ចិន​ថា​របាយការណ៍​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩​របស់​អាមេរិក​គ្មាន​មូលដ្ឋាន​ច្បាស់លាស់

សន្តិសុខឃ្លាំមើលរក្សាសុវត្ថិភាពនៅខាងក្រៅវិទ្យាស្ថានរោគសាស្ត្រ វូហាន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអង្គការសុខភាពពិភពលោក (WHO) ដែលមានភារកិច្ចស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Thomas Peter)

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ថារបាយការណ៍ស៊ើបការណ៍របស់សហរដ្ឋអាមេរិកដែលលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩មានប្រភពដើមចេញពីមន្ទីរពិសោធន៍មួយក្នុងប្រទេសចិន គឺត្រូវបានធ្វើឡើងដោយគ្មានមូល​ដ្ឋាន​ច្បាស់​លាស់។

របាយការណ៍របស់សហរដ្ឋអាមេរិកដែលបានធ្វើបច្ចុប្បន្នភាព និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍កន្លង​ទៅ បានលើកឡើងថា ប្រភពដើមនិងការលេចធ្លាយនៃមេរោគចេញពីមន្ទីរពិសោធន៍មួយ គឺជា​សម្មតិកម្មដែលអាចជឿជាក់បាន ដើម្បីពន្យល់ពីរបៀបដែលមេរោគកូវីដ-១៩ (SARS-CoV-2) បានឆ្លងដំបូងមកកាន់មនុស្ស។

នៅក្នុងការឆ្លើយតបកាលពីថ្ងៃអាទិត្យម្សិលមិញ នៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន លោក Wang Wenbin ថ្លែងថា៖ «ការកុហកដែលលើកឡើងម្ដងហើយម្ដងទៀត នៅតែជាការកុហក។ ការស៊ើបការណ៍របស់សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់មានការជាប់ពាក់ព័ន្ធទៅនឹងការក្លែងបន្លំនិងបោកប្រាស់ផងដែរ»។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យ​ការបរទេសរូបនេះ បន្ថែមថា៖ «ការតាមដានពីប្រភពដើមនៃវីរុសកូរ៉ូណា គឺជាបញ្ហាដ៏ស៊ីជម្រៅនិងស្មុគស្មាញមួយ ដែលមានតែតាមរយៈកិច្ចសហប្រតិបត្តិការរបស់អ្នកវិទ្យាសាស្ត្រពិភពលោកប៉ុណ្ណោះ ដែលអាចស្រាវជ្រាវបាន»។

ប្រទេសចិន បានច្រានចោលម្ដងហើយម្ដងទៀតនូវការលើកឡើង ដែលថាមេរោគនេះបាន​លេចធ្លាយ​ចេញ​ពីមន្ទីរពិសោធន៍មួយរបស់ខ្លួនក្នុងទីក្រុង Wuhan ជាកន្លែងដែលករណីដំបូងបានផ្ទុះឡើង​នៅចុង​ឆ្នាំ​២០១៩។

ទាក់ទិននឹងករណីនេះ លោក Wang Wenbin ក៏បានបញ្ជាក់ពីការអំពាវនាវរបស់ប្រទេសចិនសារជាថ្មីម្តងទៀតដល់សហរដ្ឋអាមេរិកឱ្យមានការបើកទូលាយនូវបន្ទប់ពិសោធន៍ Fort Detrick ផ្ទាល់ខ្លួនរបស់ពួកគេដល់អ្នកជំនាញអន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ