អាជ្ញាធរ​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​និង​កាណូត​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ

រថយន្តក្រុងរបស់សាលាក្រុងភ្នំពេញ ដែលដាក់ដំណើរការអោយពលរដ្ឋធ្វើដំណើរទៅខេត្តផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ (CITY Bus) បានដាក់ឱ្យ​ដំណើរ​​ឡើង​វិញនូវ​សេវាដឹកជញ្ជូន​រថយន្ត​ក្រុងសាធារណៈនិង​កាណូត​ឡើង​វិញ និងដោយ​ឥត​គិតថ្លៃរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ (CITY Bus) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឱ្យដឹងថា ការដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈឡើងវិញ ដោយចាប់ផ្ដើមដាក់ឱ្យសាកល្បងចំនួន៥ខ្សែ។

សេចក្ដីជូនដំណឹងដដែលបន្តថា ​ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ​ចំណតរថយន្តក្រុងវាលស្បូវ។ ខ្សែទី២ ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលកួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ខ្សែទី៣ ចេញពីចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ខ្សែទី៤ (៤A) ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី និងខ្សែទី៥ (៤B) ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។

ចំពោះដំណើរការដឹកជញ្ជូនតាមកាណូតវិញ នឹងចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការដាក់ឱ្យដំណើរការឡើងវិញនូវសេវា​ដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងកាណូតនេះ គឺនៅមួយថ្ងៃបន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យរបស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ