ក្រសួងមហាផ្ទៃ បានទទួលយកលិខិតស្នើសុំបង្កើត «គណបក្សអនាគតជាតិ» (គ.អ.ជ) របស់ លោក ឃឹម ឡាគី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានបង្គាប់ឱ្យស្ថាបនិកគណបក្សអនាគតជាតិ លោក ឃឹម ឡាគី រៀបចំសញ្ញាសម្គាល់ (Logo) របស់ខ្លួន បន្ទាប់ពីក្រសួងបានទទួលលិខិតស្នើសុំបង្កើតគណបក្សនេះរួចរាល់។
ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃបានស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។
លោក ឃឹម ឡាគី អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលខេត្តកណ្ដាល និងជាអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យសុំបង្កើត«គណបក្សអនាគតជាតិ»នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែតុលា បន្ទាប់ពីលោកបានទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីខែសីហា។
នៅក្នុងលិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែល វីអូឌី ទទួលបាននោះ លោក ឃឹម ឡាគី បានភ្ជាប់ជាមួយនូវចំនួនប្រជាពលរដ្ឋឯកភាពគាំទ្របង្កើតគណបក្សចំនួន៨០នាក់ និងបានបញ្ជាក់ពីទីតាំងស្នាក់ការកណ្ដាលរបស់គណបក្ស ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល៕