កម្ពុជា​គ្រោង​ស្នើ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ជូន​វ៉ាក់សាំង​កូវីដ-១៩​ទៅ​ចាក់​ជូន​ពលករ​ខ្មែរ​នៅ​ថៃ

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ប្រាប់ទៅក្រសួងពាក់ព័ន្ធស្នើទៅរដ្ឋាភិបាលថៃ ដើម្បីបញ្ជូន​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ-១៩ ទៅចាក់ជូន​ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសនេះ ដែល​មានប្រមាណ​១លាន​នាក់។

នៅក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ នៅថ្ងៃ​ទី០១ ខែវិច្ឆិកានេះ ប្រមុខ​រដ្ឋាភិបាលកម្ពុជាបានណែនាំទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងការបរទេសកម្ពុជា ត្រូវបន្តសហការជាមួយភាគី​ថៃ ដើម្បីនាំយក​វ៉ាក់សាំងកូវីដ-១៩ពីក​​ម្ពុជាទៅចាក់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «យើងចង់ជូនវ៉ាក់សាំង ជូនទៅឱ្យភាគីថៃជួយគ្រប់គ្រង ដឹកជញ្ជូន និងជួយចាក់ជូនពលករយើងនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែការធ្វើបែបនេះទៅបាន លុះត្រាតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ទើបយើងអាចធ្វើបាន។ យើងមិនបា​នភ្លេចទៅដល់ពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃនោះទេ។ ប៉ុន្តែបានឬមិនបានយ៉ាងណានោះ ក៏សូមបងប្អូនដែលជាពលករនៅក្នុងប្រទេសថៃមានការយោគយល់»

មេដឹកនាំគណបក្សកាន់អំណាចរូបនេះក៏បានស្នើទៅមន្រ្តីសុខាភិបាលទូទាំងប្រទេស ត្រូវយល់ព្រមចាក់ដល់ពលរដ្ឋដែលមិនទា​ន់បានចាក់ដុសដំបូង ដូចជា ស្រ្តីទើបសម្រាលកូនរួចជាដើម ដោយមិនចាំបាច់មានឯកសារ ឬចុះឈ្មោះស្នើសុំតាមអាជ្ញាធរ​មូ​លដ្ឋាន ឬទោះបីជាពួកគេមកពីភូមិ ឃុំ-សង្កាត់ ឬខណ្ឌណានោះទេ។ ហើយលោកក៏បានប្រាប់ទៅមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាពនានា ត្រូវបម្រុងទុកវ៉ាក់សាំងសម្រាប់ជូនពលរដ្ឋដែលស្ម័គ្រចិត្តមកចាក់បន្ថែម ឬមិនទាន់បានចាក់ផងដែរ។ 

កាលពីពាក់កណ្ដាលខែតុលាកន្លងទៅនេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជានៅសល់វ៉ាក់សាំងកូវីដ-១៩ចំនួនជាង៦លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈខ្លួនទទួលបានវ៉ាក់សាំងសរុបចំនួន៣៦លានដូស ចាក់ជូនប្រជាព​ល​រដ្ឋជាង១៣លាននាក់ ស្មើនឹងជាង៨៥ភាគរយនៃប្រជាពលរដ្ឋសរុបជាង១៦លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ