាងណា អង្គការនេះថា បច្ចុប្បន្ន ជនល្មើសដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មទាំងអស់នោះ ស្ថាប័នពាក់ព័ន្ធនៅ​មិនទាន់បាននាំខ្លួនមកជំនុំជម្រះ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ​​។

បញ្ហានេះ CCHR គូសបញ្ជាក់ថា ការប្រារព្ធទិវានេះជាឱកាសជំរុញឱ្យមានការពិភាក្សាអំពីឧក្រិដ្ឋកម្មប្រ​ឆាំ​ង​លើអ្នកសារព័ត៌មាន និងអ្នកធ្វើការនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដែលមិនទាន់បានទទួលយុ​ត្តិធម៌ ​និងក៏ដើម្បីសម្ដែងនូវការគោរពដល់អ្នកសារព័ត៌មានដែលតែងតែប្រថុយប្រថានឬក៏បាត់បង់អាយុជីវិ​​តនៅក្នុងបុព្វហេតុរាយការណ៍ព័ត៌មានរបស់ខ្លួន។

បន្ថែមពីនេះ អង្គការនោះបញ្ជាក់ថា ការធ្វើយុទ្ធនាការ៤ថ្ងៃ ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅឆ្នាំ២០២១នេះ «គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខា​ន់​រ​ប​ស់អ្នកសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ និងអំពើនិទណ្ឌភាពដែលកំពុងបន្តញាំញីក្នុងប្រ​​​ទេ​សកម្ពុជា រួមទាំងអំពើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មា​នផងដែរ»

អគ្គស្នង​ការ​នគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍យ៉ាងខ្លីថា លោកមិនចាប់អារម្មណ៍នឹងការធ្វើយុទ្ធនាការ​​របស់អង្គការនេះទេ ដោយថា សមត្ថកិច្ចអនុវត្តតួនាទីរបស់ខ្លួនតាមច្បាប់តែប៉ុណ្ណោះ ។

លោកមានប្រសាសន៍ថា៖ «ពូមន្ត្រីអនុវត្តច្បាប់ ពូអនុវត្តតាមតែច្បាប់ទេ បកស្រាយបានសម្រាប់ព័ត៌មានរបាយការណ៍ធ្វើការពាក់ព័ន្ធនឹងបទល្មើសអី ពូផ្ដល់ព័ត៌មានជូនប្អូនបាន! ឱ្យពូវិភាគ [លើការយុទ្ធនាការរបស់ CCHR] នោះ ពូមិនវិភាគទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក​ មាស សោភ័ណ្ឌ មានប្រសាសន៍ថា ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកសារព័ត៌មានដែលគេបាញ់សម្លាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះបាន លុះត្រាតែគ្រប់ភាគីត្រូវចូលរួមឱ្យគ្រប់ដំណើរការនីតិវិធី​ទាំងអស់របស់សមត្ថកិច្ចនិងតាមនីតិវិធីច្បាប់។ លោកក៏បាន​លើកទឹកចិត្តដល់ជនរងគ្រោះឬសាច់ញាតិដែលត្រូវការសេវាផ្នែកច្បាប់ ត្រូវទំនាក់ទំនងទៅក្រសួងព័ត៌មាន ដើម្បីជួយរកយុត្តិធម៌ជូនពួកគេផងដែរ ។

លោកមានប្រសាសន៍ថា៖ «ក្រសួងបានប្រកាសជាសាធារណៈហើយ បើសិនជាអ្នកសារព័ត៌មានមានវិវាទផ្នែកសារព័ត៌មាន គឺអាចដាក់ពាក្យស្នើសុំមកក្រសួង ហើយក្រុមការងារទទួលបន្ទុក [នៅក្រសួង] នឹងពិនិត្យលើករណីនីមួយៗទៅតាមអង្គហេតុនិងអង្គច្បាប់ ហើយក្រសួងនឹងឆ្លើយតបថាអាចផ្ដល់ជំនួយផ្នែកផ្លូវច្បាប់បានឬក៏យ៉ាងណា»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា «ខេមបូចា» លោក ណុប វី ជំរុញ​ដល់​​រដ្ឋាភិបាល​និងសមត្ថកិច្ចបន្ត​ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលបាញ់សម្លាប់និងបង្កហិង្សាលើអ្នកសារព័ត៌មានកន្លងមក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ លោកបន្តថា បើរដ្ឋាភិបាលនិងសមត្ថកិច្ច មិនចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ទេ នឹង​ធ្វើឱ្យមានវប្បធម៌និទណ្ឌភាព និងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលជាដើម ។

លោក​ថា៖ «បើសិនជាក្នុងករណីអំពើនិទណ្ឌភាព ហើយករណីដែលកើតពីមុនមក ហើយមិនត្រូវបានដោះស្រាយទេ វាជាឧបសគ្គរាំងស្ទះទៅដល់ដំណើរការនៃការប្រឹងប្រែងបំពេញការងាររបស់បងប្អូនអ្នកសារព័ត៌មាននៅក្នុងពេល​បច្ចុប្បន្ន។ ហើយវាក៏អាចក្លាយទៅជាឧបសគ្គនៅក្នុងការជំរុញឱ្យមានតម្លាភាពនៅក្នុងសង្គមយើង ជំរុញឱ្យមានយុត្តិធម៌នៅក្នុងសង្គមរបស់យើងផងដែរ។ ហើយវាអាចធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិយើងផងដែរ នៅក្នុងករណីហ្នឹង» ។

ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ចេញផ្សាយកាលពីថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២១ បាន​វាយ​តម្លៃថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថិតក្នុងចំ​ណាត់ថ្នាក់ទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ​នៃគម្រោងដែលបានសិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ