ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា សម្រេចចិត្តលក់ផ្ទះរបស់លោកដែលស្នាក់នៅសព្វថ្ងៃ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃជាង២លានដុល្លារអាមេរិក ខណៈរូបលោកកំពុងត្រូវហ៊ុមព័ន្ធក្នុងសំណុំរឿងពីបទ «ក្បត់ជាតិ» នៅតុលាការនៅឡើយ។
គេហទំព័រអចលនទ្រព្យមួយដែលដាក់រូបម៉ូដផ្ទះជាប្រភេទវីឡា ស្ថិតក្នុងខណ្ឌទួលគោក លក់ក្នុងតម្លៃ២លាន៤សែនដុល្លារអាមេរិក ដែលវីឡានេះត្រូវគេស្គាល់ថាជាវីឡារបស់លោក កឹម សុខា។
យោងតាមគេហទំព័រដដែល ផុសនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បន្ថែមទៀតថា តម្លៃជាង២លានដុល្លារនេះនៅអាចចរចាបានខ្លះ ហើយសេវាកម្មគឺបូកសរុបទាំងថ្លៃផ្ទេរកម្មសិទ្ធិប្លង់រឹងជូនអតិថិជនដែលទិញផងដែរ។ ក្រៅពីនេះ អ្នកទិញក៏អាចជ្រើសរើសវិធីបង់រម្លស់តាមធនាគារបាន ក្នុងរយៈពេល២០ឆ្នាំ ដោយតម្រូវឱ្យបង់៣០ភាគរយនៃតម្លៃផ្ទះជាមុន។
វីឡាដែលមានទំហំដី២០គុណនឹង៤០ម៉ែត្រ ដែលត្រូវក្រុមហ៊ុនអចលនទ្រព្យបញ្ជាក់ថា «លក់បន្ទាន់ខ្លាំង» នេះ គឺមានបន្ទប់គេង៦ និងបន្ទប់ទឹក៨ ដែលមានសាច់ផ្ទះទំហំ១៦គុណនឹង១៨ម៉ែត្រ។ មិនតែប៉ុណ្ណោះ វីឡានេះនៅមានអាងហែលទឹក១ បន្ទប់ផ្ទះបាយក្នុង១និងក្រៅ១ថែមទៀតផង ស្ថិតនៅទីតាំងចម្ងាយ១០០ម៉ែត្រពីសាលាបញ្ញាសាស្ត្រ ចម្ងាយ៤៥០ម៉ែត្រពីផ្សារមាន់អាំង ចម្ងាយ៥០០ម៉ែត្រពីសាលាឥន្ទ្រទេវី និងចម្ងាយ៤០០ម៉ែត្រពីស្តុបផ្សារមាន់អាំង។
បុគ្គលិករបស់សេវាកម្មអចលនទ្រព្យដែលមានឈ្មោះថា «Century 21 Advanced Property For Sale» ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ខ្លួនមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីទិន្នន័យទាំងនេះបានទេ ដោយត្រូវរក្សាការសម្ងាត់សម្រាប់អតិថិជនរបស់ខ្លួន។
ប្រភពបន្តថា៖ «អធ្យាស្រ័យបង! ទាក់ទងជាមួយព័ត៌មានហ្នឹង ខ្ញុំអត់ទាន់ហ៊ាននិយាយប្រាប់បងបានឡើយទេ ចាំច្បាស់សិនបង បានអាចជម្រាបបាន! តែខាងក្រុមហ៊ុនពិតជាបានទទួលប្លង់ពីម្ចាស់ដើម្បីបានសិទ្ធិផុសលក់»។
ចំណែកប្រភពស្និទ្ធបំផុតរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អះអាងថា វីឡាដែលបានប្រកាសលក់តាមគេហទំព័រនេះ ពិតជាវីឡារបស់លោក កឹម សុខា ដែលត្រូវដាក់លក់មែន។ បើទោះជាបែបណា ប្រភពអះអាងថា គេមិនបានដឹងថាមូលហេតុអ្វី បានជាវីឡានេះត្រូវដាក់លក់យ៉ាងដូច្នេះឡើយ។
ជុំវិញរឿងនេះ សហមេធាវីការពារក្ដីរបស់លោក កឹម សុខា ពីររូប រួមមាន លោក ចាន់ ចេន និង លោក ផេង ហេង បានបដិសេធព្រមគ្នានៅថ្ងៃចន្ទនេះថា ពួកគេមិនបានដឹងពីព័ត៌មានស្ដីពីការលក់វីឡានេះទេ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បដិសេធក្នុងការផ្ដល់យោបល់ទាក់ទិនការប្រកាសលក់វីឡារបស់អតីតប្រធានគណបក្សប្រឆាំងដ៏ធំ នៅពេលនេះ។ លោកបន្តថា ការធ្វើនយោបាយនៅកម្ពុជាពិតជាមានភាពស្មុគស្មាញណាស់ ដោយសារក្រុមប្រឆាំងមិនសូវមានប្រភពទ្រទ្រង់ផង និងរងការយាយីគ្រប់រូបភាព ទាំងផ្នែកហិរញ្ញវត្ថុ និងសិទ្ធិនៃការធ្វើនយោបាយ។
លោកបន្តថា៖ «សម្រាប់ខ្ញុំ បើយើងមើលពីដំណើរជីវិតដ៏លំបាក ការធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា ដោយប្រឈមជាមួយនឹងការគំរាមកំហែងផង ហើយរដ្ឋាភិបាលក៏មិនបានទទួលខុសត្រូវទៅលើការជួយឱ្យគណបក្សនយោបាយនីមួយៗហ្នឹងអាចមានលទ្ធភាពធ្វើនយោបាយដោយស្មើភាព។ អ្នកណាមានស៊ីបបូរហូរហៀរទៅ រីឯអ្នកណាដែលអត់ហ្នឹងក៏ចេះតែអត់រហេមរហាមទៅ មានស្លាប់ម្ដងមួយៗអ៊ីចឹងទៅ»។
ផ្ទុយពីការយល់ឃើញនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានអះអាងក្នុងពេលកន្លងទៅថា តាមពិតរដ្ឋាភិបាលបានផ្ដល់លទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើនយោបាយហើយវិធីដែលជួយឱ្យគណបក្សរបស់ខ្លួនដំណើរការទៅបាន វាអាស្រ័យលើសមត្ថភាពរៀងៗខ្លួន។
ពាក់ព័ន្ធនឹងវីឡាដែលបានប្រកាសដាក់លក់នៅពេលនេះវិញ ជាវីឡាដែលត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំង ទាំងពាក់កណ្ដាលអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកស្រី ម៉េង សុភារី សហមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៣រូបដែលការពារក្ដីឱ្យលោក កឹម សុខា បានអះអាងកាលពីថ្ងៃទី១៦ ខែតុលា ថាសំណុំរឿងរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិនេះ គឺជារឿងក្ដីដែលរងភាពអយុត្តិធម៌បំផុត។
អ្នកស្រីលើកឡើងថា ប្រសិនបើតុលាការមិនអាចបន្តសវនាការបានទេ ក្រុមប្រឹក្សាជំនុំជម្រះគួរចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីប្រឆាំងលោក កឹម សុខា ហើយផ្ដល់សេរីភាពឱ្យអតីតប្រធានបក្សប្រឆាំងនេះមាននីតិសម្បទាពេញលេញឡើងវិញ។
លោក កឹម សុខា បានរងនូវការចោទប្រកាន់ពីបទ «ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល» ហើយសំណុំរឿងរបស់លោកត្រូវបានតុលាការក្រុងភ្នំពេញលើកមកជំនុំជម្រះកាលពីអំឡុងខែមករា ឆ្នាំ២០២០ ហើយបានបន្តនីតិវិធីរហូតដល់ចុងខែមីនា ទើបសម្រេចផ្អាក ដោយសារមានបម្រាមនៃការជួបជុំមនុស្សច្រើនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩៕