មេ​ប៉េអឹម​និង​មេ​ប៉េអឹម​រង​ក្រុង​ក្រចេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​ហិង្សា​ដោយ​ចេតនា​លើ​ក្មេង​ស្រី​២​នាក់

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងក្រចេះទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធីក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រី ២នាក់ ដែលជាអ្នក​បម្រើការ​ងារ​​នៅក្នុងផ្ទះ។

សមត្ថកិច្ច​ខេត្ត​ក្រចេះ កាលពីថ្ងៃទី​៣០ ខែតុលា ​បាន​ឃាត់ខ្លួន​មេប៉េអឹម​ក្រុង ឈ្មោះ ទេព ហ៊ុយ និង​គូកន ពាក់ព័ន្ធ​នឹង​ប្រើ​ហិង្សា​ទៅ​លើ​ក្មេង​ស្រី​ចំនួន​២​នាក់ ដែល​ជា​អ្នកធ្វើការនៅក្នុង​​​​​ផ្ទះរបស់ខ្លួន​ បណ្ដាល​ឱ្យ​រង​របួស ហើយត្រូវ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​។

ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ករណីមេប៉េអឹមប្រើហិង្សាលើកុមារនេះ ​ត្រូវបាន​បញ្ជូន​ទៅតុលាការហើយ តែលោកមិនបានបញ្ជាក់ថាបញ្ជូនទៅពេលណានោះទេ។

លោកថា៖ «ខាង​បញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត គេ​បញ្ជូន​ទៅ​តុ​លា​ការ​ហើយ​។ ចាំ​ទាក់​ទង​ទៅ​កាន់ខាង​មេ​បញ្ជាការ​កង​​រាជ​អា​វុធ​ហត្ថ​ខេត្ត ហើយ​ព្រះ​រាជ​អាជ្ញា​ទៅ។ (ករណីនេះ) ផុត​ពី​ខ្ញុំ​ហើយ»​។

ចំណែក អ្នកនាំពាក្យសាលាដំបូង​ខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ ថ្លែងថា សមត្ថកិច្ចបានបញ្ជូននីតិវិធីនៃករណីខាង​លើ​​មកដល់​អយ្យការហើយ ប៉ុន្តែមិនទាន់បញ្ជូនដល់ដៃតុលាការ​នៅឡើយ។

លោកស្រីថា៖ «នីតិ​វិធី​ខាង​នេះ​គាត់​បាន​បញ្ជូន​មក​ដល់​អយ្យការ​ហើយ​ ប៉ុន្តែ​អត់​ទាន់​បញ្ជូន​មក​ខាង​សាលា​ដំ​បូង​ទេ​! នៅ​អយ្យការ​​កំ​ពុង​តែ​ធ្វើ​ការ»​។​

វីអូឌី មិនអាចសុំការបកស្រាយពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា បូរ៉ាន់ឌី បានទេនៅថ្ងៃទី១ ខែវិច្ឆិកា​នេះ ដោយ​លោកប្រាប់ថាកំពុងជាប់រវល់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី ថ្លែង​ថា កាលណា មន្ត្រីអាវុធហត្ថ​ប្រព្រឹត្តបទ​ល្មើសបែបនេះ គឺត្រូវតែបង្ក្រាបដោយការអនុវត្តច្បាប់ មិនមែនវិន័យទេ​ ដោយសារការដាក់​វិន័យ ​សម្រាប់​តែ​អ្នក​ដែល​ធ្វើខុស​​​វិជ្ជាជីវៈកងទ័ពប៉ុណ្ណោះ។

លោក​បន្តថា៖ « ដោយ​សារ​​មាន​បញ្ហា​បែប​នេះ​កើត​ឡើង ​ក៏​យើង​យក​បញ្ហា​នេះ​យក​ទៅ​ធ្វើ​ការ​អប់​រំ​អា​វុធ​ហត្ថ​របស់​យើង​ដើម្បីឱ្យ​គាត់​ជ្រួត​ជ្រៀបថែមទៀត​ថា​ នេះ​ហើយ​ដែល​ជា​ការ​សិក្សា​រៀន​សូត្រ​ហើយ ​មាន​ឋានៈ​តួ​នាទី​ដល់​ប៉ុណ្ណឹង​ហើយ​ ដោយ​សារ​យក​ទោសៈ​មក​ប្រើ ​ដែល​ខឹង​ក្រេវ​ក្រោធមួយ​ភ្លែត​ហ្នឹង ​គឺ​អស់​ដំ​ណែងហើយ​ជាប់​គុក​ទៀត​»។

នាយករងអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អំពើហិង្សាបែបនេះ ជា​អំពើឃោរឃៅ អមនុស្សធម៌ទៅលើកុមារ ខណៈ​ពួកគេ​ទើបតែ​មាន​អាយុ ១២ឆ្នាំ។ លោកបន្ថែមថា បើនិយាយពីពលកម្មកុមារវិញនោះ ជនសង្ស័យ​កាន់តែមាន​កំហុសបន្ថែមទៀត ដោយ​សារកុមារីទាំង២នាក់ ជាអនីតិជនដែលត្រូវបានគេយក​មកធ្វើពលកម្មក្នុងផ្ទះ ហើយ​ករណីនេះ ក៏ជាទម្រង់ពលកម្មកុមារមួយ ដែលអាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

លោក អំ​ សំអាត មានប្រសាសន៍ថា៖ ​«ឋានៈ​គាត់​​ដល់ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​មួយ​ទាំង​មូលហើយ ចឹង​គាត់​ឆ្លង​កាត់​​ការ​រៀន​សូត្រ​ច្រើន ​មិនគួរ​ឡើយ​គាត់​យក​វិធី​ហិង្សា ​វិធីឃោរឃៅ អមនុស្ស​ធម៌​នេះមក​ប្រើ​ប្រាស់​ទេ សម័យ​នេះ​ទៅ​ហើយ​ វា​ហួសសម័យ ​វា​ជា​រឿង​មួយ​ដែល​គួរ​​ឱ្យ​អនោច​អធម​បំផុតចំពោះ​កុ​មារ»។

លោកថា បើមិនចាត់វិធានការឱ្យបានតឹងរ៉ឹងទេ នោះនឹងជះឥទ្ធិពលអាក្រក់ដល់សង្គម និងកងកម្លាំងផងដែរ។

ក្មេងស្រីដែលរងអំពើហិង្សាទាំង២នាក់នោះ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ  ​ ហើយត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើការងារ​នៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ដោយ​ក្នុងម្នាក់​ទទួលបានប្រាក់ខែ ១០០ដុល្លារក្នុង​ខែ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួន ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ និងគូកន។

ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយក្មេងស្រីរងអំពើហិង្សា បាននិយាយក្នុងវីដេអូឃ្លីបមួយរៀបរាប់ថា ដើមចមដែលនាំឱ្យ ឈ្មោះ ទេព ហ៊ុយ ប្រើហិង្សាបោចសក់ និងយកជើងម៉ា​វាយក្បាលកូននិងក្មួយរបស់ខ្លួនចំនួន២ជើងម៉ា ហើយកូនចៅលោកបានវាយលើកូនស្រីគាត់ចំនួន៣កំភ្លៀង ថែមទាំងបង្ខំឱ្យស៊ីលាមកឆ្កែ និងដេកឱប​ផ្នូរឆ្កែចំនួន១យប់ ដោយសារតែពួកគេធ្វើឱ្យកូនឆ្កែរបស់មន្ត្រីអាវុធហត្ថនោះ​​ងាប់។

ប្រភពដដែលបន្តថា ក្រោយពីប្រើអំពើហិង្សា លោក ហ៊ុយ ចង់​សម្របសម្រួលជាមួយគាត់ តែអ្នកស្រីមិនព្រមឡើយ ដោយថាទុកឱ្យច្បាប់ដោះស្រាយនិងចង់បានយុត្តិធម៌ជុំវិញរឿងនេះ។

អ្នកស្រីនិយាយថា«សូមឱ្យជួយរកយុត្តិធម៌ឱ្យកូននាងខ្ញុំ ឱ្យផ្តន្ទាទោសអ្នកប្រព្រឹត្តតាមច្បាប់ ព្រោះខ្ញុំជាជនក្រីក្រ ជាជនរងគ្រោះ ហើយខ្ញុំក៏មិនដឹងថាហេតុអីគេធ្វើបាបកូនខ្ញុំបែបហ្នឹងទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ