សមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានរកឃើញការសង់លំនៅឋានដោយខុសច្បាប់ជាង១០០ករណី ក្នុងសហគមន៍ព្រៃឈើមួយស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សមាគមបណ្ដាញយុវជនកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឱ្យដឹងថា ក្រុមការងារស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាយុវជនកម្ពុជា បានចុះប្រមូលទិន្នន័យពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយរកឃើញការចូលទន្ទ្រានយកដី និងការសាងសង់ផ្ទះចាំចម្ការក្នុងព្រៃសហគមន៍ភ្នំសេះ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កើនទៅដល់១៤៣ករណី ខណៈឆ្នាំ២០២០មានតែ៨៥ករណីប៉ុណ្ណោះ។
សមាគមមួយនេះបន្តថា សកម្មភាពកាប់ទន្ទ្រានយកដីព្រៃសហគមន៍ ដើម្បីធ្វើចម្ការស្វាយចន្ទី និងការកាប់បំផ្លាញព្រៃឈើ បានបន្តកើតមានរាល់ថ្ងៃ ដោយពុំមានការចុះទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
សមាគមនេះបានបង្ហាញការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍មួយនេះយ៉ាងឆាប់រហ័សនៅពេលខាងមុខនេះ និងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និងរដ្ឋបាលខេត្តក្រចេះ ពង្រឹងការទប់ស្កាត់និងចាត់វិធានការច្បាប់ចំពោះជនល្មើសឱ្យខានតែបានផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ CYN បញ្ជាក់ថា៖ «ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសលើការទន្ទ្រាននិងចូលទៅសាងសង់លំនៅឋានដោយខុសច្បាប់លើដីរដ្ឋ គឺជាការជួយសង្គ្រោះដល់សហគមន៍ព្រៃឈើភ្នំសេះ និងសហគមន៍ព្រៃឈើដទៃទៀតទូទាំងប្រទេស ព្រមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តចំពោះការការពារព្រៃឈើនៅកម្ពុជា ស្របតាមច្បាប់ស្ដីពីព្រៃឈើ និងកម្មវិធីព្រៃឈើជាតិឆ្នាំ២០១៥ ដល់ឆ្នាំ២០២៩»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍បន្ថែមលើសេចក្ដីប្រកាសព័ត៌មាននេះថា ការបន្តបាត់បង់ព្រៃឈើនិងការទន្ទ្រានយកដីនៅ«សហគមន៍ព្រៃឈើភ្នំសេះ»ពីសំណាក់ជនល្មើសនេះ គឺដោយសារកម្សោយនៃការទប់ស្កាត់និងការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ។
លោកបន្តថា ប្រសិនបើអាជ្ញាធរមិនពង្រឹងការទប់ស្កាត់និងចាត់វិធានការទៅលើជនល្មើសឱ្យមានប្រសិទ្ធភាពទេ សហគមន៍មួយនេះនឹងវិនាសក្នុងរយៈពេលដ៏ខ្លីខាងមុខ និងជាគំរូអាក្រក់សម្រាប់សហគមន៍ផ្សេងទៀតនៅក្បែរផងដែរ។
លោកបន្ថែមថា៖ «ទន្ទឹមគ្នានេះដែរ ខ្ញុំស្នើសុំឱ្យមានការស៊ើបអង្កេតជាចំហ ស្នើសុំឱ្យមានការស៊ើបអង្កេតថាតើមានការពាក់ព័ន្ធណាមួយអំពីការជំរុញពីសំណាក់អាជ្ញាធរមូលដ្ឋានដែរឬទេ? បើសិនជាគ្មានទេ ក៏ស្នើសុំឱ្យមានស្វែងរកការទទួលខុសត្រូវពីសំណាក់អាជ្ញាធរមូលដ្ឋានដែលមានភាពធ្វេសប្រហែស ជាពិសេសអាជ្ញាធរមូលដ្ឋាននៅទីនោះ និងសង្កាត់រដ្ឋបាលព្រៃឈើប្រចាំការនៅទីនោះផងដែរ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ទ្រី សុភក្តិ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធការទន្ទ្រាននិងការសាងសង់លំនៅឋានដោយខុសច្បាប់ក្នុងព្រៃសហគមន៍ភ្នំសេះនេះនៅឡើយទេ ប៉ុន្តែលោកថា នឹងចាត់មន្ត្រីក្រោមឱវាទចុះទៅពិនិត្យករណីនេះ។
លោកនិយាយថា៖ «ខ្ញុំអត់ដឹងរឿងផង! ប៉ុន្តែមិនអីទេ ចាំមើលខ្ញុំឱ្យមន្ត្រីជំនាញគេចុះពិនិត្យករណីនេះ»។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ សមាគម CYN បានចេញរបាយការណ៍ស៊ើបអង្កេតមួយ ស្តីពី «ដំណើរឆ្ពោះទៅរកវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ» ដោយបានរកឃើញថា គម្របព្រៃឈើធម្មជាតិជាង១ ៣០០ហិកតា ក្នុងចំណោមទំហំដីសរុប៣ ០៨១ហិកតារបស់សហគមន៍នេះ បានរងនូវការបាត់បង់ ដោយបំប្លែងទៅជាដីចម្ការស្វាយចន្ទី ដំឡូងមី និងដំណាំហូបផ្លែមួយចំនួនទៀត។
បើតាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ភូមិបាល បានកំណត់ថា ការទន្ទ្រានយកដីព្រៃនិងការចូលទៅសាងសង់លំនៅឋានលើដីរដ្ឋ គឺជាទង្វើខុសច្បាប់។
មាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ ចែងថា ការរានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ ចំណែកមាត្រា២៥៩ នៃច្បាប់ភូមិបាល បានចែងថា ជនណាដែលប៉ះពាល់កម្មសិទ្ធិ ទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី៥លានរៀលដល់៥០លានរៀល៕









